ខេត្តបន្ទាយមានជ័យ ៖ ថ្លែងក្នុងពិធីប្រកាសចូលកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលស្រុកព្រះនេត្រព្រះ នាព្រឹកថ្ងៃទី28 ខែកុម្ភៈ ឆ្នាំ2025 នៅសាលាស្រុក ព្រះនេត្រព្រះ ក្រោមអធិបតីភាព ឯកឧត្តមប្លែក វារី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមអ៊ុំ រាត្រីអភិបាលនៃគណៈអភិបាលខេត្ត លោក ហឿន វីរៈ បានគោរពថ្លែងអំណងគុណដល់ថ្នាក់ដឹកនាំជា ពិសេស សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្ដល់សេចក្ដីទុកចិត្តតែងតាំងលោកជាអភិបាលស្រុកដើម្បីបម្រើប្រជាពលរដ្ឋ និងអភិវឌ្ឍលើគ្រប់វិស័យក្នុងមូលដ្ឋានស្រុក ។

ក្នុងតំណែងជាអភិបាលស្រុក លោកហឿន វីរៈ បានប្ដេជ្ញានឹងខិតខំបំពេញភារកិច្ចឲ្យបានល្អ ដោយគោរពនិងអនុវត្តតាមច្បាប់រដ្ឋធម្មនុញ្ញ គោលការណ៍ច្បាប់និងលិខិតបទដ្ឋានគតិយុត្តនានា នៃព្រះរាជាណាចក្រកម្ពុជាដែលមានជាធរមានឲ្យមានប្រសិទ្ធភាពខ្ពស់ ការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈនៅមូលដ្ឋាន និងសុខសន្តិភាព អនុវត្តតាមផែនការយុទ្ធសាស្ត្របញ្ចាកោដំណាក់កាលទី1របស់រដ្ឋាភិបាល តាមការណែនាំនិងចង្អុរបង្ហាញរបស់ថ្នាក់ដឹកនាំខេត្ត ជម្រុញអនុវត្តគោលនយោបាយភូមិឃុំមាន សុវត្ថិភាព ពង្រីងការងារផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ឋភាព និង តម្លាភាព និងពង្រឹងសាមគ្គីភាពភាពផ្ទៃក្នុងឲ្យកាន់តែល្អប្រសើរ ។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យបានផ្តល់អនុសាសន៍ណែនាំមួយចំនួនដល់លោក ហឿន វីរៈ ដើម្បីការដឹកនាំមានប្រសិទ្ឋភាព និងជោគជ័យ ត្រូវតែខិតខំសិក្សាស្វែងយល់បន្ថែមរាល់លិខិតបទដ្ឋានគតិយុទ្ឋនានា ត្រូវមានសាមគ្គីភាពផ្ទៃក្នុងល្អ ដោយឈរលើគោលការណ៍ទទួលខុសត្រូវខ្ពស់ ជាពិសេសមានទំនាក់ទំនងល្អជាមួយអាជ្ញាធរភូមិឃុំដែលមានទូរទាំងស្រុក។

ឯកឧត្តមបានណែនាំឲ្យយកចិត្តទុកដាក់ចំពោះការផ្ដល់សេវាសាធារណៈដល់ពលរដ្ឋឲ្យបានលឿនរហ័ស តាមទិសស្លោក ស្នាមញញឹមបន្ទាយមានជ័យ ក្នុងនោះដែរឯកឧត្តមអភិបាលខេត្តក៏បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាតឲ្យទប់ស្គាត់បញ្ហាគ្រឿងញៀន ក្មេងទំនើង និង ល្បែងភ្នាល់តាមអនឡាញ កុំឲ្យកើតមាននៅក្នុងមូលដ្ឋាន ៕




ចែករំលែកព័តមាននេះ