ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ខ្មែរ​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​ជំងឺ​បួន ដែល​សាហាវ ហើយ​ផ្ទុះ​កំណើន​ខ្លាំង​បំផុត​នៅ​កម្ពុជា​យើង ។ ជំងឺ​ទាំងនោះ គឺ​ជំងឺ​ទឹកនោមផ្អែម មហារីក ជំងឺផ្លូវចិត្ត និង សម្ពាធ​ឈាម​ខ្ពស់…

ពលរដ្ឋ​ខ្មែរ​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​ជំងឺ​បួន ដែល​សាហាវ ហើយ​ផ្ទុះ​កំណើន​ខ្លាំង​បំផុត​នៅ​កម្ពុជា​យើង ។ ជំងឺ​ទាំងនោះ គឺ​ជំងឺ​ទឹកនោមផ្អែម មហារីក ជំងឺផ្លូវចិត្ត និង សម្ពាធ​ឈាម​ខ្ពស់ ។

ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន ស្តី​ពី​សន្និបាត​សុខាភិបាល លើក​ទី​៤៤ លោក​វេជ្ជបណ្ឌិត ឡូ វាស​នាគី​រី រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល បាន​និយាយ​ថា ជំងឺ​ដែល​មិន​ឆ្លង​ទាំងនេះ មាន​កំណើន​គួរ​ឲ្យ​បារម្ភ​មែនទែន ។ លោក​បាន​ឲ្យ​ដឹង​ថា កាលពី​ឆ្នាំ​២០២៤ បើ​តាម​ការ​កត់ត្រា​ករណី​ជំងឺ​ទឹកនោមផ្អែម​ថ្មី សរុប​មាន​ចំនួន​រហូត​ដល់​ទៅ​២៣០.២៧៩ ត្រូវ​បាន​ធ្វើ​រោគវិនិច្ឆ័យ​ដោយ​កើនឡើង​ដល់​ទៅ​៥៩​ភាគរយ​ឯណោះ ។

ដោយឡែក ជំងឺមហារីក​វិញ អ្នកជំងឺ​ចំនួន​៣១.៥១៨​នាក់​បាន​ទទួល​ការ​ព្យាបាល នៅ​មន្ទីរពេទ្យ កាលពី​ឆ្នាំ​មុន​កើនឡើង​រហូត​ដល់​ទៅ​៨៧,៤២ ភាគរយ ហើយ​អ្នក​ស្លា​.​ប់​មាន​រហូត​ដល់​ចំនួន​១២៧​នាក់ ត្រូវ​បាន​កត់​ត្រាទុក ។

លោក​វេជ្ជបណ្ឌិត បាន​និយាយ​ថា ប្រភេទ​មហារីក​ទូទៅ​បំផុត គឺ​មហារីក​សុដន់​ដែល​មាន​ចំនួន​២០,៤​ភាគរយ​នៃ​ករណី​ទាំងអស់ ហើយ​មហារីក​មាត់ស្បូន​មាន​ចំនួន​១១,៥​ភាគរយ ។

ដោយឡែក​សម្រាប់​ករណី​នៃ​ជំងឺផ្លូវចិត្ត​វិញ លោក​វេជ្ជបណ្ឌិត បាន​កត់ត្រា​ប្រមាណ​ជា​២៨២.៦១៥ នាក់ កាលពី​ឆ្នាំ​មុន​កើនឡើង​ដល់​ទៅ​១៩៧,៨ ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​មុន ។ លោក​វេជ្ជបណ្ឌិត ក៏​បាន​បន្ថែម​ថា ជំងឺលើសឈាម​ក៏​កំពុង​កើនឡើង​ផង​ដែរ ដោយ​មាន​ករណី​ចំនួន​៤០១.៩៣៦​នាក់ ត្រូវ​បាន​រាយការណ៍ កាលពី​ឆ្នាំ​មុន កើនឡើង​២១,៤ ភាគរយ ។

ដោយឡែក​ករណី​ជំងឺឆ្លង​ដូច​ជា មេរោគ​អេ​ដស៍​ក៏​មានការ​កើនឡើង​ដែរ នៅ​ឆ្នាំ​២០២៤ ។ ចំនួន​អ្នក​ផ្ទុកមេរោគ​អេ​ដស៍ ដែល​បាន​ទទួល​ថ្នាំ​ប្រឆាំង​មេរោគ​អេ​ដស៍​បាន​កើនឡើង​ដល់​៦៩.៦៩៤​នាក់ កាលពី​ឆ្នាំ​មុន ពោល គឺ​កើនឡើង​ប្រហែល​៣​ភាគរយ​ធៀប​នឹង​ឆ្នាំ​មុន ។

ពាក់ព័ន្ធ​នឹង​ជំងឺ​ទាំងនេះ និង​ស្ថានភាព​សុខភាព​ជា​រួម​នៅ​កម្ពុជា លោក​វេជ្ជបណ្ឌិត ឈាង រ៉ា រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​ជំរុញ និង​ស្នើ​ឲ្យ​មន្ត្រី​សុខាភិបាល​គ្រប់​រូប​បំពេញភារកិច្ច​ជា​តួអង្គ​សំខាន់ ដើម្បី​សុខភាព​របស់​ប្រជាជន ។ លោក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា ការ​កើនឡើង​នូវ​ពពួក​ជំងឺមិនឆ្លង​ទាំងនេះ គឺជា​កត្តា​តម្រូវ​ឲ្យ​ក្រុម​គ្រូពេទ្យ និង​វេជ្ជ​ម​ណ្ឌិ​ត​កម្ពុជា​កាន់តែ​ទាមទារ​ជំនាញ និង​វិជ្ជាជីវៈ​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត ដើម្បី​រ៉ាប់រង​ជំងឺ​ទាំងនេះ ។

លោក​បាន​បន្ត​ថា ក្រសួង​កំពុង​តែ​លើកកម្ពស់​កម្រិត​នៃ​ការ​ព្យាបាល​នៃ​ជំងឺ​ទាំងនេះ​ដល់​កម្រិត​មូលដ្ឋាន ពោល គឺ​ពង្រីក​ឲ្យ​ដល់​កៀក និង​ចំ​តម្រូវការ​កន្លែង​ដែល​ត្រូវការ ហើយ​ក្រុម​គ្រូពេទ្យ​ក៏​ត្រូវ​តែ​ផ្តល់​នូវ​សេវា​ដែល​ពលរដ្ឋ​កក់ក្តៅ ។

ក្រៅពី​នោះ លោក​បាន​បន្ត​ទៀត​ថា ក្រសួង​ក៏​កំពុង​តែ​យកចិត្តទុកដាក់​ពង្រឹង​សេវា​អប់រំ​លើកកម្ពស់​សុខភាព សេវា​បង្ការ ព្យាបាល​ថែទាំ ដែល​គុណភាព​ត្រូវ​បាន​កែ​លម្អ​ជា​ប្រចាំ និង​អន្តរាគមន៍​សុខភាព​សាធារណៈ​សារវន្ត​តាម​រយៈ​កម្មវិធី​លើកកម្ពស់​សុខភាព​បន្ត​ពូជ សុខភាព​មាតា ទារក កុមារ និង​អាហារូបត្ថម្ភ កម្មវិធី​បង្ការ និង​គ្រប់គ្រង​ជំងឺឆ្លង រួម​ទាំង​ប្រព័ន្ធ​សន្តិសុខ​សុខភាព និង​កម្មវិធី​ជំងឺមិនឆ្លង និង​បញ្ហា​សុខភាព​សាធារណៈ​ដទៃ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ