ខេត្តសៀមរាប ៖ សមត្ថកិច្ចនគរបាលមូលដ្ឋានស្រុកពួកបានដឹងនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះថា ករណីអគ្គិភ័យឆេះផ្ទះមួយខ្នងអស់ទាំងស្រុង តែមិនបណ្តាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ។
ហេតុការណ៍ខាងលើនេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី២៦ ខែកុម្ភះ ឆ្នាំ២០២៥ ស្ថិតនៅក្នុងភូមិតាទក ឃុំពួក ស្រុកពួក ខេត្តសៀមរាប ។
បើតាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក ទេព ពុំ សែន អធិការនគរបាលស្រុកពួក បានប្រាប់ឱ្យដឹងនៅថ្ងៃទី២៧ ខែ កុម្ភៈ ឆ្នាំ ២០២៥ នេះថា ជនរងគ្រោះជាម្ចាស់ផ្ទះឈ្មោះ តាន់ ប៊ុនធន់ (ហៅ ឡោ ឡាយ) ភេទប្រុស អាយុ៥២ឆ្នាំ ជាមន្ត្រីនគរបាល មានតួនាទីជានាយប៉ុស្ដិ៍នគរបាលរដ្ឋបាលល្វា នៃអធិការដ្ឋាននគរបាលស្រុកពួក ខេត្តសៀមរាប ។
លោកអធិការនគរបាលស្រុកពួក បានឱ្យដឹងថា ករណីអគ្គិភ័យខាងលើ បណ្តាលឱ្យឆេះផ្ទះ១ខ្នង ប្រភេទផ្ទះឈើលើបន្ទប់ថ្មក្រោម ជញ្ជាំងក្ដារ ដំបូលក្បឿង សំយ៉ាបស័ង្កសី មានទំហំទទឹង៩ម៉ែត្រ គុណ បណ្ដោយ១២ម៉ែត្រ ឆេះអស់ទាំងស្រុង។ ក្នុងនោះខូចខាតទ្រព្យសម្បត្តិ រួមមានសំលៀកបំពាក់ សម្ភារៈប្រើប្រាស់ និង ប្រាក់មួយចំនួន ពុំគ្រោះថ្នាក់ដល់មនុស្សនោះទេ ។
លោកបានបញ្ជាល់ថា ក្នុងការជួយអន្តរាគមន៍នោះ ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យរបស់ស្នងការរដ្ឋាននគរបាលខេត្តសៀមរាបចំនួន២គ្រឿង បានប្រើប្រាស់អស់ទឹកចំនួន២គ្រឿង ។ រថយន្តពន្លត់អគ្គិភ័យនៃអធិការដ្ឋាននគរបាលស្រុកពួកចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន២គ្រឿង ។
មូលហេតុ គឺបណ្តាលមកពីទុស្សេខ្សែភ្លើង។
បច្ចុប្បន្ន ផ្ទះនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំល្វានៃអធិការដ្ឋាននគរបាលស្រុកពួក ខេត្តសៀមរាប បណ្តាលឱ្យឆេះអស់ផ្ទះ១ខ្នងទាំងស្រុង និងសម្ភារៈមួយចំនួននោះ បើគិតជាទឹកប្រាក់អស់ប្រមាណ ជិត៥ពាន់ដុល្លារ៕




ចែករំលែកព័តមាននេះ