ប្រទេសវៀតណាម ៖ ប្រទេសវៀតណាមបង្ហាញបំណងប្រែខ្លួនក្លាយទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគដ៏សំខាន់របស់អាស៊ីអាគ្នេយ៍នៅឆ្នាំ ២០៣០។ នេះបើតាមការលើកឡើងពីលោកនាយករដ្ឋមន្ត្រី ផាំ មិញជិញ Pham Minh Chinh។
ប្រភពពីសារព័ត៌មាន VnExpress នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ បានរាយការណ៍ថា នាយករដ្ឋមន្ត្រីវៀតណាមបានថ្លែងក្នុងកិច្ចសន្ទនាផ្ទាល់ជាមួយបណ្តាសាជីវកម្ម និងសហគ្រាសខ្នាតធំមកពីអឺរ៉ុបចំនួន១៦សាជីវកម្ម និងសហគ្រាស កាលពីថ្ងៃអាទិត្យថា ប្រទេសវៀតណាមនឹងកសាង ព្រមទាំងអភិវឌ្ឍខ្លួនទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគដ៏សំខាន់ក្នុងតំបន់អាស៊ីអាគ្នេយ៍ ចាប់ពីពេលនេះរហូតដល់ឆ្នាំ ២០៣០ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ និងការវិនិយោគក្នុងបំណងសម្រេចបានអត្រាកំណើនយ៉ាងហោចណាស់ ៨% នៅឆ្នាំនេះ និងកំណើនពីរខ្ទង់ នៅឆ្នាំខាងមុខ។

គិតរហូតមកទល់ពេលនេះ ការវិនិយោគរបស់សហភាពអឺរ៉ុប (EU) នៅវៀតណាមមានចំនួន ៣០,៤ពាន់លានដុល្លារអាមេរិក ដោយជាប់ចំណាត់ថ្នាក់ជាវិនិយោគិនបរទេសធំជាងគេទី៦ នៅក្នុងប្រទេសអាស៊ានមួយនេះ។ ចំណែកឯពាណិជ្ជកម្មទ្វេភាគីបានឈានដល់ ៦៨,៥ពាន់លានដុល្លារ កាលពីឆ្នាំមុន។ ក្នុងឱកាសនោះតំណាងអ៊ឺរ៉ុបបានសរសើរបរិយាកាសធុរកិច្ច និងវិនិយោគរបស់វៀតណាម ដោយបញ្ជាក់ពីកំណែទម្រង់បទប្បញ្ញត្តិនាពេលថ្មីៗនេះ កាន់តែប្រសើរឡើងរក្សាបាននូវតម្លាភាព ភាពច្បាស់លាស់ និងការសម្រេចចិត្តក្នុងក្របខ័ណ្ឌច្បាប់សម្រាប់អ្នកវិនិយោគ។
ការស្ទង់មតិនាពេលថ្មីៗនេះបង្ហាញថា ៧៥% នៃសហគ្រាសអឺរ៉ុបណែនាំវៀតណាមគឺជាមជ្ឈមណ្ឌលវិនិយោគដ៏សំខាន់ ឆ្លុះបញ្ចាំងពីទំនុកចិត្តចំពោះសក្តានុពលសេដ្ឋកិច្ចរបស់ប្រទេសនេះ។ សហគ្រាសអឺរ៉ុបបានសម្តែងការប្តេជ្ញាចិត្តចំពោះប្រតិបត្តិការរយៈពេលវែងនៅវៀតណាម ដោយសន្យាថានឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងរដ្ឋាភិបាល ក្រសួង ស្ថាប័ននានា ដើម្បីទាក់ទាញអ្នកវិនិយោគអន្តរជាតិកាន់តែច្រើនមកកាន់ប្រទេសនេះ។ ពួកគេបានបន្តទៀតថា វៀតណាមចាំបាច់ត្រូវបង្កើនកិច្ចខិតខំប្រឹងប្រែងផ្សព្វផ្សាយជាសកលដើម្បីទាក់ទាញទេសចរណ៍ និងការវិនិយោគ ក៏ដូចជាធ្វើឱ្យប្រសើរងនូវការប្រកួតប្រជែងថ្នាក់ជាតិ និងវត្តមានម៉ាកយីហោល្បីៗនៅជុំវិញពិភពលោក។
នាយករដ្ឋមន្ត្រីវៀតណាមបានលើកឡើងពីគុណសម្បត្តិជាយុទ្ធសាស្ត្ររបស់វៀតណាម សម្រាប់ការទាក់ទាញការវិនិយោគអន្តរជាតិ រួមទាំងចំនួនប្រជាជនដ៏ច្រើនរបស់ខ្លួន ទីតាំងភូមិសាស្ត្រនយោបាយសំខាន់ក្នុងតំបន់កំណើននៃអាស៊ី និងបរិយាកាសសន្តិភាពស្ថិរភាពដែលអំណោយផលដល់ការអភិវឌ្ឍន៍។ លោកថា កត្តាទាំងនេះហើយទើបធ្វើឱ្យវៀតណាមក្លាយជាមជ្ឈមណ្ឌលដ៏ល្អសម្រាប់ផលិតកម្ម អាជីវកម្ម និងការនាំចេញ។
ជាមួយគ្នានោះ លោកអះអាងពីការត្រៀមខ្លួនរបស់វៀតណាមក្នុងការស្វាគមន៍ថ្នាក់ដឹកនាំជាន់ខ្ពស់ EU សម្រាប់ដំណើរទស្សនកិច្ចសំខាន់ៗ សំដៅជំរុញបរិយាកាសអំណោយផលសម្រាប់ធុរកិច្ចអឺរ៉ុប និងកែលម្អបរិយាកាសវិនិយោគ និងធុរកិច្ចវៀតណាម។ លោកក៏បានអំពាវនាវឱ្យសហគ្រាស EU ពង្រីកប្រតិបត្តិការនៅវៀតណាម ដោយដាក់ប្រទេសនេះជាមជ្ឈមណ្ឌលផលិតកម្ម និងផ្គត់ផ្គង់ដ៏សំខាន់។ លោកបានធានាចំពោះវិនិយោគិនអឺរ៉ុបអំពីការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការផ្តល់ឱកាស ទំនុកចិត្ត និងលក្ខខណ្ឌចាំបាច់ ដើម្បីក្លាយជាគោលដៅវិនិយោគប្រកបដោយសុវត្ថិភាព និងប្រយោជន៍ ដោយហេតុថា វៀតណាមនៅតែប្រកាន់យ៉ាងខ្ជាប់ខ្ជួនក្នុងការរក្សាឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម និងស្ថិរភាពច្បាប់ ជាមួយការធានាបរិយាកាសធុរកិច្ចប្រកបដោយសុវត្ថិភាព និងស្ថិរភាពសម្រាប់សហគ្រាសអឺរ៉ុប។
ជាចុងក្រោយ លោកក៏បានអំពាវនាវឱ្យមានការចូលរួមក្នុងគម្រោងរបស់វៀតណាមលើការដាំដុះស្រូវមានការបំភាយទាបចំនួន១លានហិកតា នៅតំបន់ដីសណ្ដទន្លេមេគង្គ និងគាំទ្រដល់ការបន្តជំនួយអភិវឌ្ឍន៍ផ្លូវការរបស់សហភាពអឺរ៉ុប ហៅកាត់ថា ODA សម្រាប់ប្រទេសវៀតណាម តាមរយៈបណ្តាញសហប្រតិបត្តិការទ្វេភាគី៕
ចែករំលែកព័តមាននេះ