ខេព្រៃវែង ៖ រថយន្តយីឌុបដឹកស្រូវមួយគ្រឿង បានបោលបុកចូលផ្ទះវីងវេលុយយីហោ ពៅ សុខជា នៅកែងផ្សារកំពង់សឹង្ហ បង្កឲ្យមានការភ្ញាក់ផ្អើល និងកកស្ទះចរាចរណ៍ទាំងព្រឹកតែម្ដង ។ គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៩ព្រឹក ថ្ងៃទី០៦ មីនានេះ នៅលើកំណត់ផ្លូវជាតិលេខមួយ ត្រង់ចំណុចកែងផ្សារកំពង់សឹង្ហ ដែលស្ថិតក្នុងឃុំកំពង់សឹង្ហ ស្រុកព្រះស្ដេច ខេត្តព្រៃវែង។

រថយន្តបង្កជាប្រភេទរថយន្តយីឌុបភ្លៅ៥ ពាក់ស្លាកលេខ កំពង់ធំ 3A 1086 ធ្វើដំណើរក្នុងទិសដៅពីរលិចទៅកើត គោលដៅដឹកស្រូវយកទៅលក់ នៅច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី ។
ប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុ បានអោយដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តបង្កធ្វើដំណើរមកពីទិសខាងលិច ឆ្ពោះទៅកើតដោយនៅខាងមុខរថយន្ត មានរថយន្តតូចមួយគ្រឿងទៀត ប៉ុន្តែពេលមកដល់កន្លែងកើតហើយ រថយន្តតូចដែលនៅខាងមុខ បានស៊ីញ៉ូឈប់ចតនៅខាងស្ដាំដៃទើបរថយន្តយីឌុបដែលនៅខាង ក្រោយបានបួងចង្កូតចេញក្បាលមកខាងឆ្វេង ដើម្បីជៀសរថយន្តតូចនោះ ប៉ុន្តែពេលពួងចង្កូតផុតហើយ បែរជារថយន្តមិនអាចគ្រប់គ្រងបាន ហើយបានជ្រុលបុកចូលចំផ្ទះវីង ដែលនៅកែងចិញ្ចើមផ្លូវធ្វើឲ្យមនុស្សចំនួន ៣នាក់ដែលកំពុងអង្គុយនៅក្នុងផ្ទះផ្អើលស្ទុះរត់ចែកជើងគ្នាទាំងព្រលឹងចុងសក់។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មូលហេតុដែលបណ្ដាលឲ្យមានគ្រោះថ្នាក់នេះកើតឡើង គឺសង្ស័យមកពីរថយន្តដាច់ហ្វ្រាំង ហើយភ្លាមៗទំនងជាអ្នកបើកបរភ័យស្លន់ស្លោពេក មិនអាចគ្រប់គ្រងរថយន្តបាន ទើបបណ្ដាលឲ្យមានគ្រោះថ្នាក់បែបនេះ ។
សមត្ថកិច្ចបានបញ្ជាក់ថា ផ្ទះវីងយីហោ ពៅ សុខជា នេះកាលពីឆ្នាំទៅ ធ្លាប់ត្រូវបានរថយន្តមួយគ្រឿងបោលបុកចូលម្ដងរួចមកហើយ ដោយកាលនោះមិនបានបណ្ដាលឲ្យមាននរណាម្នាក់រងគ្រោះថ្នាក់នោះទេ ហើយនៅលើកទីពីរនេះ ក៏ពុំបានបណ្ដាលឱ្យមានអ្នករងគ្រោះថ្នាក់ដែរ ដោយគ្រាន់តែខូចខាតទ្រព្យសម្បត្តិនៅក្នុងផ្ទះប៉ុណ្ណោះ ៕
ចែករំលែកព័តមាននេះ