រាជធានីភ្នំពេញ ៖ លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ បានបញ្ជាក់ថា «ទោះបីមានការចោទប្រកាន់ ឬចាប់បង្ខំ ឬភ្ជង់កាំភ្លើងឲ្យខ្ញុំក្បត់ជាតិខ្មែរ ក៏ខ្ញុំមិនធ្វើជាដាច់ខាត» នេះបើតាមលោក ចាន់ ចេន មេធាវីការពារក្តីរបស់លោក កឹម សុខា ។
លោកមេធាវី ចាន់ ចេន បានលើកឡើងតាមបណ្តាញសង្គម នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥ ថាគិតចាប់តាំងពីឆ្នាំ១៩៩២ ដោយសារមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ស្តីពីកម្ពុជា ឆ្នាំ១៩៩១ ដែលភាគីនយោបាយខ្មែរ និងសហគមន៍អន្តរជាតិ បានព្រមព្រៀងគ្នា និងធានាឲ្យប្រទេសកម្ពុជា មាន៖
-អធិបតេយ្យភាព បញ្ឈប់ការឈ្លានពានត្រួតត្រាពីបរទេស
-ប្រកាន់យករបបប្រជាធិបតី សេរីពហុបក្ស បញ្ឈប់ការដឹកនាំបែបកុម្មុនីយ ផ្តាច់ការ
-និងធានាការពារ និងលើកស្ទួយសិទ្ធិ សេរីភាព របស់ប្រជាពលរដ្ឋខ្មែរ បញ្ឈប់ការលាបពណ៌ ចោទ ចាប់ កាប់សម្លា.ប់អ្នកដែលមានទស្សនៈផ្ទុយថា ជាខ្មាំងសត្រូវ បម្រើបរទេស ។
បើតាមលោកមេធាវី ចាន់ ចេន បានលើកឡើងថា លោក កឹម សុខា ធ្លាប់បានថ្លែងបញ្ជាក់ថា ដោយមើលឃើញ និងពេញចិត្តនឹងគោលការណ៍សំខាន់ៗ នៃកិច្ចព្រមព្រៀងនេះ ទើបលោកសម្រេចចិត្តចូលប្រឡូកក្នុងកិច្ចការសង្គម អង្គការមហាជន គណបក្សនយោបាយ និងរហូតដល់ក្លាយជាមេដឹកនាំកម្រិតជាតិ និងអន្តរជាតិ ដែលមានប្រជាពលរដ្ឋខ្មែរ គាំទ្រប្រមាណជាកន្លះនគរ និងមានការទទួលស្គាល់ជាអន្តរជាតិ ។
ទន្ទឹមនឹងការតស៊ូឆ្លងឧបសគ្គ និងគ្រោះថ្នាក់ជាច្រើនលើកច្រើនសារ មិនត្រឹមតែជាប់គុកច្រវាក់នោះទេ គឺមានការគំរាមកំហែងដល់អាយុជីវិត ដោយចំហរ និងដោយប្រយោលជាច្រើនដង មិនត្រឹមតែមកលើរូបគាត់ផ្ទាល់ទេ គឺរួមទាំងក្រុមគ្រួសារគាត់ទៀតផង ។ ដោយបានឆ្លងកាត់ នូវហេតុការណ៍ដ៏គ្រោះថា្នក់ជាច្រើនដងនេះហើយ បានជាពេលថ្មីៗកន្លងទៅនេះ លោក កឹម សុខា ធ្លាប់បានប្រាប់ទៅសហការីថា ៖ «សព្វថ្ងៃនេះ ខ្ញុំគិតថា ជីវិតដែលជារូបកាយរបស់ខ្ញុំអាចបានស្លា.ប់ ឬធ្លាប់ត្រូវបានគេសម្លា.ប់រួចទៅហើយ ក៏ប៉ុន្តែជីវិត ដែលជាបេះដូងពិតរបស់ខ្ញុំ ដែលស្មោះត្រង់ចំពោះមាតុភូមិកម្ពុជា និងបងប្អូនរួមឈាមខ្មែររបស់ខ្ញុំ នៅតែរស់ជាអមតៈ ទោះបីមានការចោទប្រកាន់ ឬចាប់បង្ខំ ឬភ្ជង់កាំភ្លើង ឲ្យខ្ញុំក្បត់ជាតិខ្មែរ ក៏ខ្ញុំមិនធ្វើជាដាច់ខាត» ៕
ចែករំលែកព័តមាននេះ