ប្រទេសចិន ៖ ចិនប្រកាសនៅថ្ងៃទី៥ មីនា ថា នឹងរក្សាកំណើនសេដ្ឋកិច្ចប្រមាណ៥% ក្នុងឆ្នាំ២០២៥នេះ ទោះជាត្រូវប្រឈមមុខនឹងសង្គ្រាមពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក និងការលំបាកខាងសេដ្ឋកិច្ចក្នុងប្រទេសនៅតែមានក្ដី។
ការប្រកាសនោះធ្វើឡើងដោយនាយករដ្ឋមន្ត្រីលោកLI QIANG ពេលបើកសម័យប្រជុំប្រចាំឆ្នាំរបស់សភាប្រជាជនចិននៅក្រុងប៉េកាំង។ សេដ្ឋកិច្ចចិនជួបប្រទះវិបត្តិផ្នែកអចលនទ្រព្យដែលមិនទាន់អាចដោះខ្លួនរួចនៅឡើយ ហើយអត្រាយុវជនគ្មានការងារធ្វើមានខ្ពស់។
ទោះបីយ៉ាងនេះក្ដី លោកLI QIANG ប្រកាសពីទិសដៅកំណើនសេដ្ឋកិច្ចប្រមាណជា៥% សម្រាប់ឆាំ្ន២០២៥ ជាទិសដៅមួយដូចគ្នានឹងកាលពីឆ្នាំទៅមិញ និងដោយសារការសម្លឹងឃើញរបស់បណ្ដាអ្នកឯកទេស ព្រមទាំងកំណត់អតិផរណា២%។
នាយករដ្ឋមន្ត្រីចិនប្រកាសម្យ៉ាងទៀត ពីការបង្កើនឱនភាពថវិកា១%នៃផលទុនជាតិសរុបក្នុងឆ្នាំ២០២៥ គឺ៤%ដែលមានទឹកប្រាក់សរុបប្រមាណជា៥.៦៦០ពាន់លានយន់ ប្រមាណជា៧៣៤ពាន់លានអឺរ៉ូ។ ក្រុងប៉េកាំងគ្រោងបង្កើតការងារក្នុងក្រុងឲ្យបាន១២លានក្នុងឆ្នាំ២០២៥៕
ចែករំលែកព័តមាននេះ