ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ចំណាស់​ម្នាក់ ​ច្រឡំ​ហ្គា​រថា​ហ្វ្រាំង ​បោះពួយ​រថយន្ត​កាម​រី​បា​ឡែ​ន ​បុក​រះ​យានយន្ត​៥​គ្រឿង​ ​កំពុង​ឈប់​ភ្លើងស្តុប

2 ខែ មុន

រាជធានីភ្នំពេញ​ ៖ បុរស​ម្នាក់​ចំណាស់​ម្នាក់ បាន​បើកបរ​រថយន្ត​ម៉ាក​កាម​រី​បា​ឡែ​ន ​១​គ្រឿង ក្នុង​ល្បឿន​លឿន ហើយ​ខណៈ​ពេល​ទៅ​ដល់​ចំណុច​ភ្លើងស្តុប ​លោត​ព​ណ៌​ក្រហម យានយន្ត​ដទៃ​បាន​ឈប់​រង់ចាំ​ភ្លើងស្តុប​ត្រៀបត្រា ប្លែក​តែ​រូប​គាត់​ប៉ុណ្ណោះ…

រាជធានីភ្នំពេញ​ ៖ បុរស​ម្នាក់​ចំណាស់​ម្នាក់ បាន​បើកបរ​រថយន្ត​ម៉ាក​កាម​រី​បា​ឡែ​ន ​១​គ្រឿង ក្នុង​ល្បឿន​លឿន ហើយ​ខណៈ​ពេល​ទៅ​ដល់​ចំណុច​ភ្លើងស្តុប ​លោត​ព​ណ៌​ក្រហម យានយន្ត​ដទៃ​បាន​ឈប់​រង់ចាំ​ភ្លើងស្តុប​ត្រៀបត្រា ប្លែក​តែ​រូប​គាត់​ប៉ុណ្ណោះ ដែល​អត់​បាន​បន្ថយល្បឿន ឬក៏​ឈប់​ដូច​គេ​ឡើយ។ គាត់​នៅ​តែ​បើករថយន្ត​ឆ្ពោះទៅ​មុខ​លឿន​ស្លេវ រួច​ក៏​បាន​ជ្រុល​ទៅ​បុក​រះ​រថយន្ត​ចំនួន​៣​គ្រឿង ម៉ូតូ​កង់​បី​ ១​គ្រឿង និង​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​ដឹក​ទំនិញ ​១​គ្រឿង បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​ជា​បន្តបន្ទាប់ ហើយ​រថយន្ត​របស់​គាត់​ក៏​រង​ការ​ខូចខាត​ដែរ​ ប៉ុន្តែ​សំណាងល្អ​គ្មាន​នរណា​ម្នាក់​រង​របួស​ឡើយ ។

ក្រោយ​ពី​ជួប​ឧប្បត្តិហេតុ​បែប​នេះ​ បុរស​អ្នកបើកបរ​រថយន្ត​កាម​រី​បា​ឡែ​ន​នោះ ​បាន​និយាយ​ប្រាប់​អ្នក​នៅ​កន្លែង​កើតហេតុ​នោះ​ថា គាត់​មាន​ជំងឺ​ប្រចាំ​កាយ ហើយ​ពេល​បើករថយន្ត​ ទៅ​ដល់​ចំណុច​ភ្លើងស្តុប​ព​ណ៌​ក្រហម​ គិត​ថា​ ជាន់​ហ្វ្រាំ​ឈប់​ដែរ ប៉ុន្តែ​បែរជា​ច្រឡំ​ជាន់​ហ្គា​រ​ស្មានថា​ ហ្វ្រាំង​ទៅ​វិញ ​ទើប​មានរឿង​ស្មាន​មិន​ដល់​បែប​នេះ​ តែ​ម្ដង ។

ឧប្បត្តិ​ហេតុនេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៥ ខែមីនា ឆ្នាំ​២០២៥ នៅ​តាម​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី ត្រង់​ចំណុច​ភ្លើងស្តុប​ មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ស្ថិត​នៅ​ក្នុងភូមិ​ក្បាលដំរី​១ សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

រថយន្ត​ម៉ាក​កាម​រី​បា​ឡែ​ន ខាងលើ​នោះ​ ព​ណ៌​ទឹកប្រាក់​ ពាក់​ស្លាក​លេខ​ភ្នំពេញ ​2O-8080 បើកបរ​ដោយ​បុរស​ចំណាស់​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ បាន​បុក​រះ​ទៅ​លើ​យានយន្ត​ ចំនួន​៥​គ្រឿង​ទៀត ​ដែល​កំពុង​ឈប់​រង់ចាំ​ភ្លើងស្តុប​ខាងលើ ។

ក្នុង​នោះ​ រួម​មាន​រថយន្ត​ម៉ាក​ម៊ែ​ក​សឺ​ដែ​ស ព​ណ៍​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 2BI-6618 ១​គ្រឿង ។ ម៉ូតូ​កង់​បី​ ព​ណ៍​លឿង ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1GM-1456 ១​គ្រឿង ។ រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ ព​ណ៍​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ 2CG-9386 ១​គ្រឿង​។ ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​ដឹក​អី​វាន់ ​១​គ្រឿង និង​រថយន្ត​ម៉ាក​តូ​យ៉ូ​តា​ព្រូ​ស ព​ណ៍​ទឹកប្រាក់​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2AR-1541 ១​គ្រឿង ។

ប្រជាពលរដ្ឋ​ បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ ខណៈ​ដែល​យានយន្ត​ទាំង​៥​គ្រឿង ​ខាងលើ ​កំពុង​ឈប់​រង់ចាំ​ភ្លើងស្តុប​ លោត​ព​ណ៍​ខៀវ​ ដើម្បី​បាន​បន្តដំណើរ​ទៅ​មុខ​ទៀត​នោះ ស្រាប់តែ​ឃើញ​រថយន្ត​ម៉ាក​កាម​រី​បា​ឡែ​ន​ខាងលើ ធ្វើ​ដំណើរ​តាម​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី បោះពួយ​ក្នុង​ល្បឿន​លឿន ​ពី​កើត​ទៅ​លិច។ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ អត់​ឈប់​គោរព​ភ្លើងស្តុប​នោះ​ទេ រថយន្ត​នេះ​នៅ​តែ​មាន​ល្បឿន​លឿន​ដដែល ហើយ​ក៏​បាន​ជ្រុល​ទៅ​បុក​រះ​ពី​ចំហៀង​ខាងឆ្វេង​យានយន្ត​ទាំង​៥​គ្រឿង​នោះ​ជា​បន្តបន្ទាប់ បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​ទាំងអស់​គ្នា ទើប​ឈប់​ស្ងៀម ។

ប្រភព​ដដែល ​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា រថយន្ត​កាម​រី​បា​ឡែ​ន ​ខូចខាត​ចង្កៀង​មុខ​១​ចំហៀង ខណៈ​ដែល​រថយន្ត និង​ម៉ូតូ​កង់​បី ព្រមទាំង​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​សរុប ​៥​គ្រឿង​ទៀត ​ខ្លះ​ខូចខាត​ចំហៀង​ខាងឆ្វេង និង​ខ្លះ​ទៀត​ខូច​ទាំង​ចំហៀង​ផង ​និង​ពីក្រោយ​ផង​ដែរ ។ ចំណែក​រថយន្ត​ម៉ាក​តូ​យ៉ូ​តា​ព្រូស ​បាន​ដែល​កំពុង​ឈប់​នៅ​ខាង​មុខ​គេ​បង្អស់​នោះ ​រង​ការ​បុក​ពី​រថយន្ត​ម៉ាក​កាម​រី​បា​ឡែ​ន​នោះ​ផង និង​ត្រូវ​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​ខ្ទាត​ជ្រុល​ទៅ​បុក​ផ្ទប់​ពីក្រោយ​ថែម​១​តង់​ថែម​ទៀត​ផង ។

ក្រោយ​ពេល​កើតហេតុ​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ចុះ​ទៅ​ធ្វើការ​វាស់វែង និង​នាំ​យក​យានយន្ត​ទាំងអស់​ចេញពី​ផ្លូវ ដើម្បី​កុំ​ឲ្យ​កកស្ទះ​ ព្រោះ​ចំណុច​នោះ​មាន​ចរាចរ​មមាញឹក​ខ្លាំង​ណាស់ បន្ទាប់​មក​បាន​ឲ្យ​ភាគី​ទាំងអស់​សម្របសម្រួល​គ្នា​បញ្ចប់រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ