ប្រទេសជប៉ុន ៖ ដោយសារការកើនឡើងចំនួនភ្ញៀវទេសចរបរទេសដ៏ច្រើនលើសលប់នោះ រដ្ឋាភិបាលជប៉ុន កំពុងតែពិចារណាដំឡើងពន្ធទេសចរណ៍អន្តរជាតិ ដែលបច្ចុប្បន្នមានតម្លៃត្រឹម១ពាន់យ៉េន ឬស្មើនឹង ៦,៦ដុល្លារ សម្រាប់ភ្ញៀវទេសចរអន្តរជាតិម្នាក់។
ពន្ធសម្រាប់ភ្ញៀវបរទេសម្នាក់ អាចឡើងដល់ ៣ពាន់ ទៅ ៥ពាន់យ៉េន ឬ ២០ដុល្លារ ទៅ ៣៣.២០ដុល្លារអាមេរិក ខណៈសមាជិកគណៈកម្មាធិការ នៃគណបក្សប្រជាធិបតេយ្យសេរីដែលកំពុងកាន់អំណាចបានពិចារណាលើបញ្ហានេះ និងរបៀបលើការចំណាយចំណូលបន្ថែមទៀត។
ជាវិធានការទប់ទល់នឹងចំនួនភ្ញៀវទេសចរអន្តរជាតិដ៏ច្រើនលើសលប់ សមាជិកនៃគណៈកម្មាធិការរំពឹងថា ចំណូលពន្ធក៏នឹងត្រូវបានប្រើប្រាស់ ដើម្បីពង្រីកមធ្យោបាយដឹកជញ្ជូន និងកែលម្អអាកាសយានដ្ឋាន ដោយពួកគេមានបំណងឆ្លុះបញ្ចាំងអំពីគំនិតពួកគេនៅក្នុងគម្រោងនៃកំណែទម្រង់ប្រព័ន្ធពន្ធដារ បន្ទាប់ពីការពិភាក្សានៅឯគណៈកម្មការពន្ធរបស់គណបក្សកាន់អំណាចរួចមក។
ពន្ធទេសចរណ៍ដែលបានអនុវត្តកាលពីខែមករា ឆ្នាំ២០១៩ ត្រូវបានបញ្ចូលក្នុងថ្លៃសំបុត្រយន្តហោះ និងកប៉ាល់ទេសចរណ៍ដែលចាកចេញពីប្រទេសជប៉ុន ហើយត្រូវបានអនុវត្តមិនត្រឹមតែលើភ្ញៀវបរទេសប៉ុណ្ណោះទេ ថែមទាំងគិតលើប្រជាជនជប៉ុនចេញក្រៅប្រទេសផងដែរ។ កាលពីឆ្នាំ ២០២៣ ប្រាក់ចំណូលពន្ធរបស់ប្រទេសជប៉ុនបានកើនឡើងបីដង បើធៀបនឹងឆ្នាំ ២០២២ ដល់២៦៥លានដុល្លារ ហើយត្រូវបានរំពឹងថានឹងកើនឡើងដល់ ៣២៥លានដុល្លារនៅឆ្នាំ ២០២៥។
យោងតាមទីភ្នាក់ងារទេសចរណ៍ប្រទេសជប៉ុនបានបង្ហាញថា ចំនួនភ្ញៀវបរទេសមកកាន់ប្រទេសជប៉ុនពេញមួយឆ្នាំ ២០២៤ មានចំនួន ៣៦.៨៧លាននាក់ ខណៈដែលប្រជាជនជប៉ុនចេញក្រៅប្រទេសមានចំនួន ១៣.០១លាននាក់។ ទោះជាយ៉ាងក៏ដោយ ចំនួនភ្ញៀវបរទេសមកកាន់ប្រទេសជប៉ុនត្រូវបានរំពឹងថានឹងបន្តកើនឡើងបន្ថែមទៀត ហើយរដ្ឋាភិបាលមានគោលដៅស្វាគមន៍ភ្ញៀវទេសចរបរទេសចំនួន ៦០លាននាក់នៅឆ្នាំ ២០៣០។
យ៉ាងណាមិញ បណ្តាអាកាសយានដ្ឋាន និងកន្លែងទេសចរណ៍មួយចំនួនមិនទាន់អាចទប់ទល់នូវការកើនឡើងចំនួនភ្ញៀវទេសចរបរទេសបាននៅឡើយទេ ហើយប្រសិនបើមានការកើនឡើងខ្លាំងបន្ថែមទៀតនោះ ហានិភ័យចំនួនភ្ញៀវទេសចរលើសកម្រិតអាចកាន់តែធ្ងន់ធ្ងរ។ ដូច្នេះរដ្ឋាភិបាលមានបំណងបង្កើនធនធានហិរញ្ញវត្ថុដោយដំឡើងពន្ធទេសចរណ៍អន្តរជាតិ និងប្រើប្រាស់វាដើម្បីកែលម្អបរិស្ថាន ដើម្បីសម្រេចបាននូវគោលដៅរបស់ខ្លួន៕ ដកស្រង់ ៖ South China Morning Post, The Straits Time និង INQUIRER.net
ចែករំលែកព័តមាននេះ