ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ចិន​កំពុង​តាម​រក​អ្នក​រត់​ម៉ា​រ៉ា​តុង​រាប់រយ​នាក់ ដែល​ប.ត់ជើងតូ.ច​នៅ​ទី​សាធារណៈ

5 ថ្ងៃ មុន

ប្រទេស​ចិន ៖ អ្នកចូលរួម​រត់​ម៉ា​រ៉ា​តុង​រាប់រយ​នាក់ នៅ​ឯ​ព្រឹត្តិការណ៍ Suzhou Marathon ឆ្នាំ ២០២៥ នៅ​ក្នុង​ប្រទេស​ចិន កំពុង​តែ​ស្ថិត​ក្រោម​ការ​ស៊ើបអង្កេត​ពាក់ព័ន្ធ​រឿង​បត់ជើងតូច​នៅ​ទី​សាធារណៈ…

ប្រទេស​ចិន ៖ អ្នកចូលរួម​រត់​ម៉ា​រ៉ា​តុង​រាប់រយ​នាក់ នៅ​ឯ​ព្រឹត្តិការណ៍ Suzhou Marathon ឆ្នាំ ២០២៥ នៅ​ក្នុង​ប្រទេស​ចិន កំពុង​តែ​ស្ថិត​ក្រោម​ការ​ស៊ើបអង្កេត​ពាក់ព័ន្ធ​រឿង​បត់ជើងតូច​នៅ​ទី​សាធារណៈ រួម​ទាំង​លើ​ផ្លា​ក​ឈ្មោះ​សាលារៀន ដើម​ផ្កា និង​សួនច្បារ​នៅ​តាម​ដងផ្លូវ​។

រូបថត​ជា​ច្រើន​ត្រូវ​បាន​ចែកចាយ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​យក្ស​ចិន Weibo បង្ហាញ​អំពី​អ្នក​រត់​មួយ​ក្រុម​កំពុង​បត់ជើងតូច​លើ​ផ្លា​ក​ឈ្មោះ​សាលារៀន​មួយ នៅ​ជិត​បន្ទាត់​ចាប់ផ្តើម​កា​រត់​។ បុគ្គលិក​សាលា​បាន​បញ្ជាក់​ពី​ហេតុការណ៍​នេះ ហើយ​បាន​និយាយ​ថា ពួក​គេ​នឹង​រាយការណ៍​ទៅ​កាន់​អាជ្ញាធរ​។ រូប​មួយទៀត​ថត​ជាប់​អ្នក​រត់​៣​នាក់ កំពុង​បត់ជើងតូច​លើ​ដើម​ផ្កា ខណៈ​ដែល​ដើរ​ត្រឹមតែ​មួយ​ជំហាន​ប៉ុណ្ណោះ ដល់​បង្គន់​ចល័ត​មួយ​នៅ​ជិត​នោះ ដែល​គណៈកម្មការ​រៀបចំ​បង្គន់​ចល័ត​រាប់រយ​នៅ​តាម​ផ្លូវ​។

ទ​ង្វើ​អ​សីលធម៌​ទាំងនេះ ទទួល​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​លើ​បណ្តាញ​សង្គម ដោយ​មតិ​ភាគ​លើក​ឡើង​មិន​ខុស​គ្នា​ថា តើ​បន្ទាន់​ពេក ឬ​ខ្វះ​ការ​យល់​ដឹង​ជា​សាធារណៈ និង​បាន​អំពាវនាវ​ឱ្យ​មានការ​ផាកពិន័យ ឬ​ដាក់​បម្រាម​ធ្ងន់ធ្ងរ​ផង​ដែរ​។ នៅ​ទីក្រុង​ស៊ូ​ចូ​វ (Suzhou) ភាគ​ខាងត្បូង​ខេត្ត​ជាំ​ង​ស៊ូ (​ជាំ​ង​ស៊ូ​) ការ​បត់ជើងតូច​ជា​សាធារណៈ​គឺ​ខុសច្បាប់ ហើយ​ត្រូវ​ផ្តន្ទា​ទោសពិន័យ​ជា​ប្រាក់​ចំនួន​១​ពាន់​យន់ ឬ ១៣៧​ដុល្លារ​អា​មេ​រិ​ក​។

ការិយាល័យ​កីឡា​ក្រុង និង​អ្នក​រៀបចំ​បាន​បើក​ការ​ស៊ើបអង្កេត ដោយ​ពិនិត្យ​មើលរូប​ភាព​ពី​កាមេរ៉ា​សុវត្ថិភាព និង​ភស្តុ​តាង​ផ្សេង​ទៀត​ពី​បណ្តាញ​សង្គម ដើម្បី​កំណត់​អត្តសញ្ញាណ​អ្នក​បំពាន​។ ក្នុង​សេចក្តីថ្លែងការណ៍​មួយ អាជ្ញាធរ និង​អ្នក​រៀបចំ​បាន​ថ្កោលទោស​យ៉ាង​ខ្លាំង​ចំពោះ​អាកប្បកិរិយា​នេះ និង​បាន​ជំរុញ​ឱ្យ​សាធារណជន​ផ្តល់​រូបថត និង​វី​ដេ​អូ​បន្ថែម​ទៀត​។ សេចក្ដីថ្លែងការណ៍​បាន​សរសេរ​ថា «​យើង​បាន​ជូនដំណឹង​ដល់​នាយកដ្ឋាន​ពាក់ព័ន្ធ និង​ចាប់ផ្តើម​ការ​ស៊ើបអង្កេត​។ យើង​មាន​បំណង​អនុ​វត្តបទ​ប្បញ្ញត្តិ​កាន់តែ​តឹងរ៉ឹង និង​បង្កើន​ការ​ត្រួតពិនិត្យ ដើម្បី​លើកកម្ពស់​វប្បធម៌​ការ​គោរព​ក្នុង​ជាតិ​សាសន៍​របស់​នា​ពេល​អនាគត​»​។

ការ​បត់ជើងតូច​ជា​សាធារណៈ អំឡុង​ព្រឹត្តិការណ៍​រត់​ធំ​ៗ មិនមែន​ជា​បញ្ហា​ថ្មី​ក្នុង​ប្រទេស​ចិន​នោះ​ទេ​។ ភាព​ចម្រូងចម្រាស​ស្រ​ដៀង​គ្នា​នេះ បាន​កើតឡើង​អំឡុង​ព្រឹត្តិការណ៍​រត់​ម៉ា​រ៉ា​តុង​ទីក្រុង​ប៉េ​កាំ​ង​ឆ្នាំ ២០១៣ (Beijing Marathon 2013) នៅ​ពេល​បង្គន់​អនាម័យ​មិន​គ្រប់គ្រាន់ ជា​ហេតុ​នាំ​ជញ្ជាំង​សាធារណៈ​ជា​ច្រើន​កន្លែង​ពោរពេញ​ដោយ​ដាម​ទឹកនោម​។ ចាប់តាំងពី​ពេល​នោះ​មក អ្នក​រៀបចំ​ព្រឹត្តិការណ៍​រត់​ម៉ា​រ៉ា​តុង​បាន​បន្ថែមចំនួន​បង្គន់​ចល័ត នៅ​តាម​ដងផ្លូវ​រត់​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ ការ​បត់ជើងតូច​តាម​ទី​សាធារណៈ​ពី​អ្នកចូលរួម​រត់​នៅ​តែ​បន្ត​ឃើញ​ដដែល​ជា​ដដែល​។

សូម​ជម្រាប​ថា ព្រឹត្តិការណ៍ Suzhou Marathon គឺជា​ការ​រត់​ម៉ា​រ៉ា​តុង​ប្រចាំឆ្នាំ​ដ៏​ធំ​បំផុត​មួយ​របស់​ប្រទេស​ចិន ដែល​ត្រូវ​បាន​បញ្ជាក់​ជា​ផ្លូវការ​ដោយ​សហព័ន្ធ​អត្តពលកម្ម​ចិន និង​រៀបចំ​ដោយ​រដ្ឋាភិបាល​ក្នុង​តំបន់ ខណៈ​ដែល​ព្រឹត្តិការណ៍​នៅ​ឆ្នាំ​នេះ បាន​ទាក់ទាញ​អ្នក​ចុះ​ឈ្មោះរ​ត់ប​ម្រា​ណ​ជាង ១៦០,០០០​នាក់​ឯណោះ​៕ ដកស្រង់ ៖ VnExpress

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ