ខេត្តស្ទឹងត្រែង ៖ ក្រុមហ៊ុនអាជីវកម្មធនធានរ៉ែ(សម្រាប់អាជីវកម្មរ៉ែធ្យូងថ្ម) ត្រូវបានម្ចាស់ចម្ការនៅឃុំតាឡាត់ ស្រុកសេសាន ចោទថា បានបំពាន ដោយការដុតបំផ្លាញផលដំណាំក្នុងចម្ការពួកគាត់អស់ជាច្រើនហិកតា ។

លោក កឹម កុសល និងប្រពន្ធឈ្មោះ សល់ ស្រីណាក់ ជាម្ចាស់ចម្ការដំណាំ រស់នៅភូមិស្វាយរៀង ឃុំតាឡាត់ ស្រុកសេសាន ខេត្តស្ទឹងត្រែង បានរៀបរាប់ប្រាប់សារព័ត៌មានកោះសន្តិភាពនាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ថា ដំណាំនៅលើដីចម្ការរបស់ពួកគាត់មាន កៅស៊ូ ស្វាយចន្ទី និងដំឡូង ត្រូវក្រុមហ៊ុនចិនធ្វើអាជីវកម្មរ៉ែធ្យូងថ្មដុតបំផ្លាញ ឆេះរាលខូចខាតស្ទើរទាំងស្រុង ។
ទាក់ទិនករណីខាងលើនេះ ម្ចាស់ចម្ការបានរៀបរាប់បន្តថា កាលពីថ្ងៃទី២៣ កុម្ភៈ មុនភ្លើងឆេះ ក្រុមហ៊ុនបានចរចាសុំទិញដីពួកគាត់ចំនួន២ហិកតា ។ បន្ទាប់មកក្រុមហ៊ុនបានឲ្យធ្វើព្រំរបង តែពុំទាន់ទូទាត់លុយឲ្យឡើយ ស្រាប់តែនៅរសៀលថ្ងៃទី២៣ កុម្ភៈដដែល ក្រុមហ៊ុនចាប់ផ្តើមដុតភ្លើងបំផ្លាញដំណាំ ឆេះរហូតដល់ថ្ងៃទី២៥ កុម្ភៈ និងរាលបន្តឆេះដំណាំកៅស៊ូ ដំណាំស្វាយចន្ទី និងដំឡូងខ្ទេចខ្ទីអស់ ។
លោកបន្តថា ខណៈដែលភ្លើងបន្តឆេះយ៉ាងគំហុក ពួកគាត់ក៏បានទៅប្រាប់ក្រុមហ៊ុនឲ្យយកត្រាក់ទ័រកាយចង្អួរ ដើម្បីទប់ស្កាត់មុខភ្លើង ប៉ុន្តែពួកក្រុមហ៊ុនពុំបានអើពើអ្វីនោះឡើយ ។

ម្ចាស់ចម្ការខាងលើនេះបន្ថែមទៀតថា ខណៈភ្លើងឆេះ ពួកគាត់ក៏បានទៅរាយការណ៍ប្រាប់មេឃុំ និងបានអញ្ជើញភាគីខាងក្រុមហ៊ុនមកជួប តែក្រុមហ៊ុនមិនបានមកជួបនោះឡើយ ដោយតម្រូវឲ្យពួកគាត់ទៅជួបនៅក្រុមហ៊ុនផ្ទាល់វិញ ។ ចំណែកលោកមេភូមិ ក៏ពួកគាត់បានទំនាក់ទំនងទៅជាច្រើនលើកច្រើនសា ដើម្បីឱ្យជូនពួកគាត់ទៅជួបក្រុមហ៊ុន ប៉ុន្តែលោកមេភូមិពុំបានឆ្លើយតបឡើយ រហូតមកដល់ថ្ងៃទី២៦ កុម្ភៈ ២០២៥ ។
លោក ពី វ៉ាង ប្រធានភូមិស្វាយរៀង ឃុំតាឡាត់ ឱ្យដឹងថា ករណីខាងលើពិតជាបានកើតឡើងប្រាកដមែន ហើយប្រជាពលរដ្ឋក៏បានរាយការណ៍ជូនលោកផងដែរ តែពេលនោះ លោកគ្រេចជើងដោយសារដេញគោ ក៏បានឲ្យអនុភូមិចុះទៅជំនួស តែរហូតមកទល់ពេលនេះមិនទាន់ទទួលបានព័ត៌មានណាមួយពីអនុភូមិនោះឡើយ ។
លោក មូន ខិប មេឃុំតាឡាត់ ស្រុកសេសានបានឲ្យដឹងថា ពាក់ព័ន្ធករណីខាងលើ ពលរដ្ឋបានរាយការណ៍ជូនគាត់រួចហើយកាលពីម្សិលមិញ ។ លោកថា ប្រជាពលរដ្ឋបានរាយការណ៍ថា ចម្ការរបស់ពួកគាត់ត្រូវក្រុមហ៊ុនចិនដុតឲ្យឆេះ ។ គាត់ក៏បានតបទៅប្រជាពលរដ្ឋវិញថា ត្រូវស៊ើបឲ្យច្បាស់សិន ថាតើក្រុមហ៊ុនដុតពិតប្រាកដមែន ឬមួយមកពីរឿងផ្សេង ព្រោះក្នុងរដូវនេះកន្លែងណាក៏មានភ្លើងឆេះព្រៃដែរ ។

លោកមេឃុំបន្ថែមថា ប្រសិនបើក្រុមហ៊ុនជាអ្នកដុតមែន សូមឱ្យជួបជាមួយក្រុមហ៊ុនដើម្បីដោះស្រាយគ្នា ។ លោកមេឃុំបានបញ្ជាក់ថា ម្ចាស់ចម្ការនេះមានរឿងច្រើនណាស់ នៅឃុំតាឡាត់ ។ ហើយករណីនេះ លោកក៏បានបញ្ជាឲ្យជំទប់ឃុំចុះទៅពិនិត្យជាក់ស្ដែងផងដែរ តែពុំទាន់ទទួលបានលទ្ធផលយ៉ាងណាទេ ។
លោក យិន សុខម៉េង អ្នកបកប្រែក្នុងក្រុមហ៊ុន ហ្គ្រីនវូត ឌីវេឡុបមេន ខមភេនី អិលធីឌី បានបញ្ជាក់ប្រាប់កោះសន្តិភាពនារសៀលថ្ងៃទី២៦ កុម្ភៈថា ពាក់ព័ន្ធបុគ្គលឈ្មោះ កុសល ម្ចាស់ចម្ការនោះ កន្លងមកគឺមានការពាក់ព័ន្ធជាមួយនឹងក្រុមហ៊ុនមែន ហើយក្រុមហ៊ុនក៏បានដោះស្រាយគោលនយោបាយជូនគាត់ដែរ ។
រីឯការពាក់ព័ន្ធភ្លើងឆេះនោះ គាត់មិនអាចចោទប្រកាន់មកក្រុមហ៊ុនបាននោះទេ ប្រសិនគាត់មានភស្តុតាងជាក់លាក់ណាមួយ ឬក៏ថតបានសកម្មភាពឱ្យច្បាស់ថា អ្នកនៅក្នុងក្រុមហ៊ុនដុតពិតប្រាកដមែន យើងនឹងទទួលខុសត្រូវ ។ តែករណីឆេះមិនមានភស្តុតាងច្បាស់លាស់ ហើយចោទប្រកាន់ក្រុមហ៊ុន ក្រុមហ៊ុននឹងមានសិទ្ធិប្ដឹងតបវិញបាន។

យើងដឹងហើយថា នៅរដូវក្តៅនេះឱ្យតែមានព្រៃងាប់ស្ងួតតែងតែឆេះគ្រប់កន្លែង ដូច្នេះគាត់មានសំអាងអ្វីទើបចោទថាក្រុមហ៊ុនដុតនោះ ។ លោកបន្តថា ជាធម្មតាក្រុមហ៊ុនវិនិយោគជា មួយរដ្ឋ លើអាជីវកម្មរ៉ែនៅបរិវេណក្នុងទំហំផ្ទៃដីដែលមានខ្សែរ៉ែ ក្រុមហ៊ុនជីកតាម បើមានប៉ះពាល់លើផលដំណាំប្រជាពលរដ្ឋ ក្រុមហ៊ុនក៏រៀបចំគោលនយោបាយដើម្បីដោះស្រាយជូនពួកគាត់ផងដែរ ។
សូមបញ្ជាក់ថា ក្រុមហ៊ុន ហ្គ្រីនវូត ឌីវេឡុបមេន ខមភេនី អិលធីឌី (Green Wood Development Company Ltd.) ទទួលបានសិទ្ធិវិនិយោគពីរាជរដ្ឋាភិបាលតាមរយៈក្រសួងរ៉ែ និងថាមពល ដោយសម្រេចផ្តល់អាជ្ញាប័ណ្ណឧស្សាហកម្ម អាជីវកម្មធនធានរ៉ែលើទំហំផ្ទៃដី២០,៧៥គីឡូម៉ែត្រការ៉េ ក្នុងភូមិសាស្ត្រតំបន់តាឡាត់ ស្រុកសេសាន ដែលត្រូវដំណើរការ ។ អាជ្ញាប័ណ្ណនេះ មានសុពលភាព១៣(ដប់បី)ឆ្នាំ ចាប់ពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០៣៤ ៕
ចែករំលែកព័តមាននេះ