ប្រមុខរាជរដ្ឋាភិបាលបានរំលឹក និងព្រមានជាថ្មីទៅកាន់ស្ថាប័ន និងគ្រឹះស្ថានអប់រំនានាឲ្យលើកកម្ពស់នូវការរិតបន្តឹងលើការរំដោះកុមារ ចេញពីតម្រូវការនៃការទទួលទានភេសជ្ជៈផ្អែម ជាពិសេស គឺពពួកភេសជ្ជៈលើកកម្លាំង ដោយសារតែក្តីបារម្ភអំពីកំណើននៃជំងឺមិនឆ្លង ដែលជាបន្ទុកសង្គមនៅពេលអនាគត ។ នាឱកាសអញ្ជើញជាអធិបតី…
ប្រមុខរាជរដ្ឋាភិបាលបានរំលឹក និងព្រមានជាថ្មីទៅកាន់ស្ថាប័ន និងគ្រឹះស្ថានអប់រំនានាឲ្យលើកកម្ពស់នូវការរិតបន្តឹងលើការរំដោះកុមារ ចេញពីតម្រូវការនៃការទទួលទានភេសជ្ជៈផ្អែម ជាពិសេស គឺពពួកភេសជ្ជៈលើកកម្លាំង ដោយសារតែក្តីបារម្ភអំពីកំណើននៃជំងឺមិនឆ្លង ដែលជាបន្ទុកសង្គមនៅពេលអនាគត ។

នាឱកាសអញ្ជើញជាអធិបតី បិទសន្និបាតបូកសរុបការងារឆ្នាំសិក្សាចាស់ ឆ្នាំ២០២៣-២០២៤ និងលើកទិសដៅការងារឆ្នាំសិក្សាថ្មី ឆ្នាំ២០២៤-២០២៥ របស់ក្រសួងអប់រំ យុវជន និងកីឡា នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នាថ្ងៃទី២៦ ខែកុម្ភៈ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងណែនាំឱ្យគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសក្រសួងផ្ទាល់ឲ្យយកចិត្តទុកដាក់ឱ្យបានខ្ពស់លើរបបអាហាររបស់ក្មេងៗ ជាពិសេសហាមដាច់ខាតលើការលក់ដូរភេសជ្ជៈផ្អែម និងភេសជ្ជៈប៉ូវកម្លាំងដល់សិស្ស ដើម្បីធានាឱ្យបានសុខភាពរបស់សិស្សានុសិស្សនៅក្នុងប្រទេសមានសុខភាពបរិបូរណ៍រំដោះខ្លួនចេញពីបញ្ហាជំងឺទឹកនោមផ្អែម និងជំងឺមិនឆ្លងផ្សេងៗទៀត ។

សម្តេចធិបតី បានស្នើឲ្យក្រសួងយកចិត្តទុកដាក់លើកកម្ពស់ការអប់រំ និងណែនាំទាំងក្នុងសាលា និងក្រៅសាលា អំពីគ្រោះថ្នាក់នៃពពួកភេសជ្ជប៉ូវកម្លាំង ។ សម្តេចបានបញ្ជាក់ថា «ទឹកប៉ូវកម្លាំងអស់ហ្នឹង គឺមិនមែនសម្រាប់ក្មេងនោះទេ ពីព្រោះប្រសិនបើក្មេងទទួលច្រើន ជារឿងមួយដែលប្រកាសអាសន្ន ។ រឿងនេះជារឿងបញ្ហារយៈពេលវែងសម្រាប់យើង ។ បើសិនជាក្មេងៗយើង១០ឆ្នាំទៅ២០ឆ្នាំទៀត ពួកគេមានអាយុ៣០ ទៅ៤០ឆ្នាំ មានជំងឺទឹកនោមផ្អែមនោះពួកគេនឹងក្លាយជាបន្ទុក និងជាបញ្ហាហើយ» ។ សម្តេចធិបតីសង្កត់ធ្ងន់ថា ប្រទេសដែលមានប្រជាជនកើតជំងឺទឹកនោមផ្អែម និងជំងឺមិនឆ្លងច្រើន មិនមែនជាទ្រព្យរបស់ប្រទេសជាតិ ដែលអាចបម្រើការអភិវឌ្ឍប្រកបដោយចីរភាពបានទេ ។ ពួកគេនឹងក្លាយជាបន្ទុក ដូច្នេះអ្នកពាក់ព័ន្ធត្រូវគិតគូរមើលឱ្យបានហ្មត់ចត់ ។

សម្តេចធិបតី បានស្នើសុំឲ្យឱពុកម្តាយ អាណាព្យាបាល លោកគ្រូ អ្នកគ្រូ ទាំងអ្នកលក់ដូរ និងសាធារណជនត្រូវគិតគូរពីបញ្ហាភេសជ្ជៈផ្អែមនេះផង ។ សម្តេចបានបន្ថែមថា មកដល់ពេលនេះ មានក្មេងតូចៗច្រើនណាស់នៅមន្ទីរពេទ្យគន្ធបុប្ផា បានកើតជំងឺទឹកនោមផ្អែម ដែលបញ្ហាទាំងនេះពេលខ្លះពាក់ព័ន្ធនឹងការខ្វះការយល់ដឹងរបស់ឱពុកម្តាយផងដែរ ។
សម្តេចធិបតី ក៏បានលើកទឹកចិត្តឱ្យភាគីពាក់ព័ន្ធរួមគ្នាបង្កើនការផ្សព្វផ្សាយសារអប់រំ ពាក់ព័ន្ធនឹងបញ្ហាសុខភាពឱ្យបានកាន់តែច្រើនបន្ថែមទៀត ដើម្បីផ្តល់ជាការយល់ដឹងបន្ថែមទៀតដល់ប្រជាពលរដ្ឋ និងរួមគ្នាទប់ស្កាត់បញ្ហាជំងឺផ្សេងៗ ជាពិសេស ជំងឺទឹកនោមផ្អែមដែលកើតមានឡើងលើកុមារនេះផងដែរ ។
នេះមិនមែនជាលើកទីមួយទេដែលប្រមុខរដ្ឋាភិបាលលើកឡើងអំពីបញ្ហានេះដោយកាលពីខែធ្នូ ឆ្នាំ២០២៤ កន្លងទៅ សម្តេចធិបតី ក៏ធ្លាប់បានបង្ហាញនូវការព្រួយបារម្ភពីផលប៉ះពាល់សុខភាពរបស់សិស្ស បណ្តាលមកពីភេសជ្ជៈប៉ូវកម្លាំងនេះដែរ ។

ក្រោយប្រតិកម្មបែបនេះ ក្រសួងអប់រំ នៅពេលនោះក៏បានចេញសេចក្តីណែនាំឲ្យគ្រឹះស្ថានអប់រំទាំងរដ្ឋ និងឯកជន ដោយហាមឃាត់ការទទួលទានចែកចាយ តាំងលក់ និងផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទនៅក្នុង និងជុំវិញបរិវេណគ្រឹះស្ថានសិក្សាទាំងអស់ ។ ក្រោយការចេញបែបនេះសាលាខ្លះក៏អនុវត្ត ហើយសាលាខ្លះក៏មិនបានអនុវត្ត ។ ប៉ុន្តែនៅពេលដែលប្រមុខរាជរដ្ឋាភិបាលចេញសារលើកឡើងពីបញ្ហានេះជាថ្មី ក្រសួងគួរតែចេញវិធានការតឹងរ៉ឹងតែម្តងទៅ ។ សម្រាប់គ្រឹះស្ថានអប់រំសាធារណៈបែបបទពិន័យតាមរដ្ឋបាលគួរតែត្រូវដាក់ចេញ ហើយសម្រាប់គ្រឹះស្ថានអប់រំឯកជនក៏គួរចេញវិធានការពិន័យតាមលិខិត និងក្រិត្យក្រមគតិយុទ្ធនានា ។
រឿងផលប៉ះពាល់ដោយសារតែភេសជ្ជៈផ្អែម និងប៉ូវកម្លាំងនេះចំពោះកុមារ និងយុវវ័យគឺពិតជាធំធេងណាស់ ។ ដូច្នេះក្រសួងប្រសិនបើចាំបាច់គួរតែបង្កើតក្រុមអធិការកិច្ចឆ្មក់ត្រួតពិនិត្យតាមស្ថាប័ន ។ បើមិនដូច្នេះទេ គ្រឹះស្ថានអប់រំទាំងអស់ ប្រហែលជាមិនអាចរំដោះខ្លួនចេញពីពពួកភេសជ្ជៈដែលប៉ះពាល់ដល់សុខភាពប្អូនៗសិស្សានុសិស្សបានទេ ។
សម្រាប់កុមារដែលទទួលទានភេសជ្ជៈផ្អែមច្រើនក្រៅពីជំងឺទឹកនោមផ្អែម ពួកគេក៏ត្រូវប្រឈមមុខនឹងជំងឺជាច្រើនប្រភេទទៀតដែលសុទ្ធតែគ្រោះថ្នាក់ដូចជា ជំងឺធាត់លើសគីឡូ ឬ ទម្ងន់ខ្លួន និងសមាមាត្រនឹងអាយុក៏ដូចជា កម្ពស់ ខូចគ្រឿងក្នុង ជាពិសេសគឺតម្រងនោម ខ្លាញ់រុំថ្លើម និងរុំបេះដូង… ដែលសុទ្ធសឹងតែអាចគ្រោះថ្នាក់នៅពេលអនាគត ។ ក្រៅពីនោះកុមារក៏មានបញ្ហាពិបាកគេងមានបញ្ហាខាងចិត្តសាស្ត្រ ថប់អារម្មណ៍ ស្ត្រេស ជាដើម ។
សរុបទៅ ដើម្បីឲ្យគ្រឹះស្ថានអប់រំនានា ចូលរួមនៅក្នុងយុទ្ធនាការនេះឲ្យបានគ្រប់ស្ថាប័នទាំងរដ្ឋ និងឯកជនការប្តេជ្ញាចិត្តមួយ គួរតែត្រូវធ្វើដោយព្រមគ្នានឹងការអនុវត្តប្រព័ន្ធនៃការពិន័យតាមវិធានរដ្ឋបាល និងឯកសារគតិយុទ្ធនានាឲ្យបានតឹងតែង ។
សូមកុំប្រណីលើរឿងនេះ ពីព្រោះវាពាក់ព័ន្ធនឹងអនាគតនៃគុណវឌ្ឍន៍នៃធនធានមនុស្សដ៏ចាំបាច់សម្រាប់សង្គម ។ ប្រទេសដែលមានពលរដ្ឋកើតជំងឺមិនឆ្លងនេះច្រើន គឺជាបន្ទុកនៃសង្គមដ៏ធ្ងន់ធ្ងរ ។ សូមកុំលេងសើចហើយព្រងើយនឹងបញ្ហា ពីព្រោះវា គឺជារឿងដែលគំរាមកំហែងដល់ជោគវាសនាពលរដ្ឋ និងប្រទេសនៅពេលអនាគត ៕
ចែករំលែកព័តមាននេះ