Pep រិះគន់បាល់ប្រើនៅ FA Cup ក្រោយកូនក្រុមស៊ុត២៩ជើង ខុសគោលដៅ២០លើក
ប្រទេសអង់គ្លេស ៖ លោក Pep Guardiola អ្នកចាត់ការទូទៅក្រុម Manchester City បានធ្វើការរិះគន់គុណភាពបាល់ប្រើក្នុងការប្រកួតពានរង្វាន់ FA…
ប្រទេសអង់គ្លេស ៖ លោក Pep Guardiola អ្នកចាត់ការទូទៅក្រុម Manchester City បានធ្វើការរិះគន់គុណភាពបាល់ប្រើក្នុងការប្រកួតពានរង្វាន់ FA…
ប្រទេសអង់គ្លេស ៖ លោក Pep Guardiola អ្នកចាត់ការទូទៅក្រុម Manchester City បានធ្វើការរិះគន់គុណភាពបាល់ប្រើក្នុងការប្រកួតពានរង្វាន់ FA Cup ក្រោយកូនក្រុមស៊ុតខុសគោលដៅរហូតដល់២០លើក (Off Target)។
យោងតាមប្រភពពី BBC ចេញផ្សាយនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា ការអត្ថាធិប្បាយអ្នកចាត់ការសញ្ជាតិអេស្ប៉ាញវ័យ៥៤ឆ្នាំរូបនេះ កាលពីថ្មីៗនេះ ក៏មិនខុសគ្នាពីការលើកឡើងរបស់អ្នកចាត់ការទូទៅក្រុមកាំភ្លើងធំ Arsenal លោក Mikel Arteta នៅដើមរដូវកាលនេះ ដែលបានចំអករឿងគុណភាពបាល់ប្រើក្នុងពានរង្វាន់ EFL Cup បន្ទាប់ពីក្រុមលោកចាញ់ក្រុមសារិកាព្រៃ Newcastle វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
ក្រុមមេឃខៀវ Man City កាលពីថ្ងៃសៅរ៍សប្តាហ៍មុន បានយកឈ្នះលើក្រុម Plymouth មកពីលីគលំដាប់ទី២ Championship លទ្ធផល ៣-១ ការប្រកួតជម្រុះជុំទី៥ ពានរង្វាន់ FA Cup ដើម្បីបន្តឡើងនៅវគ្គ៨ក្រុមចុងក្រោយ ដោយត្រូវប៉ះក្រុម Bournemouth ប៉ុន្តែនៅក្នុងការស៊ុតសំដៅទីសរុប២៩ជើងរបស់ Man City លើក្រុម Plymouth ខុសគោលដៅរហូតដល់២០លើកឯណោះ។
លោក Pep សម្តែងអារម្មណ៍មិនសប្បាយចិត្តជាមួយគុណភាពបាល់របស់ក្រុមហ៊ុន Mitre ដែលជាក្រុមហ៊ុនក្នុងស្រុក និងបាននិយាយថា បាល់ប្រើនៅ UEFA Champions League និង English Premier League គឺពិសេស ប៉ុន្តែសម្រាប់មួយនេះវិញ វាពិបាកគ្រប់គ្រងសម្រាប់កីឡាករ។ នៅពេលអ្នកចាញ់ ការនិយាយបែបនេះ គេមើលមកគឺជាលេស ប៉ុន្តែពិតមែនបាល់នេះមិនត្រឹមត្រូវទេ។ ក្នុងរយៈពេលជាច្រើនឆ្នាំ រឿងនេះបានកើតឡើងក្នុងការប្រកួត FA Cup និង EFL Cup ខ្ញុំដឹងថាជាអាជីវកម្មឬយ៉ាងណាទេ ហើយពួកគេបានព្រមព្រៀងគ្នា។ អ្នកដឹងថា បាញ់ប៉ុន្មានគ្រាប់ហើយ ដែលស៊ុតខុសគោលដៅ? សូមមើលទៅការប្រកួតផ្សេងទៀត»។
សូមជម្រាបជូនថា បាល់ក្រុមហ៊ុន Nike ត្រូវបានប្រើក្នុងការប្រកួត English Premier League ចំណែកបាល់ប្រើក្នុងការប្រកួតពានរង្វាន់ទ្វីបអឺរ៉ុប UEFA គឺជារបស់ក្រុមហ៊ុន Adidas ខណៈបាល់របស់ក្រុមហ៊ុន Puma ត្រូវបានប្រើក្នុងការប្រកួត EFL Cup។ ជាការឆ្លើយតបទៅនឹងការអត្ថាធិប្បាយរបស់លោក Pep អ្នកនាំពាក្យសហព័ន្ធបាល់ទាត់អង់គ្លេសថ្លែងថា «បាល់ Ultimax Pro របស់ Mitre ដែលប្រើក្នុងការប្រកួត FA Cup និងការប្រកួតទាំងអស់ផ្សេងទៀតរបស់សហព័ន្ធ បានឆ្លងកាត់ការធ្វើតេស្តដោយអនុលោមតាមស្តង់ដាសហព័ន្ធបាល់ទាត់ពិភពលោក FIFA។
អ្នកនាំពាក្យដដែលបន្តថា «បាល់ទាំងអស់ក្នុងការប្រកួតអាជីព តម្រូវឱ្យបំពេញតាមស្តង់ដាគុណភាព FIFA ហើយបាល់មួយនេះបានការទទួលស្គាល់ត្រឹមត្រូវ និងតម្រូវការធ្វើតេស្តទាំងអស់។ យើងយល់ថា ចំណង់ចំណូលចិត្តផ្អែកលើទស្សនៈផ្ទាល់ខ្លួន ប៉ុន្តែយើងមានទំនុកចិត្តថាបាល់ដំណើរការបានល្អណាស់ ជាមួយការស៊ុតបញ្ចូលទីច្រើនជាង ៣៥០គ្រាប់ក្នុងការប្រកួតជម្រុះ»៕ ប្រភព ៖ BBC
ចែករំលែកព័តមាននេះ