ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​អភិរក្ស​ ប្រទះ​ឃើញ​សត្វ​ទន្សោង​មួយ​ហ្វូង នៅ​ដែនជម្រកសត្វព្រៃ​ភ្នំ​ត្នោត ក្នុងភូមិ​សាស្ត្រ​ខេត្តព្រះវិហារ

18 ម៉ោង មុន

ខេត្តព្រះវិហារ ៖ ក្រុម​អ្នក​អភិរក្ស កាលពី​ពេល​ថ្មី​ៗ​នេះ​ បាន​ប្រទះ​ឃើញ ហ្វូង​សត្វ​ទន្សោង​មួយ​ហ្វូង កំពុង​នាំ​គ្នា​ដើរ​រក​ចំណី យ៉ាង​សុខសាន្ត​ នៅ​ដែនជម្រកសត្វព្រៃ​ភ្នំ​ត្នោត ក្នុងភូមិ​សាស្ត្រ​ខេត្តព្រះវិហារ​។…

ខេត្តព្រះវិហារ ៖ ក្រុម​អ្នក​អភិរក្ស កាលពី​ពេល​ថ្មី​ៗ​នេះ​ បាន​ប្រទះ​ឃើញ ហ្វូង​សត្វ​ទន្សោង​មួយ​ហ្វូង កំពុង​នាំ​គ្នា​ដើរ​រក​ចំណី យ៉ាង​សុខសាន្ត​ នៅ​ដែនជម្រកសត្វព្រៃ​ភ្នំ​ត្នោត ក្នុងភូមិ​សាស្ត្រ​ខេត្តព្រះវិហារ​។ ហ្វូង​សត្វ​ទន្សោង ដែល​ថត​បាន​ដោយ​កា​ម៉េ​រ៉ា មាន​ចំនួន​ជាង ១០ក្បាល មាន​ទាំង​ញី ឈ្មោល និង​កូន​តូច​ៗ ទៀត​ផង ​។

ទន្សោង​ជា​ប្រភេទ​ជីវៈចម្រុះ​កម្រ និង​ជា​ប្រភេទ ជិត​ផុត​ពូជ​លើ​ពិភពលោក ហើយ​បាន​ចុះ​ក្នុង​បញ្ជី​ក្រហម របស់​អង្គការ IUCN​។ អ្នកនាំពាក្យ​ក្រសួងបរិស្ថាន លោក ខ្វៃ អាទិ​ត្យា បាន​ចាត់​ទុក​ថា នេះ​ជា​លទ្ធផលជោគជ័យ​មួយ ក្នុង​ការ​អភិរក្ស​សត្វព្រៃ និង​ធនធានធម្មជាតិ ​នៅ​កម្ពុជា​។

លោកបាន​សំណូមពរ​ឱ្យ​អ្នក​ពាក់​ព័​ន្អ អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​នៅ​តាម​សហគមន៍ ចូលរួម​ប្រសើរ​ថែម​ទៀត ការពារ​ថែរក្សា​សម្បត្តិ​ធនធានធម្មជាតិ កម្រ​លើ​ពិភពលោក​នេះ ឱ្យ​បាន​គង់វង្ស​សម្រាប់​ប្រព័ន្ធ​អេកូឡូស៊ី និង​សម្រាប់​បម្រើ ដល់​គោលដៅ​លំហែ​បៃតង ដើម្បី​រួមចំណែក​ដល់​ការ​បង្កើន ជីវភាព​សហគមន៍​មូលដ្ឋាន​ផ្ទាល់​ ។

គួរ​បញ្ជាក់​ថា ​ទន្សោង មាន​វត្ត​មាននៅ​តាម​តំបន់​ព្រៃ ក្នុង​ភូមិភាគ​ឦសាន និរតី និង ភាគ​ខាងជើង​ប្រទេស​កម្ពុជា ដោយ​រស់នៅ​ជា​ហ្វូង អាច​លាយឡំ​ជាមួយ គោព្រៃ ប្រើស ខ្ទីង​ជាដើម ភាគច្រើន​នៅ​តំបន់​ព្រៃរបោះ មាន​អូរ ស្ទឹង ត្រពាំង ថ្លុក​ដែល​មាន​ស្មៅ ស្បូវ ព្រេច ឬ​ស្សី ឈ្នះ រុក្ខជាតិ គម្ពោត​ព្រៃ ទឹក​ជប់ ដី​ច្រាប​ជាដើម ​។

ទន្សោង​មាន​មាឌ រូបរាង និង​ក្រចកជើង​ចំពាម ដូច​គោ​ស្រុក​ដែរ តែ​ខុស​ត្រង់ វា​អត់​មាន​បូក​លើ​ខ្នង និង​បួ​រក​ធ្លាក់​ចុះ​ក្រោម​ដូច​គោ​ស្រុក​ទេ ទន្សោង​មាន​សម្បុរ​ក្រហម​ត្នោត​ស្រាល និង​ប្រែ​ទៅ​ជា​ពណ៌​ក្រហម​ត្នោត ឬក្រហម​ត្នោត​ចាស់ នៅ​ពេល​វា​មាន​វ័យ​ចំណាស់​បន្តិច ហើយ​ជើង​ទាំង​បួន​ចាប់ពី​ជង្គង់​ចុះ​ក្រោម​មាន​ពណ៌​ស ដូច​ខ្ទីង និង​គោព្រៃ​ដែរ ប៉ុន្តែ​ខុស​គ្នា​ត្រង់​វា​មាន​ពណ៌​ស នៅ​ផ្នែក​ក្រោយ​ត្រង់​កំពែង​គូទ រីឯ​ស្នែង​វា​មាន​រាង​មូល​ជាង​ស្នែង​ខ្ទីង ពណ៌​លឿងចាស់​ភ្លឺ​រលោង ចាប់ពី​ពាក់កណ្តាល​ស្នែង​ចុះ​ក្រោម និង​ចុង​ស្នែង​មាន​ពណ៌​ខ្មៅ​។ បន្ទាប់​ពី​ពពោះ​រយៈពេល ប្រមាណ​ជា ១០​ខែ ទន្សោង​អាច​បង្កើតកូន​បាន​១-២​ក្បាល និង​អាច​ដោយ​ឈ្មោល​ម្ដងទៀត ក្រោយ​ពី​កើតកូន​បាន​២​ខែ ​។

គួរ​បញ្ជាក់​ថា​ យោង​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​ លេខ​១៧៦​អន​ក្រ​.​បក ចុះ​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០២៣ ដែនជម្រកសត្វព្រៃ​ភ្នំ​ត្នោត​-​ភ្នំ​ពក មាន​ផ្ទៃដី​ចំនួន ៥១,៧៣០​ហិ​កតា ស្ថិត​ក្នុងភូមិ​សាស្ត្រ​ខេត្តព្រះវិហារ និង​ខេត្តសៀមរាប​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ