ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងមហាផ្ទៃ ច្រានចោល​ទាំងស្រុង ចំពោះ​គណនី​ចិន​មួយ​បង្ហោះ​ចោទប្រកាន់​នគរបាល​កម្ពុជា​ថា លក់​ព័ត៌មាន​ឱ្យ​ក្រុម​ឆបោក​តាម​អន​ឡាញ

18 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ នៃ​ក្រសួងមហាផ្ទៃ នៅ​ថ្ងៃ​ទី​០៥ ខែមីនា ឆ្នាំ​២០២៥​នេះ បាន​ប្រកាស​ច្រានចោល​ទាំងស្រុង ចំពោះ​ការ​លើក​ឡើង​របស់​គណនី​មួយ​ឈ្មោះ Tie…

រាជធានី​ភ្នំពេញ ៖ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ នៃ​ក្រសួងមហាផ្ទៃ នៅ​ថ្ងៃ​ទី​០៥ ខែមីនា ឆ្នាំ​២០២៥​នេះ បាន​ប្រកាស​ច្រានចោល​ទាំងស្រុង ចំពោះ​ការ​លើក​ឡើង​របស់​គណនី​មួយ​ឈ្មោះ Tie Xiao Jun ដែល​បាន​ផ្សព្វផ្សាយ​លើ​បណ្តាញ​សង្គម Weibo របស់​ចិន និង​សូម​សំណូមពរ​ដល់​សមត្ថកិច្ច​ចិន ជួយ​ស្រាវជ្រាវ និង​ចាត់វិធានការ​ចំពោះ​បុគ្គល​នេះ ដែល​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​កិត្តិយស និង​កិត្តិនាម​របស់​នគរបាល​ជាតិ​កម្ពុជា ។

គណៈ​បញ្ជាការ​ដឹកនាំ​ស្រាវជ្រាវ ស៊ើបអង្កេត និង​បង្ក្រាប​បទល្មើស​គ្រប់​ប្រភេទ នៃ​ក្រសួងមហាផ្ទៃ បាន​ជម្រាប​ជូន​ថា នៅ​ថ្ងៃ​ទី​០៣ ខែមីនា ឆ្នាំ​២០២៥ មាន​គណនី​បណ្តាញ​សង្គម Weibo របស់​ប្រទេស​ចិន មួយ​រូប​ឈ្មោះ Tie Xiao Jun បាន​ធ្វើការ​ផ្សព្វផ្សាយ​ដោយ​ចេតនា​ទុច្ចរិត ចោទប្រកាន់​មក​លើ​ស្ថាប័ន​នគរបាល​ជាតិ​កម្ពុជា បង្កើត​ឱ្យ​មានការ​ភ័ន្ត​ច្រឡំ​ដល់​មតិ​សាធារណៈ ជាតិ និង​អន្តរជាតិ យ៉ាងធ្ងន់ធ្ងរ និង​បង្ក​ឱ្យ​មានការ​ភ័យ​ខ្លាច​ដល់​ភ្ញៀវ​ទេសចរណ៍ និង​អ្នក​វិនិយោគទុន​បរទេស ។

ខ្លឹមសារ នៃ​ការ​ផ្សព្វផ្សាយ​នោះ មានការ​ចោទប្រកាន់​មក​លើ​នគរបាល​ជាតិ​កម្ពុជា ពាក់ព័ន្ធ​ថា បាន​លក់​ព័ត៌មាន​ទៅ​ឱ្យ​ក្រុម​ឧក្រិដ្ឋជន​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ ករណី​ពលរដ្ឋ​ចិន កំពុង​រង​គ្រោះ​ដោយ​ការ​ធ្វើ​ទារុណកម្ម​ក្នុង ទីតាំង​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ ដែល​រូបគេ (Tie Xiao Jun) ជា​អ្នក​ដើរ​ប្រមូល​ព័ត៌មាន​ពី​ពលរដ្ឋ​ចិន ដែល​កំពុងធ្វើការ​ក្នុង​ទីតាំង​អន​ឡាញ នៅ​កម្ពុជា​ដោយ​ផ្ទាល់ ។

គណៈ​បញ្ជាការ​ដឹកនាំ​ស្រាវជ្រាវ ស៊ើបអង្កេត និង​បង្ក្រាប​បទល្មើស​គ្រប់​ប្រភេទ នៃ​ក្រសួងមហាផ្ទៃ សូម​បញ្ជាក់​ថា ៖
១. ពុំ​មាន​ជនបរទេស​រង​គ្រោះ​ដូច​ការ​លើក​ឡើង ដោយ​សមត្ថកិច្ច​មិន​បាន​យកចិត្តទុកដាក់​ជួយ​អន្តរាគមន៍ ក្រោយ​ពេល​ទទួល​បាន​ព័ត៌មាន​នោះ​ឡើយ ។

២. ការ​ផ្សព្វផ្សាយ​ខាងលើ ផ្ទុយ​ពី​ស្ថានភាព​ជាក់ស្ដែង ដែល​សមត្ថកិច្ច​កម្ពុជា កំពុង​ខិតខំ​ប្រឹងប្រែង​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ ក៏​ដូច​ជា​កិច្ច​អន្តរាគមន៍​នានា តាម​សំណើ​របស់​ជនបរទេស ដែល​កំពុង​មាន​វត្តមាន ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ ជាក់ស្ដែង ក្នុង​ឆ្នាំ​២០២៤ និង​ដើមឆ្នាំ​២០២៥ សមត្ថកិច្ច​នគរបាល​កម្ពុជា បាន​ធ្វើការ​ស្រាវជ្រាវ តាម​សំណើសុំ​អន្តរាគមន៍​របស់​ជនបរទេស​ពី​គ្រប់​ប្រភព ដោយ​បាន​បើក​ប្រតិបត្តិការ​ស្វែងរក បាន​ចំនួន​១,៧៨៣​សំណើ រក​ឃើញ​ជនបរទេស ៣,៣០៤​នាក់​។ ក្នុង​នោះ​មាន​សំណើ​ចំនួន ១,៣៩៥​ករណី ជា​ករណី​ប្រឌិត​ព័ត៌មាន​ក្នុង​គោលបំណង លាឈប់​ពី​ការងារ​មុន​កិច្ចសន្យា (​ចំនួន​៦៧៣​សំណើ​) និង​ករណី​ជនបរទេស​ចូល​មក​កម្ពុជា ដោយ​ខុសច្បាប់ គ្មាន​លទ្ធភាព​ត្រឡប់ ទៅ​ប្រទេស​កំណើត​វិញ (​ចំនួន​៦៨៣​សំណើ​)…​។​ល​។ គួរ​កត់សម្គាល់​ផង​ដែរ​ថា មាន​សំណើ​ចំនួន​៣២​ករណី ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​បុគ្គល​មិន​ស្គាល់​អត្តសញ្ញាណ ហើយ​សាមីខ្លួន ក៏​មិន​បាន​ស្នើ​សុំ​នោះ​ដែរ​។ ក្រៅពី​នេះ សំណើ​ចំនួន ៣៧៣​ករណី​ផ្សេង​ទៀត មាន​ជនបរទេស​ចំនួន ៨១១​នាក់ មិន​ត្រូវ​បាន​រក​ឃើញ​ដោយ​មូលហេតុ បុគ្គល​ក្នុង​សំណូមពរ​អន្តរាគមន៍​បាន​លាឈប់​ពី​ការងារ និង​បាន​ចាក​ចេញពី​ទីតាំង (​ចំនួន​៣០៩​សំណើ​) និង​សំណើ​មិន​ពិតប្រាកដ គ្មាន​តម្រុយ​ច្បាស់លាស់ (​ចំនួន​៦៤​ករណី​) ។

៣. ក្រៅពី​ការ​ស្រាវជ្រាវ​តាម​សំណើ​ជនបរទេស ចាប់តាំងពី​ឆ្នាំ​២០២៤ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ សមត្ថកិច្ច​បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​ទីតាំង​អន​ឡាញ​ខុសច្បាប់ បាន​ចំនួន​១៨​ទីតាំង និង​បាន​ឃាត់ខ្លួន​ជនបរទេស ដើម្បី​បណ្តេញ​ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ចំនួន ៣,៧២៤​នាក់ មាន​ចំនួន ១៦​សញ្ញា​តិ ព្រមទាំង​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ បាន​ចំនួន ១៥​ករណី និង​ប​ញ្ចូ​ន​ខ្លួន​ជនសង្ស័យ​បាន​ចំនួន ៧៦​នាក់ ។

៤. តើ​ម្ចាស់​គណនី​បណ្តាញ​សង្គម Weibo ឈ្មោះ Tie Xiao Jun ជា​អ្នក​ណា ? តើ​អាច​ទៅ​រួច​ទេ ដែល​បុគ្គល​នេះ​អាច​ដើរ​ប្រមូល​ព័ត៌មាន​ដោយ​ផ្ទាល់ នៅ​តាម​ទីតាំង​អន​ឡាញ ខណៈ​ដែល​បុគ្គល​នេះ​ចោទប្រកាន់​ទីតាំង​ទាំងនោះ ជាទី​តាំង​ខុសច្បាប់ និង​មាន​ធ្វើ​ទារុណកម្ម លើ​បុគ្គលិក ? តើ​គាត់​អាច​ទំនាក់ទំនង​ជាមួយ​ជន​រង​គ្រោះ ដែល​គាត់​បាន​លើក​ឡើង​ដោយ​របៀប​ណា ? ហេតុ​អ្វី​ក៏​អ្នក​ទាំងនោះ​មិន​ទំនាក់ទំនង​ដោយ​ផ្ទាល់ មក​អាជ្ញាធរ​កម្ពុជា ខណៈ​ពេល​ដែល​យន្តការ នៃ​ការ​ទទួល​ព័ត៌មាន និង​សំណើសុំ​អន្តរាគមន៍​ត្រូវ​បាន​ដាក់ ឱ្យ​ប្រើ​យ៉ាង​ទូលំទូលាយ ?

គណៈ​បញ្ជាការ​ដឹកនាំ​ស្រាវជ្រាវ ស៊ើបអង្កេត និង​បង្ក្រាប​បទល្មើស​គ្រប់​ប្រភេទ នៃ​ក្រសួងមហាផ្ទៃ សូម​ប្រកាស​ច្រានចោល​ទាំងស្រុង​ចំពោះ​ការ​លើក​ឡើង​របស់​គណនី​បណ្តាញ​សង្គម Weibo ឈ្មោះ Tie Xiao Jun និង​សូម​សំណូមពរ​ដល់​សមត្ថកិច្ច​ចិន ជួយ​ស្រាវជ្រាវ និង​ចាត់វិធានការ​ចំពោះ​បុគ្គល​នេះ ដែល​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​កិត្តិយស និង​កិត្តិនាម របស់​នគរបាល​ជាតិ​កម្ពុជា ជា​ពិសេស​ប៉ះពាល់​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ក្រសួងមហាផ្ទៃ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន ក្រោម​យន្តការ​កិច្ចសហការ​អនុវត្ត​ច្បាប់​នា​ពេល​កន្លង​មក ។

ឆ្លៀត​ក្នុង​ឱកាស​នេះ គណៈ​បញ្ជាការ​ដឹកនាំ​ស្រាវជ្រាវ ស៊ើបអង្កេត និង​បង្ក្រាប​បទល្មើស​គ្រប់​ប្រភេទ នៃ​ក្រសួងមហាផ្ទៃ សូម​អំពាវនាវ​ដល់​សាធារណ​ជនជាតិ និង​អន្តរជាតិ សូម​ប្រុង​ប្រយ័ត្ន​ចំពោះ​ព័ត៌មាន​ក្លែងក្លាយ និង​ជៀសវាង​ចូលរួម​ចែករំលែក​ព័ត៌មាន​ក្លែងក្លាយ​ដោយ​ខ្វះ​ការ​ទទួលខុសត្រូវ​។ ម្យ៉ាងវិញទៀត សមត្ថកិច្ច​រីករាយ ស្វាគមន៍ ចំពោះ​ការ​ចូលរួម​ផ្ដល់​ព័ត៌មាន​ដែល​ត្រឹមត្រូវ ឈាន​ដល់​ការ​អន្តរាគមន៍​ជួយ សង្គ្រោះ​បាន​ទាន់​ពេលវេលា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ