ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​អាល​ច្រឡំ​នឹង​ចេតនា​របស់​រាជរដ្ឋាភិបាល​លើ​រឿង​ការ​ធ្វើ​សេចក្តីសម្រេច​ចិត្ត​បញ្ចប់​កម្មវិធី​មជ្ឈមណ្ឌល​សិក្សា​ទំនើប នៅ​តាម​សាលារៀន​បឋម​សិក្សា និង​អនុ​វិទ្យាល័យ​ជាមួយនឹង​កម្មវិធី​សាលា​ជំនាន់​ថ្មី​អោយ​សោះ ។ កាលពី​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២៥ សាធារណៈ​មតិ​បាន​ផ្ទុះ​ការ​រិះគន់​ព្រោងព្រាត​ក្រោយ​ពេល​ដែល​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត…

កុំ​អាល​ច្រឡំ​នឹង​ចេតនា​របស់​រាជរដ្ឋាភិបាល​លើ​រឿង​ការ​ធ្វើ​សេចក្តីសម្រេច​ចិត្ត​បញ្ចប់​កម្មវិធី​មជ្ឈមណ្ឌល​សិក្សា​ទំនើប នៅ​តាម​សាលារៀន​បឋម​សិក្សា និង​អនុ​វិទ្យាល័យ​ជាមួយនឹង​កម្មវិធី​សាលា​ជំនាន់​ថ្មី​អោយ​សោះ ។ កាលពី​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២៥ សាធារណៈ​មតិ​បាន​ផ្ទុះ​ការ​រិះគន់​ព្រោងព្រាត​ក្រោយ​ពេល​ដែល​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ប្រកាស​បញ្ចប់​កម្មវិធី​មជ្ឈមណ្ឌល​សិក្សា​ទំនើប​ព្រោះតែ​រាជរដ្ឋាភិបាល​មិន​ចង់​ឃើញ​ស្តង់ដារ​ពីរ​នៅ​ក្នុង​ប្រព័ន្ធ​អប់រំ ជា​ពិសេស គឺ​នៅ​តាម​សាលារៀន​នៅ​ក្នុង​ប្រទេស ។

រឿង​នេះ​ផ្ទុះ​ការ​រិះគន់​ជា​ច្រើន​ដោយសារ​តែ​សាធារណៈ​មតិ​យល់​ច្រឡំ​រវាង​កម្មវិធី​អប់រំ​សាលា​ជំនាន់​ថ្មី និង កម្មវិធី​មជ្ឈមណ្ឌល​សិក្សា​ទំនើប ក្រោយ​ពេល​ដែល​សម្តេច​ធិ​បតី ប្រកាស​នៅ​ក្នុង​ពេល​បិទ​សន្និបាត ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​ថ្ងៃ​ទី​២៦ ខែ​ឆ្នាំ​ដដែល ។

ក្រោយ​ការ​ប្រកាស​សាធារណៈ​មតិ​បាន​រិះគន់​ខ្លាំង​ៗ​ធ្ងន់​ៗ​ដែល​លើក​ឡើង​ពី​អសមត្ថភាព និង​បញ្ហា​ផលប្រយោជន៍​នៅ​ពីក្រោយ​ការ​សម្រេចចិត្ត​នេះ ។ ពលរដ្ឋ​ខ្លះ​បាន​លើក​ឡើង​ថា ការ​បិទ​កម្មវិធី​នេះ គឺ​ដោយសារ តែ​និន្នាការ​ថ្មី​ដែល​កំពុង​តែ​កើត​មាននៅ​សាលា​ឯកជន ដោយ​ថ្មី​ៗ​មាតាបិតា​សិស្ស​បាន​កំពុង​តែ​បញ្ឈប់​ការ​សិក្សា​កូន​ៗ​របស់​ពួក​គេ​ដែល​បង់ថ្លៃ​ខ្ពស់​នៅ​សាលា​ឯកជន​ងាក​មក​រក​មជ្ឈមណ្ឌល​សិក្សា​ទំនើប​នៅ​តាម​សាលា​រដ្ឋ​ដោយសារ​តែ​ពួក​គេ​ចំណាយ​តិច ហើយ​គុណភាព និង​សម្ភារៈ​នៃ​ការ​បង្រៀន គឺ​ប្រសើរ​ជាង​ឯកជន ។ ដោយសារ​តែ​និន្នាការ​នោះ​ហើយ​ទើប​សាលារៀន​ទាំងនោះ​ផ្តូ​ច​ផ្តើម​ឲ្យ​កម្មវិធី​សិក្សា​នេះ​ឡើង ។

នៅ​លើ​បណ្តាញ​សង្គម​ក៏​មានការ​រិះគន់​ធ្ងន់ធ្ងរ​ជាង​នេះ​ជា​ច្រើន​ទៀត ដូច្នេះ​ហើយ​ទើប​សម្តេច​ធិ​បតី នា​ល្ងាច​ថ្ងៃ​ទី​២៧ ខែកុម្ភៈ នៅ​ក្នុង​ពេល​បិទ​សន្និបាត​ក្រសួងទេសចរណ៍​ថ្លែង​បញ្ជាក់​ពី​បញ្ហា​នេះ ដើម្បី​កុំអោយ​យល់​ច្រឡំ ។

សម្តេច​ធិ​បតី បាន​ថ្លែង​បញ្ជាក់​ថា ការ​រិះគន់​នេះ ពលរដ្ឋ​អាច​យល់​ច្រឡំ​រវាង​កម្មវិធី​សាលា​ជំនាន់​ថ្មី និង កម្មវិធី​មជ្ឈមណ្ឌល​សិក្សា​ទំនើប ។ សម្តេច​ធិ​បតី លើក​ឡើង​ថា កម្មវិធី​នេះ គឺ​ផ្តួចផ្តើម​ឡើង​ដោយ​ក្រសួង​ដូច​គ្នា ហើយ​ក៏​មាន​បំណង​លើកកម្ពស់​គុណភាព និង​គុណ​វឌ្ឍន៍​នៃ​ការ​អប់រំ​បណ្តុះបណ្តាល​កូន​ខ្មែរ​ដូច​គ្នា ។ ប៉ុន្តែ​កម្មវិធី​ទាំង​ពី​មិន​ដូច​គ្នា​ទេ ។

សម្តេច​ធិ​បតី​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ៗ​នៅ​ពេល​នោះ​ថា អ្វី​ដែល​រាជរដ្ឋាភិបាល​សម្រេចចិត្ត​បិទ​នោះ​គឺ​កម្មវិធី​មជ្ឈមណ្ឌល​សិក្សា​ទំនើប រីឯ​កម្មវិធី​អប់រំ​សាលា​ជំនាន់​ថ្មី គឺ​មិន​មានការ​បិទ ឬ​បញ្ចប់​ទេ ។ ដូច្នេះ​យើង​កុំ​យល់​ច្រឡំ ។ សម្តេច​ធិ​បតី បាន​បន្ថែម​ថា កម្មវិធី​សាលា​ជំនាន់​ថ្មី គឺ​អត់​មាន​រំសាយ​នោះ​ទេ មាន​តែ​ពង្រីក​បន្ថែម ដោយ​សាលា​ជំនាន់​ថ្មី​នេះ គឺ​គ្រប់គ្រង​ដោយ​រដ្ឋ និង​ជា​សាលា​ដើម្បី​បង្កើន​លទ្ធភាព សមត្ថភាព ជូន​ប្រជាពលរដ្ឋ ក្រោម​ការ​ដឹកនាំ និង​គ្រប់គ្រង​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ។

សម្តេច​ធិ​បតី បាន​បញ្ជាក់​ដដែល​ៗ​ច្បាស់​ៗ​ថា អត់​មានការ​ស​ម្រេ​ចិត្ត​លុប ឬ​បិទ​សាលា​ជំនាន់​ថ្មី​នោះ​ទេ ហើយ​រាជរដ្ឋាភិបាល​នៅ​តែ​បន្ត​គាំទ្រ ។ សាលា​ជំនាន់​ថ្មី​នេះ គឺ​រដ្ឋ​ជា​អ្នកគ្រប់គ្រង​តែ​មួយ​គត់​ទាំង​នាយក ទាំង​អ្នក​គ្រប់ និង​ទាំង​កម្មវិធី​សិក្សា​ផ្សេង​ៗ គឺជា​របស់​រដ្ឋ ។ សាលា​នេះ គឺជា​សាលា​ដែល​បង្រៀន​កូន​ខ្មែរ​ដោយ​អនុវត្ត​ស្តង់ដារ​បង្រៀន​តែ​មួយ​សម្រាប់​សិស្ស​ទាំងអស់​មិន​ថា កូន​អ្នកមាន ឬ​កូន​អ្នកក្រ​នោះ​ទេ ។

សម្តេច​ធិ​បតី​ក៏​បាន​បញ្ជាក់​បន្ថែម​ថា សិស្សានុសិស្ស​នៅ​សាលា​ជំនាន់​ថ្មី​នេះ មាតាបិតា​សិស្ស​មិន​មាន​កាតព្វកិច្ច​ត្រូវ​បង់ថ្លៃ​សិ​ស្សា​ទេ រាជរដ្ឋាភិបាល​បាន​បញ្ឈប់​កម្មវិធី​បង់​នេះ ហើយដោយ​រាជរដ្ឋាភិបាល​ជា​អ្នក​ទ្រទ្រង់​ផ្ទាល់ ប៉ុន្តែ​ប្រសិនបើ​មាតាបិតា​ស្ម័គ្រចិត្ត​សាលា​ក៏​ទទួល ។ ដោយឡែក កម្មវិធី​ដែល​រាជរដ្ឋាភិបាល​សម្រេចចិត្ត​បញ្ចប់ ក្រោយ​អនុវត្ត​បាន​មួយ​រយៈ​ដែល​មាន​ប្រមាណ​ជា​១៨​សាលា ដោយ​សាលា​ខ្លះ​ទើបតែ​ចាប់ផ្តើម និង​សាលា​ខ្លះ​បាន​ចាប់ផ្តើម​៣​ទៅ​៤​ឆ្នាំ​ដែរ​មក​ហើយ ដោយសារ​វា គឺ​មូ​ដែល​កម្មវិធី​បង្រៀន​មួយ​ដោយ​ពាក់កណ្តាល​រដ្ឋ និង​ពាក់កណ្តាល​ឯកជន​តាម​រូបមន្ត BOT ។

កម្មវិធី​អប់រំ​នៅ​មជ្ឈមណ្ឌល​សិក្សា​ទំនើប​នេះ គឺ​ពិតជា​ស្រ​ដៀង​គ្នា​នឹង​កម្មវិធី​សាលា​ជំនាន់​ថ្មី​ដែរ ដោយ​វា​ដំណើរការ​ដោយ​សាលា​មួយ​ចំនួន ក្រោម​ការ​ចុះ អនុស្សរណ​យោគយល់​គ្នា​រវាង​សាលា​រដ្ឋ និង​ក្រុមហ៊ុន​ឯកជន ដោយ​គេ​យក​អគារ​របស់​រដ្ឋ នៅ​សាលា​រដ្ឋ ដើម្បី​អនុវត្ត​នៅ​គម្រោង​ដូច​សាលា​ឯកជន​ដែរ ដោយ​យក​កម្មវិធី​ជាតិ បូក​ជាមួយ​កម្មវិធី​បន្ថែម ប៉ុន្តែ​គ្រប់គ្រង​ដោយ​ឯកជន ។

សម្តេច​ធិ​បតី​បាន​ពន្យល់​ថា សូម​យោគយល់​ដល់​រាជរដ្ឋាភិបាល​ចំពោះ​ការ​សម្រេចចិត្ត​នៅ​ក្នុង​ការ​បញ្ចប់​កម្មវិធី​មជ្ឈមណ្ឌល​សិក្សា​ទំនើប​នេះ ដោយសារ​តែ​វា​បង្កើត​ឲ្យ​មាន​ស្តង់ដា​២​នៅ​ក្នុង​សាលា​តែ​មួយ ។ សិស្ស​បង់លុយ​ត្រូវ​អង្គុយ​រៀន​ផ្សេង និង​សិស្ស​មិន​បង់លុយ​ត្រូវ​អង្គុយ​រៀន​ផ្សេង ដោយឡែក​សម្រាប់​សាលា​ជំនាន់​ថ្មី គឺ​មិន​មាន​ស្ទង់​ដារ​២​នោះ​ទេ គឺ​រៀន​ជាមួយ​គ្នា​ទាំងអស់ ។ ដូចនេះ​ហើយ​មិន​អាច​ឱ្យ​មានការ​ពង្រីក​ការ​បង្រៀន​មាន​ស្ទង់​ដារ​២ ក្នុង​សាលា​តែ​មួយ​បាន​ទៀត​នោះ​ទេ​។

សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ក៏​បាន​ស្នើ​សុំ​ការ​យោគយល់​អាណាព្យាបាល ក៏​ដូច​ជា លោកគ្រូ អ្នកគ្រូ ដែល​មានកូន​រៀន និង​បង្រៀន​នៅ​មជ្ឈមណ្ឌល​សិក្សា​ទំនើប ចំពោះ​សេចក្តី​សម្រេចចិត្ត​ដូចនេះ ក្រោយ​មានការ​ថ្លឹងថ្លែង​ជា​យូរ ។

ផ្អែក​តាម​ការ​បញ្ជាក់​របស់​ប្រមុខ​រាជរដ្ឋាភិបាល​យើង​ពិតជា​យល់​ស្រប ហើយ​គាំទ្រ​ឲ្យ​កម្មវិធី​មជ្ឈមណ្ឌល​សិក្សា​ទំនើប​នេះ​បញ្ចប់​មែន ពីព្រោះ​ថា ប្រសិនជា​យើង​នៅ​តែ​បន្ត​ឱ្យ​មាន​មជ្ឈមណ្ឌល​សិក្សា​ទំនើប​នេះ បញ្ហា​កាន់តែ​មាន​ភាព​រ៉ាំរ៉ៃ​យូរអង្វែង​ផង​ដែរ ហើយ​វា​នឹង​អាច​ឲ្យ​សង្គម​មើលឃើញ​ពី​វិសមភាព​និង ការ​បែងចែក​ស្រទាប់វណ្ណៈ​សង្គម​នៅ​សាលា​ដែល​ជា​ស្ថាប័ន​អប់រំ​ផ្ទាល់​តែ​ម្តង ។
យើងខ្ញុំ​យល់​ថា សាលារៀន គឺជា​កន្លែង​បណ្តុះបណ្តាល​មនុស្ស ប៉ុន្តែ​ប្រសិនបើ​នៅ​សាលា​តែ​មួយ​ហើយ​អនុវត្ត​តាម​ស្តង់ដា​២​បែប​នេះ ក្មេង​ៗ​ជំនាន់​ក្រោយ​នឹង​មានគំនិត​និង​ទស្សនៈ​បែងចែក​បក្សពួក​តាំងពី​ក្មេង​។ ដូច្នេះ វា​គឺជា​គ្រោះថ្នាក់​នៃ​សង្គម​មួយ​ដែល​យើង​អាច​នឹង​មិន​នឹក​ស្មាន​ដល់ ។ នៅ​ពេល​នេះ​សាលា​នេះ​មាន​១៨ ហើយ​បើ​បន្ត​នឹង​មាន​សាលា​ផ្សេង​ៗ​ទៀត ។ ដូច្នេះ​វិសមភាព និង​គម្លាត​នឹង​កាន់តែ​ធំ ហើយ​នៅ​ពេល​នោះ​បញ្ហា​សង្គម​ក៏​កាន់តែ​ធំ​ផង​ដែរ ។

បញ្ហា​នេះ​ប្រសិនបើ​រាជរដ្ឋាភិបាល​មិន​ពិចារណា​ទេ នៅ​ថ្ងៃ​អនាគត​នឹង​អាច​មានការ​បែងចែក​វណ្ណៈ​ហើយ​តែ​កាលណា​សង្គម​មានការ​បែងចែក​វណ្ណៈ​នោះ​សុ​ដុម​នី​យ​កម្ម​សង្គម ពិតជា​ពិបាក​នឹង​នឹង​ស្មាន​ដល់ ។ ដូច្នេះ​យើងខ្ញុំ​សង្ឃឹមថា សាធារណៈ​មតិ​នឹង​យោគយល់​ប​ញ្ហ​នេះ ។ ការ​អប់រំ​សំខាន់​ណាស់ ប្រសិនបើ​ធ្វេសប្រហែស​តែ​បន្តិច នៅ​ពេល​អនាគត​សង្គម​នឹង​រង​នូវ​ផល​ដែល​កើត​ចេញពី​ការ​សម្រេចចិត្ត​បែប​នោះ ។ ប៉ុន្តែ​ទោះជា​យ៉ាងណា​ក៏​ដោយ​សង្ឃឹមថា ក្រសួង​អប់រំ និង​សាលា​ដែល​កំពុង​តែ​ដំណើរ​កម្មវិធី​សិក្សា​តាម​គំរូ​មជ្ឈមណ្ឌល​សិក្សា​ទំនើប​គិតគូ​ពី​ការ​បន្សាំ​កម្មវិធី និង​បរិយាកាស​ដល់​សិស្សានុសិស្ស​ដែល​កំពុង​តែ​រៀន​នៅ​សាលា​នេះ​ឲ្យ​ច្បាស់លាស់​សិន មុន​ពេល​បញ្ចប់​កម្មវិធី​នេះ​ភ្លាម​ៗ ។ ការ​បញ្ចប់​ដោយ​ភ្លាម​ៗ ពិតជា​ពិបាកធ្វើ​ឲ្យ​គេ​ទទួលយក​បាន​ណាស់ ។ ដូច្នេះ​សង្ឃឹមថា ក្រសួង​និង​សាលា​នឹង​រៀបចំ​វា​ឲ្យ​ស្រួលបួល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ