រាជធានីភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងប្រាប់ក្រុមអ្នកចម្រៀងរ៉េបថា មិនត្រូវរ៉េបដោយប្រើប្រាស់ពាក្យជេរប្រមាថ ដូចបរទេសអាមេរិកនោះទេ គឺត្រូវរក្សាភាពថ្លៃថ្នូររបស់ខ្មែរ ។
ក្នុងពិធីអបអរសាទរទិវាវប្បធម៌ជាតិ ៣ មីនា លើកទី២៧ និងសំណេះសំណាលពិសាអាហារសាមគ្គីជាមួយសិល្បករ សិល្បការិនី នាល្ងាចថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ នៅសាលសន្និបាតកោះពេជ្រ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យបញ្ចប់ «បទចម្រៀងរ៉េប» បែបជេរ ប្រមាថគ្នា ដោយរក្សាភាពថ្លៃថ្នូរ ក៏ល្បីដែរ ។

សម្ដេចមហាបវរធិបតី បានបញ្ជាក់ថា ៖«មិចចាំបាច់ថា រ៉េប ទាល់តែជេរដូចអាមេរិក បានល្បីនោះទេ រក្សាភាពថ្លៃថ្នូរគោរពគ្នាក៏ល្បីដែរ ។ ប្អូនៗ ខ្ញុំឃើញគាត់ល្បី ហើយគាត់ល្បីតាំងពីមុនគាត់ តែបទមានពាក្យជេរ ចឹង បើសិនជាយើងធ្វើហើយជោគជ័យហើយ ដោយភាពថ្លៃថ្នូរ រក្សាវប្បធម៌របស់យើងបានល្បីហើយ យើងមិនចាំបាច់ចម្លងពីគេនោះទេ» ។ សម្ដេចមហាបវរធិបតី បន្ដថា ក្រុមអ្នកចម្រៀងរ៉េបក៏ត្រូវរួមគ្នាថែរក្សាអត្តសញ្ញារបស់ជាតិខ្មែរ ហើយត្រូវអភិវឌ្ឍតាមបែបបទខ្មែរ ។ សម្ដេច សង្ឃឹមថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនឹងជួយណែនាំដល់អ្នកចម្រៀងរ៉េប ហើយកុំរំពឹងទៅលើតែក្រសួងស្ថាប័ន គឺត្រូវរួមគ្នា ។

លើសពីនេះ សម្ដេចនាយករដ្ឋមន្ដ្រី បានថ្លែងអំណរគុណប្រជាពលរដ្ឋ ដែលបានចេញមកជួយឈឺឆ្អាល ចំពោះការលើសលួសអ្វីមួយនៅតាមបណ្ដាញសង្គមផងដែរ ។ ជាមួយគ្នានោះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការប្រារព្ធទិវាវប្បធម៌ជាតិជារៀងរាលឆ្នាំក៏ជាព្រឹត្តិការណ៍ពញ្ញាក់អារម្មណ៍ និងការបំផុសឱ្យជនរួមជាតិគ្រប់រូបទាំងក្នុង និងក្រៅប្រទេស រួមគ្នាការពារ ថែរក្សា និងលើកស្ទួយវប្បធម៌ប្រពៃណីជាតិ ក្នុងស្មារតី «ទាំងអស់គ្នា ដើម្បីវប្បធម៌ជាតិ វប្បធម៌ជាតិ ដើម្បីទាំងអស់គ្នា» ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រម្លឹកថា ជាការពិតប្រទេសកម្ពុជាបានកកើតឡើងជាមួយនឹងប្រវត្តិសាស្ត្រសិល្បៈ វប្បធម៌ អរិយធម៌ ប្រពៃណី ទំនៀមទម្លាប់ដ៏យូរលង់ និងច្បាស់លាស់ ដែលមកទល់បច្ចុប្បន្ន សិល្បៈ វប្បធម៌ បេតិកភណ្ឌ ទាំងរូបិយ និងអរូបិយសម្បូរបែបត្រូវបានបង្កើត និងថែរក្សាការពារ ដោយបុព្វបុរសគ្រប់ជំនាន់ គឺជាសក្ខីភាព និងបានក្លាយជាអត្តសញ្ញាណដ៏ថ្លៃថ្លារបស់ជាតិ និងប្រជាជន ។

ក្នុងនោះ សម្តេចមហាបវរធិបតី ឱ្យគ្រប់គ្នាត្រូវដឹងថា កិច្ចការបន្តវេនថែរក្សា ការពារ និងអភិវឌ្ឍន៍ បានក្លាយជាកាតព្វកិច្ចរបស់កូនខ្មែរគ្រប់ៗរូប ហើយបច្ចុប្បន្នភារកិច្ចនេះមិនត្រឹមតែផ្តោតគោលដៅការពារអត្តសញ្ញាណជាតិមួយមុខប៉ុណ្ណោះទេ ប៉ុន្តែថែមជាកិច្ចខិតខំបង្វែរទិសបន្ថែមដល់វិស័យសិល្បៈវប្បធម៌ ក្នុងការចូលរួមដោយផ្ទាល់ និងដោយប្រយោលដល់កំណើនសេដ្ឋកិច្ច និងទ្រទ្រង់ជីវភាពប្រជាជនតាមរយៈការកសាងជំនាញបន្តវេន បង្កបង្កើតការងារ និងតាមរយៈការរីកចម្រើននៃវិស័យឧស្សាហកម្ម-វប្បធម៌ ។
សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រីក៏បានគូសថា ៖«ឆ្នាំនេះ គឺជាឆ្នាំទី១០ ដែលរាជរដ្ឋាភិបាលកម្ពុជា បានបន្តរៀបចំ ទិវាវប្បធម៌ជាតិ ក្រោមប្រធានបទតែមួយ គឺ «យុវជន ដើម្បីវប្បធម៌ជាតិ»នេះក៏ដោយសារតែវិសាលភាពដ៏ធំនៃវិស័យសិល្បៈ វប្បធម៌ ការពង្រឹងថែរក្សា និងអភិវឌ្ឍន៍គ្មានដែនកំណត់ជាកាតព្វកិច្ចរបស់យុវជនបន្តវេនក៏ដូចជា វិស័យដែលងាយទទួលរងហានិភ័យដែលកើតចេញពីការកើនឡើងនៃសាកលភាវូបនីយកម្មសិល្បៈ វប្បធម៌ ទាំងក្នុងតំបន់ និងពិភពលោក ព្រមទាំងពីស្ថានភាព ដែលបច្ចេកវិទ្យា បាន និងកំពុងប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងសេដ្ឋកិច្ចសង្គម និងនយោបាយ» ៕
ចែករំលែកព័តមាននេះ