ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ទេសច​ណ៍ រំពឹង​ថា​ ឆ្នាំ​២០២៥នេះ ភ្ញៀវ​ទេសចរ​បរទេស​មក​កម្ពុជា ​នឹង​កើន​ឡើងលើស​ពី ៧លាន​នាក់

7 ម៉ោង មុន

រាជធានី​ភ្នំពេញ ​៖ ថ្លែង​ក្នុង​ពិធី​បើក​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២៤ និង​លើក​ទិស​ដៅ​ការងារ​ឆ្នាំ​២០២៥ របស់​ក្រសួងទេសចរណ៍ កាលពី​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២៥ ឯកឧត្តម ហួត…

រាជធានី​ភ្នំពេញ ​៖ ថ្លែង​ក្នុង​ពិធី​បើក​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២៤ និង​លើក​ទិស​ដៅ​ការងារ​ឆ្នាំ​២០២៥ របស់​ក្រសួងទេសចរណ៍ កាលពី​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ បាន​បង្ហាញ​នូវ​ក្តី​រំពឹង​ជា​ថ្មី​ថា នៅ​ឆ្នាំ​២០២៥នេះ កម្ពុជា​នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​បរទេស​លើស​ពី ៧លាន​នាក់ ក្រោម​ការ​បន្ត​ដាក់​ចេញ​វិធានការ​គន្លឹះ​នានា​ ជា​បន្តបន្ទាប់​របស់​រាជរដ្ឋាភិបាល ក៏​ដូច​ជា​ការ​ជំរុញ​ការ​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​នានា​ របស់​ក្រសួងទេសចរណ៍​ ។

ឯកឧត្តម​រដ្ឋមន្ត្រី ​ក៏​បាន​រំឭក​ទ្បើ​ង​វិញ​ថា នៅ​ឆ្នាំ​២០២៤ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​សរុប ​៦.៧​លាន​នាក់ កើនឡើង ២៣% ធៀប​នឹង​ឆ្នាំ​២០២៣ ជាមួយ​ទេសចរ​ជាតិប្រមាណ​ ២២.៥២​លាន​នាក់ កើនឡើង ២០.១% ធៀប​នឹង​ឆ្នាំ​២០២៣ ​។

​ឯកឧត្តម​រដ្ឋមន្ត្រី​បន្ថែម​ថា ដោយ​យោង​តាម​និន្នាការ​ខាងលើ និង​ការ​បន្ត​ដាក់​ចេញ​វិធានការ​គន្លឹះ​នានា​ ជា​បន្តបន្ទាប់​របស់​រាជរដ្ឋាភិបាល ក៏​ដូច​ជា​ការ​ជំរុញ​ការ​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​នានា​ របស់​ក្រសួងទេសចរណ៍ យើង​រំពឹង​ចំនួន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ នឹង​កើនឡើង​ពី ​៧.២​លាន​នាក់​ទៅ​៧.៥​លាន​នាក់ នៅ​ឆ្នាំ​២០២៥​នេះ​ ។

​ឯកឧត្តម​រដ្ឋមន្ត្រី​ បាន​បន្ត​ទៀត​ថា យោង​តាម​អភិក្រម​ នៃ​ជវភាព​ប្រព័ន្ធ​តួអង្គ​តែ​មួយ ភាព​ជោគជ័យ​នេះ កើត​ចេញពី​សសរស្តម្ភ ​នៃ​កិច្ច​សហប្រតិបត្តិការ​ចំនួន​៦ ដែល​ត្រូវការ​ចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ រួម​មាន ​៖
១. កិច្ច​សហប្រតិបត្តិការ​នៅ​ថ្នាក់​ជាតិ ជាមួយ​អន្តរក្រសួង ស្ថាប័ន​
២. កិច្ច​សហប្រតិបត្តិការ​ជាមួយ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ពិសេស​គណៈ​អភិបាល​រាជធានី​-​ខេត្ត​ទាំង​២៥
៣. កិច្ច​សហប្រតិបត្តិការ​ជាមួយ​វិស័យ​ឯកជន​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក​
៤. កិច្ច​សហប្រតិបត្តិការ​ជាមួយ​ស្ថាន​ឯកអគ្គរដ្ឋទូត ស្ថាន​ឯកអគ្គរាជទូត​បរទេស​ប្រចាំ​នៅ​កម្ពុជា ដៃគូ​អភិវឌ្ឍ ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​/​ស្ថាន​កុងស៊ុល​កម្ពុជា​នៅ​បរទេស កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​កម្រិត​ទ្វេភាគី ពហុភាគី អនុ​តំបន់ តំបន់ (​អាស៊ាន​) និង​ពិភពលោក​
៥. កិច្ច​សហប្រតិបត្តិការ​ជាមួយ​បណ្តាញសារព័ត៌មាន និង​អ្នក​ផលិត​មាតិកា​ព័ត៌មាន​
៦. ការ​ចូលរួម​ពី​ម្នាក់​ៗ មាន​ន័យ​ថា ពី​យើង​ម្នាក់​ៗ ពី​ទេសចរ​ម្នាក់​ៗ និង​ពី​បុគ្គល​ដែល​ទទួល​ប្រយោជន៍​ពី​វិស័យ​ទេសចរណ៍​ទាំងអស់​គ្នា​ផង​ដែរ ​។​
ឯកឧត្តម ​ហួត ហាក់ បាន​បន្ត​ទៀត​ថា ជាមួយ​បញ្ហា​ប្រឈម និង​ការ​គិតគូរ​ជា​យុទ្ធសាស្ត្រ​នានា លោក​ស្នើ​ឱ្យ​អង្គសន្និបាត​ចាប់អារម្មណ៍ និង​ពិភាក្សា​លើ​ចំណុច​គន្លឹះ​មួយ​ចំនួន ដែល​រួម​មាន ​៖

ទី​១. ការ​វាយតម្លៃ​ឱ្យ​បាន​ម៉ត់ចត់ និង​គ្រប់​ជ្រុងជ្រោយ​ពី​កត្តា​ខាងក្រៅ និង​កត្តា​ខាងក្នុង ដែល​អាច​មាន​ឥទ្ធិពល​មក​លើ​វិស័យ​ទេសចរណ៍​សាកលលោក តំបន់ និង​វិស័យ​ទេសចរណ៍​កម្ពុជា ក្នុង​ឆ្នាំ​២០២៥​នេះ និង​បណ្តា​ឆ្នាំ​ខាង​មុខ​។

ទី​២. ការ​ជំរុញ និង​បង្កើន​ការ​ឃោសនា​ផ្សព្វផ្សាយ​ទេសចរណ៍ កិត្តិនាម​កម្ពុជា និង​ប្រយុទ្ធ​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ តាម​គ្រប់​រូបភាព និង​គ្រប់​មធ្យោបាយ ពិសេស​នៅ​តាម​ទីផ្សារ​ទេសចរណ៍​សំខាន់​ៗ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ និង​វិនិយោគិន ធ្វើ​ឱ្យ​ពិភពលោក​ស្គាល់​កម្ពុជា​កាន់តែ​ច្បាស់ (Bring Cambodia to the World) និង​ទាក់ទាញ​ពិភពលោក​មក​ទស្សនា​កម្ពុជា (Bring the World to Cambodia) ។

ទី​៣. ការ​រួម​គ្នា​ប្រែក្លាយ​រដូវ​កាល​ភ្ញៀវ​តិច (Low Season) មក​ជា​រដូវ​កាល​បៃតង (Green Season) តាម​រយៈ​ការ​ដាក់​ចេញ​នូវ​យុទ្ធនាការ វិធានការ​គន្លឹះ និង​ផែនការ​សកម្មភាព​នានា ដោយ​ឈរ​លើ​ភាព​ជាក់ស្តែង​និយម​ ។

ទី​៤. ការ​បើក​ទូលាយ​ទីផ្សារ​ទេសចរណ៍ និង​ការ​ទាក់ទាញ​ជើងហោះហើរ​ត្រង់​មក​កាន់​កម្ពុជា ឱ្យ​បាន​កាន់តែ​ច្រើន​។

ទី​៥. ការ​សម្រួលការ​ធ្វើ​ដំណើរ និង​ដឹក​ជញ្ជូន​ទេសចរណ៍ ពិសេស​នៅ​តាម​ច្រកព្រំដែន​អន្តរជាតិ ផ្លូវទឹក ផ្លូវគោក ផ្លូវអាកាស ទាំង​បែបបទ​ចូល​-​ចេញ​របស់​ភ្ញៀវ និង​ការ​ធ្វើ​ដំណើរ​ត​ភ្ជាប់​ទៅ​កាន់​គោលដៅ​ទេសចរណ៍​នានា​។

ទី​៦. ការ​ពង្រឹង​សណ្តាប់ធ្នាប់ សន្តិសុខ និង​សុវត្ថិភាព​ភ្ញៀវ​ទេសចរ នៅ​តាម​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍ និង​តាម​គោលដៅ​ទេសចរណ៍​។

ទី​៧. ការ​រៀបចំ​កញ្ចប់​ទស្សនកិច្ច​ឱ្យ​មាន​ភាព​កាន់តែ​សម្បូរ​បែប ច្នៃប្រឌិត ពោរពេញ​ដោយ​ភាព​ទាក់ទាញ និង​ប្រកួតប្រជែង​ខ្ពស់​។

ទី​៨. ការ​អភិវឌ្ឍ និង​ធ្វើ​ពិពិធ​កម្ម​ផលិតផល​ទេសចរណ៍​ប្រភេទ​ផ្សេង​ៗ ទាំង​ទេសចរណ៍វប្បធម៌​, ទេសចរណ៍​បែប​ជំនឿ​សាសនា​, អេកូ​ទេសចរណ៍ ទេសចរណ៍​សមុទ្រ ទេសចរណ៍​ច្នៃប្រឌិត ទេសចរណ៍​បែប​កម្សាន្ត ទេសចរណ៍​ធុរកិច្ច​ និង​វិនិយោគ ទេសចរណ៍​ម្ហូបអាហារ ទេសចរណ៍​ទិញ​ទំនិញ ទេសចរណ៍ MICE និង​ប្រភេទ​ផ្សេង​ៗ​ទៀត នៅ​តាម​គោលដៅ​ទេសចរណ៍​អាទិភាព តំបន់​ភ្នំពេញ តំបន់​សៀមរាប តំបន់ឆ្នេរ តំបន់​ភូមិភាគ​ឦសាន ព្រមទាំង​តំបន់​ដែល​មាន​សក្តានុពល​ផ្សេង​ៗ​ទៀត រួម​មាន តំបន់​សក្តានុពល​ទេសចរណ៍​តាម​ព្រំដែន​ជាដើម​។

ទី​៩. ការ​ជំរុញ​ការ​អភិវឌ្ឍ​ប៉ូ​ល​ទេសចរណ៍​អាទិភាព និង​គោលដៅ​ទេសចរណ៍​ជា​កញ្ចប់ (Cluster Destination)​។

ទី​១០. ការ​ជំរុញ​ចរន្ត​ភ្ញៀវ​ទេសចរ​ក្នុងស្រុក ដោយ​ឈរ​លើ​គោលការណ៍ «​ទេសចរណ៍​ផ្សារ​ភ្ជាប់​ទឹកដី​» និង «​ស្រឡាញ់​ជាតិ ត្រូវ​ស្គាល់​ទឹកដី​» រួម​ជាមួយ​ចរន្ត​ភ្ញៀវ​ទេសចរ​បរទេស​ផ្ទៃក្នុង​ទៅ​គ្រប់​គោលដៅ​ទេសចរណ៍​ទូ​ទាំង​ប្រទេស ព្រមទាំង​ការ​ជំរុញ​ការ​ប្រើប្រាស់​ផលិតផល​ក្នុងស្រុក​។

ទី​១១. ការ​គ្រប់គ្រង​ឧស្សាហកម្ម​ទេសចរណ៍ ការ​អនុវត្ត​ស្តង់ដា​គុណភាព និង​ប្រព័ន្ធ​ចំណាត់ថ្នាក់​អាជីវកម្ម​ទេសចរណ៍ ការ​ពង្រឹង​ប្រព័ន្ធ​គ្រប់គ្រង​អាជ្ញា​បណ្ណ​ទេសចរណ៍ ការ​គ្រប់គ្រង​គោលដៅ​ទេសចរណ៍ និង​ការ​លើកកម្ពស់​ភាព​ស្អាត អនាម័យ និង​បៃតង ។

និង​ទី​១២. ការ​ជំរុញ​ការ​វិនិយោគ និង​ការ​បង្កើត​តម្លៃបន្ថែម​ក្នុង​ខ្សែ​ច្រវាក់​ទេសចរណ៍ តាំងពី​ដើម​ខ្សែ រហូត​ដល់​ចុង​ខ្សែ និង​យន្តការ​គាំទ្រ​អាជីវកម្ម និង​ធុរកិច្ច​ទេសចរណ៍ និង​សហគ្រាស​ធុន​តូច និង​មធ្យម ក្នុង​វិស័យ​ទេសចរណ៍​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ