ពេជ្រនៅតែជារតនៈវត្ថុមានតម្លៃ ហើយនៅតែពេញនិយមនៅក្នុងស្រទាប់អភិជន ។ ប្រសិនបើទិញហើយចង់ដោះដូរ វាអាចលំបាកមិនងាយស្រួលដូចជា មាស ឬប្លាទីន ឬប្រាក់ឡើយ ។ ម្យ៉ាងវិញទៀត…
ពេជ្រនៅតែជារតនៈវត្ថុមានតម្លៃ ហើយនៅតែពេញនិយមនៅក្នុងស្រទាប់អភិជន ។ ប្រសិនបើទិញហើយចង់ដោះដូរ វាអាចលំបាកមិនងាយស្រួលដូចជា មាស ឬប្លាទីន ឬប្រាក់ឡើយ ។ ម្យ៉ាងវិញទៀត តម្លៃរបស់វានៅលើទីផ្សារពិភពលោកក៏ធ្លាក់ចុះផងដែរ ។

តាមសេចក្តីរាយការណ៍ដែលចុះផ្សាយ នៅលើសារព័ត៌មាន Newsweek បានឲ្យដឹងថា តម្លៃពេជ្រនៅទូទាំងពិភពលោក បានបន្តធ្លាក់ចុះ ចំពេលមានការធ្លាក់ចុះនៃទីផ្សារប្រណីតពិភពលោក និងការប្រកួតប្រជែងពីជម្រើសពេជ្រ ដែលគេបណ្តុះនៅតាមមន្ទីរពិសោធន៍ ។
តាមសេចក្តីរាយការណ៍ដែលគេដកស្រង់ទិន្នន័យពីក្រុមហ៊ុនវិភាគគ្រឿងអលង្ការ Tenoris បានរាយការណ៍ថា តម្លៃពេជ្រធម្មជាតិមួយការ៉ាត់ បានធ្លាក់ចុះខ្លាំង ។

ប្រភពដដែលបានឲ្យដឹងថា តម្លៃពេជ្រធម្មជាតិ មួយការ៉ាត់ កាលពីខែឧសភា ឆ្នាំ២០២២ គឺមានតម្លៃដល់ទៅ៦.៨១៩ ដុល្លារ តែវាបានធ្លាក់ចុះដល់ទៅ៣.៩២៣ ដុល្លារ កាលពីខែមករា ឆ្នាំ២០២៥ ។ Tenoris ដែលតាមដានតម្លៃពេជ្រ នៅហាងនានាទូទាំងសហរដ្ឋអាមេរិកក៏បានរកឃើញថា តម្លៃពេជ្រសំយោគបានធ្លាក់ចុះជិត៧៤ ភាគរយពី៣.២១០ដុល្លារ ក្នុងខែមករា ឆ្នាំ២០២០ ដល់៨៩២ដុល្លារ ដុល្លារ ក្នុងខែធ្នូ នៅក្នុងមួយការ៉ាត់ ។
ការធ្លាក់ចុះតម្លៃពេជ្រដ៏គំហុកនេះ បានបង្កឲ្យមានផលប៉ះពាល់យ៉ាងសំខាន់សម្រាប់ឧស្សាហកម្មដែលពាក់ព័ន្ធ រួមអ្នកលក់គ្រឿងអលង្ការ ក្រុមហ៊ុនរុករករ៉ែ និងបណ្តារដ្ឋដែលផលិត និងធ្វើពាណិជ្ជកម្មពេជ្របង្កើតជាផ្នែកសំខាន់នៃសេដ្ឋកិច្ចរបស់ពួកគេ ។
ការធ្លាក់ចុះតម្លៃ អាចនឹងធ្វើឱ្យវត្ថុប្រណីតដែលតុបតែងដោយត្បូងពេជ្រ អាចចូលប្រើប្រាស់បានសម្រាប់អ្នកប្រើប្រាស់ទូលំទូលាយ ប៉ុន្តែវាក៏បង្ហាញឱ្យឃើញពីភាពទូទៅកាន់តែច្រើននៃការថយចុះចំណាប់អារម្មណ៍លើពេជ្រ ។ និន្នាការនេះ អាចបង្ហាញពីការផ្លាស់ប្តូរកាន់តែទូលំទូលាយនៃចំណង់ចំណូលចិត្តរបស់អ្នកប្រើប្រាស់ឆ្ពោះទៅរកត្បូងជំនួស និងការតស៊ូកាន់តែទូលំទូលាយដែលជួបប្រទះដោយវិស័យរតនៈវត្ថុប្រណីត ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។

នៅក្នុងស្ថានភាពនេះសម្រាប់អ្នកដែលនិយមប្រើប្រាស់ពេជ្រ នៅពេលដែលសម្រេចចិត្តទិញ គួរតែព្យាយាមស្វែងរកហាងណា ដែលមានប្រវត្តិ និងមានសេវាកម្មប្រសើរហើយមានជំនួញច្បាស់លាស់អំពីពេជ្រ ។
ប្រសិនបើអ្នកចង់ប្រើប្រាស់ពេជ្រ អ្នកកុំទិញនៅហាងណា ដែលគ្មានប្រវត្តិច្បាស់លាស់ ហើយនៅពេលដែលទិញ គឺត្រូវចាំបាច់ទាមទារលិខិតបញ្ជាក់គុណភាពពេជ្រ ក៏ដូចជា លិខិតទិញលក់ ដែលមានកំណត់តម្លៃ និងកិច្ចសន្យាដោះដូរឲ្យច្បាស់លាស់ ។ បន្ទាប់មក អ្នកក៏ត្រូវតែទុកដាក់លិខិត និងឯកសារនោះឲ្យបានត្រឹមត្រូវ ដើម្បីទុកនៅពេលដែលអ្នកចង់ដោះដូរ ហើយដំណើរការដោះដូរ គឺអនុវត្តទៅតាមឯកសារទាំងនេះ ។

សូមប្រុងប្រយ័ត្ន នៅពេលដែលអ្នកទិញរបស់ប្រណីតទាំងនេះ យកទៅប្រើប្រាស់ដោយមិនមានឯកសារទាំងនោះ អ្នកនឹងងាយស្រួលរងហានិភ័យ ដោយប្រការផ្សេងៗ ដូចជា ការក្លែងបន្លំគុណភាពពេជ្រ ជាដើម ដោយសារតែពេជ្រទាមទារអ្នកដែលមានជំនាញច្បាស់លាស់ ។
បែបបទនៃការដោះដូរពេជ្រ ជាបទពិសោធន៍ គឺថាទិញនៅហាងណា គឺច្រើនដោះដូរនៅហាងនោះវិញ ហើយដំណើរការដោះដូរ គឺគោរពទៅតាមឯកសារ ។ ដំណើរការនៃការទូទាត់ក៏ទាមទារពេលវេលាដែរ ដោយគេត្រូវពិនិត្យគុណភាពម្តងមួយគ្រាប់ៗបង្ការខ្លាចករណីប្រេះ ករណីស្រាំ ករណីបន្លំគុណភាព ៕
ចែករំលែកព័តមាននេះ