រាជធានីភ្នំពេញ ៖ អ្នកប្រដាល់ជើងចាស់វ័យជ្រេគីឡូធ្ងន់ព្រំ សំណាង ក្រោយងើបពីសន្លប់ធំដោយសារផ្លែកែងបករបស់កីឡាករអុីរ៉ង់ក្នុងការប្រកួតជាលក្ខណៈអន្តរជាតិនៅលើសង្វៀនផ្សារទំនើបជីបម៉ុង២៧១មេហ្គាម៉ល កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ បានប្រាប់អ្នកសារព័ត៌មានថា លោកមិនទាន់គិតពីរឿងចូលនិវត្តន៍ទេ ទោះបីមុននេះលោកធ្លាប់បន្លុយពាក្យថា បើលោកចាញ់សន្លប់ក្រោមកណ្ដាប់ដៃកីឡាករបរទេសលោកនឹងគិតគូរពីរឿងចូលនិវត្តន៍ក្ដី។
ព្រំ សំណាង មកពីក្លិបមហិទ្ធិរិទ្ធមេសថ្ងកគុនខ្មែរខេត្តស្វាយរៀង បានប្រាប់ថា សព្វថ្ងៃលោកក៏មានបំណងចង់ចូលនិវត្តន៍ដែរ ប៉ុន្តែដោយសាររូបលោកជាជំហរសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ ណាមួយកូនប្រុសរបស់លោកទាំង២នៅតូចមិនទាន់ស្នងតំណែងពីលោកបាន ទើបលោកពន្យារពេលចូលនិវត្តន៍ទោះបីពេលនេះវ័យលោកកាន់តែជ្រេបន្តិចទៅហើយក្តី។
ព្រំ សំណាង មកដល់ពេលនេះមានវ័យ៤០ឆ្នាំទៅហើយបាននិយាយថា លោកចង់មានពេលសម្រាកលំហែកាយជាមួយគ្រួសារដែរ ព្រោះវ័យលោករាងចាស់បន្តិចទៅហើយ តែធ្វើម៉េចកាលៈទេសៈនៅតែជំរុញឱ្យលោកខិតខំតស៊ូនឹងអាជីពឈឺសាច់នេះបន្តិចទៀតសិន។ លោកថា មានបងប្អូនរាប់អានគ្នានៅសហរដ្ឋអាមេរិកប្រាប់លោកឱ្យឈប់ឡើងសង្វៀនប្រកួតទៀត ទៅធ្គ្រូបង្ហាត់នៅទីនោះវិញ ចាំ៦ខែមកលេងស្រុកខ្មែរម្ដង ។ ប៉ុន្តែលោកមិនចង់ឃ្លាតឆ្ងាយពីប្រពន្ធកូន និងមិនចង់ទៅចោលស្រុកខ្មែរឡើយព្រោះឥឡូវនេះអាជីពប្រដាល់នៅស្រុកខ្មែរអាចរកចំណូលបានច្រើនគួរសមមិនចាញ់នៅអាមេរិកប៉ុន្មានឡើយ ។ អ្វីដែលជាការងារសំខាន់ចំពោះមុខនោះ គឺលោកចង់បណ្ដុះបណ្ដាលកូនប្រុសទាំង២ឱ្យក្លាយជាកីឡាករឆ្នើមប្រចាំប្រទេសទៅថ្ងៃអនាគតដូចលោកអេ ភូថង បណ្ដុះបណ្ដាលកូននខ្លាំង និងល្បីល្បាញដូចសព្វថ្ងៃអញ្ចឹងដែរ។
គួរឱ្យដឹងផងដែរថា ព្រំ សំណាង ជាអ្នកប្រដាល់គុនខ្មែរទម្ងន់ធ្ងន់លំដាប់ជួរមុខមួយរូបនៅក្នុងប្រទេសកម្ពុជា ដែលពុំទាន់មានកីឡាករក្នុងស្រុកណាម្នាក់អាចជំនួសតំណែងឬផ្ដួលរូបលោកបានឡើយ អស់រយៈពេលជាច្រើនឆ្នាំមកនេះ ។ ដូច្នេះ រាល់ការឡើងសង្វៀនម្ដងៗភាគច្រើនគេសង្កេតឃើញមានតែកីឡាករបរទេសប៉ុណ្ណោះជាមួយតម្លៃខ្លួនខ្ពស់ប្រដំប្រសងនឹងកីឡាករធឿន ធារ៉ា ដែរ ។ ប៉ុន្មានឆ្នាំមកនេះ អ្នកប្រដាល់ដែលមានរហស្សនាម ជាងកាត់សក់ដៃឯក ឬជង្គង់ពិឃាតព្រំ សំណាង
បានកើបលុយមិនតិចទេពីអាជីពប្រដាល់របស់ខ្លួនធ្វើឱ្យជីវភាពគ្រួសារធូរធារមួយកម្រិតទៀត
មានទាំងម៉ូតូល្អ រថយន្តទំនើបជិះផ្ទាល់ខ្លួនទៀតផង ។
គួររំលឹកថា ព្រំ សំណាង មានវ័យ៤០ឆ្នាំ កម្ពស់ ១៨៥សង់ទីម៉ែត្រ ត្រូវបានគេរៀបចំឱ្យជួបប្រកួតជាលក្ខណៈអន្តរជាតិម្ដងទៀតជាមួយកីឡាករ FARHAD KOLIVAND មកពីប្រទេសអុីរ៉ង់ក្នុងប្រភេទទម្ងន់៨១គីឡូក្រាមនៅលើសង្វៀនផ្សារទំនើបជីបម៉ុង២៧១មេហ្គាម៉លកាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ ខណៈកីឡាករអីុរ៉ង់់រូបនេះធ្លាប់ប្រកួតចាញ់ពិន្ទុម្ដងកាលពីលើកមុន ។ ប៉ុន្តែលើកនេះបែរជា ភ្លាត់ស្នៀតត្រូវកីឡាករអុីរ៉ង់រូបនេះវាយកែងបកត្រូវចំគល់ថ្គាមយ៉ាងដំណំបណ្ដាលឱ្យដួលសន្លប់ធំនៅត្រឹមទឹកទី២។ ជាមួយនឹងការបរាជ័យនេះហើយដែលជាហេតុធ្វើឱ្យមានពាក្យចចាមរ៉ាមថា ព្រំ សំណាង ចង់ចូលនិវត្តន៍៕



ចែករំលែកព័តមាននេះ