ខេត្តក្រចេះ ៖ ប្រជាពលរដ្ឋរស់នៅក្នុងស្រុកអូរក្រៀងសែនជ័យ បានចោទប្រកាន់លើជនជាតិចិនមួយក្រុម ធ្វើការនៅក្រុមហ៊ុន ខេមបូឌា បាណាណា ហៅតាត់ថា C.B.S បានប្រើប្រាស់អាវុធបាញ់សត្វគោក្របីជាច្រើនក្បាល ខ្លះងាប់ ខ្លះរបួស និងខ្លះទៀតបាត់ខ្លួន ជាបន្តបន្ទាប់ ។
ប្រជាពលរដ្ឋនៅស្រុកអូរក្រៀងសែនជ័យ បានលើកឡើងថា ៖ កាលពីរសៀលថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥នេះ មានក្រុមជនជាតិចិន ធ្វើការនៅក្នុងក្រុមហ៊ុន ខេមបូឌា បាណាណា ហៅតាត់ថា C.B.S បាននាំគ្នាគៀងសត្វគោក្របីរបស់ពួកគាត់ រួចហើយប្រើប្រាស់អាវុធបាញ់ បណ្តាលឱ្យសត្វគោមួយក្បាលងាប់ នៅនឹងកន្លែង របួស២ក្បាល និងបាត់ក្របីចំនួន បីក្បាលទៀត។
ប្រជាពលរដ្ឋ ដែលជាម្ចាស់សត្វពាហនៈខាងលើបន្តថា រហូតមកដល់ថ្ងៃទី៣ មីនា ២០២៥នេះ ក្រុមជនដៃដល់ ដែលជាជនជាតិចិន ខាងលើមិនត្រូវបានឃាត់ខ្លួនពីសំណាក់កម្លាំងសមត្ថកិច្ចនៅឡើយទេ ។
ប្រជាពលរដ្ឋខាងលើបន្ថែមទៀតថា ក្រុមជនជាតិចិនខាងលើ ខណៈធ្វើសកម្មភាព គឺជិះរថយន្តសេរីទំនើបមួយគ្រឿង ហើយគៀងសត្វគោក្របី របស់ពួកគាត់ ឱ្យចូលទៅក្នុងបរិវេណចំការ របស់ក្រុមហ៊ុន និងបានប្រើប្រាស់កាំភ្លើងបាញ់ ទៅលើសត្វគោរបស់ពួកគាត់ តែម្តង បណ្ដាលឱ្យងាប់ និងរបបួលជាច្រើនក្បាល ។ ក្រោយបាញ់ប្រហាររួចមក ពួកគេបានប្រើឱ្យសន្តិសុខ លើកសត្វគោ ដាក់ត្រាក់ទ័រ ដើម្បីដឹកចូលក្រុមហ៊ុន ដើម្បីវះយកសាច់ ។
តាមការបញ្ជាក់ពីប្រជាពលរដ្ឋ ដែលជាម្ចាស់សត្វគោក្របីដដែលនោះ ថា ករណីបាញ់ប្រហារសត្វគោក្របី ចេញពីសំណាក់ក្រុមជនជាតិចិនមួយក្រុម ធ្វើការនៅក្នុងក្រុមហ៊ុនខេមបូឌា បាណាណា អះអាងថា មិនមែនទើបនឹងកើតឡើងនោះទេ កន្លងមកមានសត្វគោក្របីរបស់ពលរដ្ឋងាប់ នៅក្នុងព្រៃជាបន្តបន្ទាប់ ដោយមានស្នាមត្រូវគ្រាប់កាំភ្លើង ។
លោក ហន ប៉ូច ស្នងការរង និងជាអ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តក្រចេះ ឲ្យកោះសន្តិភាពដឹងតាម
រយៈទូរសព្ទ នៅរសៀលម៉ោង១៤និង០៥នាទី ថ្ងៃទី៣ មីនា ២០២៥នេះថា ពាក់ព័ន្ធករណីខាងលើ កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ កំពុងស្រាវជ្រាវស៊ើបអង្កេតហើយ។ ហើយលទ្ធផលយ៉ាងណានោះ នឹងផ្សាយជូននៅលើផេករបស់ស្នងការដ្ឋាននគរបាលខេត្តក្រចេះ ។
ទាក់ទិនករណីខាងលើនេះ ប្រជាពលរដ្ឋរស់នៅស្រុកអូរគ្រៀងសែនជ័យ មានការងឿងឆ្ងល់ថា តើក្រុមជនជាតិចិនទាំងនោះ បានកាំភ្លើងមកពីណាមក យកមកធ្វើសកម្មភាពបាញ់សត្វពាហនៈរបស់ពួកគាត់ ។
ជាមួយគ្នានេះដែរ ពលរដ្ឋទាំងនោះ បានស្នើឱ្យកម្លាំងជំនាញ នៃស្នងការនគរបាលខេត្តក្រចេះ មេត្តាបើកការស៊ើបអង្កេត និងចាប់ជនដៃដល់យកមកផ្ដន្ទាទោសតាមច្បាប់ផងដែរ ៕




ចែករំលែកព័តមាននេះ