ខណ:ដែលក្រសួងសុខាភិបាលនឹងធ្វើសន្និបាតប្រចាំឆ្នាំ នៅដើមខែនេះវាជាពេលវេលាមួយត្រូវពង្រឹងវិស័យសុខាភិបាលអោយកាន់តែរឹងមាំ ដើម្បីសុខភាពប្រជាជន និងទប់ស្កាត់ការហូរលុយជាច្រើនលានដុល្លារជារៀងរាល់ឆ្នាំដោយសារប្រជាជនជាច្រើនទៅពិនិត្យ និងព្យាបាលជំងឺនៅក្រៅប្រទេស ។ ពាក់ព័ន្ធនឹងបញ្ហាប្រហោងនេះលោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល…
ខណ:ដែលក្រសួងសុខាភិបាលនឹងធ្វើសន្និបាតប្រចាំឆ្នាំ នៅដើមខែនេះវាជាពេលវេលាមួយត្រូវពង្រឹងវិស័យសុខាភិបាលអោយកាន់តែរឹងមាំ ដើម្បីសុខភាពប្រជាជន និងទប់ស្កាត់ការហូរលុយជាច្រើនលានដុល្លារជារៀងរាល់ឆ្នាំដោយសារប្រជាជនជាច្រើនទៅពិនិត្យ និងព្យាបាលជំងឺនៅក្រៅប្រទេស ។

ពាក់ព័ន្ធនឹងបញ្ហាប្រហោងនេះលោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏បានដឹងដែរហើយលោកធ្លាប់បានប្រាប់អ្នកសារព័ត៌មានដែរអំពីបញ្ហានេះ កាលពីអំឡុងខែកញ្ញា ឆ្នាំ២០២៤កន្លងទៅ ។ លោកបានអះអាងថា នៅក្នុងមួយឆ្នាំ ជាពិសេសកាលពីឆ្នាំ២០២៣ មានពលរដ្ឋកម្ពុជាប្រមាណជាពី២០ ទៅ២៥ម៉ឺននាក់ ឬស្មើនឹង១,៥ ភាគរយដែលបានវេចលុយទៅស្វែងរកការព្យាបាលនៅក្រៅប្រទេស ។ ប៉ុន្តែរឿងទឹកប្រាក់ដែលពួកគេចាយនោះលោកមិននិយាយឡើយ ។ គ្រាន់តែដឹងថា គោលដៅដែលពួកគេចេញទៅ គឺមានវៀតណាម ថៃ សិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌា បារាំង ។ល។ លោកបានលើកឡើងថា សេវាកម្មសុខាភិបាលកម្ពុជា នៅពេលបច្ចុប្បន្ន មានការកែលម្អ ហើយជាទូទៅ៩៨,៥ភាគរយនៃពលរដ្ឋ គឺពួកគេស្វែងរកការព្យាបាលនៅក្នុងស្រុក ។

ផ្អែកតាមស្ថិតិនេះ និងតាមទិដ្ឋភាពជាក់ស្តែង ជាការពិតកំណើននៃជំនឿទុកចិត្តពីពលរដ្ឋកម្ពុជាមកលើវិស័យសុខាភិបាលនេះ គឺមានច្រើនជាងមុន ហើយមន្ទីរពេទ្យបរទេសល្អៗមួយចំនួនក៏បានបើកសាខានៅកម្ពុជា ដូចជា ជប៉ុន វៀតណាម ថៃ ។ល។
ដោយឡែក នៅតាមមន្ទីរពេទ្យនៅក្នុងស្រុកដូចជា មន្ទីរពេទ្យកាល់ម៉ែត្រជាដើម ក៏ប្រសើរដែរ ដោយពេលថ្មីៗនេះ សូម្បីតែឧបករណ៍ដាក់ស្តេននៅសរសៃឈាមបេះដូង និងឧបករណ៌វិទ្យាសាស្ត្រខាងវេជ្ជសាស្រទំនើបៗក៏កម្ពុជាបានបំពាក់ច្រើនដែរ ។ ប៉ុន្តែអ្នកដែលមានធនធាន និងមានលុយនៅតែវេចស្ពាយលុយទៅចាយនៅស្រុកគេ ដើម្បីតែទៅព្យាបាលជំងឺដដែល ។
នៅក្នុងម្នាក់គ្រាន់តែវេចលុយស៊ីចាយ និងថ្លៃស្នាក់ និងធ្វើដំណើរត្រឹមតែ១យប់២ថ្ងៃអស់យ៉ាងហោចណាស់ក៏១០០ដុល្លារទៅ១៥០ដុល្លារដែរ ហើយប្រសិនបើទៅពិនិត្យថតនេះថតនោះទៀតមិនក្រោម ២០០ទៅ៥០០ដុល្លារឡើយ នៅក្នុងមួយជើង ។ ក្រៅពីនោះមានអ្នកទៅវះនេះវះនោះ ជាច្រើនជំពូកដោយម្នាក់ៗចាយលុយរាប់ពាន់រហូតដល់រាប់ម៉ឺនដុល្លារ ។

ផ្អែកតាមតួរលេខនៃការចំណាយលើការធ្វើដំណើរ និងស្នាក់នៅនេះផ្សារភ្ជាប់នឹងតួរលេខដែលលោក រដ្ឋមន្ត្រីបានបង្ហាញ គឺមួយឆ្នាំយើងវេចលុយទៅចាយនៅក្រៅប្រទេសយ៉ាងហោចណាស់២០ ទៅជាង៣៧លានដុល្លារ នៅក្នុងមួយឆ្នាំ ។ ចុះប្រសិនបើបូកថត បូកសេវាកម្មព្យាបាល បូកថ្លៃវះកាត់ទៀត ដូច្នេះតម្លៃនៃការចំណាយនៅក្នុងមួយឆ្នាំៗ គឺមានច្រើនលានដុល្លារពីលើនោះបន្ថែមទៀត ។ ទំហំនៃប្រហោងធ្លុះធ្លាយនោះធំគួរសម ។ ដូច្នេះយើងសង្ឃឹមថា ក្រសួង និងស្ថាប័នពាក់ព័ន្ធនឹងរួមគ្នាគិតគូររកមធ្យោបាយបិទខ្ទប់ ។ បើវាមិនជិតទេ យ៉ាងហោចណាស់ក៏បិទកុំអោយប្រហោងនោះវាធំពេកដែរ ។
តាមដែលដឹងនៅថ្ងៃទី៣ និង៤ ខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ ក្រសួងសុខាភិបាលនឹងធ្វើសន្និបាតប្រចាំឆ្នាំរបស់ខ្លួន ។ ដូច្នេះសង្ឃឹមថា មន្ត្រីក្រសួង និងស្ថាប័នពាក់ព័ន្ធដែលចូលរួមអាចនឹងពិភាក្សា និងកំណត់បញ្ហាខ្លះៗដើម្បីធ្វើយ៉ាងណាក៏ដោយជួយប៉ះប៉ូវប្រហោងធ្លុះធ្លាយនោះកុំអោយធំ ។ យើងដឹងថា យើងបិទមិនជិតទេ ហើយនៅលើពិភពលោកនេះក៏មានប្រទេសដែលបិទមិនជិតច្រើនផងដែររឿងនេះ ។ ប៉ុន្តែគេបិទបាននៅក្នុងស្ថានភាពដែលការលេចធ្លាយនោះតិចបំផុត ។ នៅក្នុងស្ថានភាពបែបនេះ ស្ថាប័នពាក់ព័ន្ធ ជាពិសេស គឺក្រសួងសុខាភិបាលប្រហែលជាហត់នឿយបន្ថែមទៀត ។ យើងជឿជាក់ថា ប្រហោងដែលធ្លាយនៅពេលបច្ចុប្បន្ន វាត្រូវបានភ្ជិតខ្លះហើយមិនធំខ្លាំងទេ ប៉ុន្តែវាទាមទារការប្តេជ្ញាចិត្ត និងការលះបង់បន្ថែមទៀត ៕
ចែករំលែកព័តមាននេះ