ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំហំ​សមាមាត្រ​ប្រជាពលរដ្ឋ​ដែល​ក្លាយជា​កូនបំណុល​របស់​ស្ថាប័នហិរញ្ញវត្ថុ​នានា​ដែល​មាន គឺ​មាន​ទំហំ​សរុប​ស្មើនឹង​ជាង​២៣​ភាគរយ​នៃ​ចំនួន​ប្រជាពលរដ្ឋ​សរុប​ដែល​មាន​ប្រមាណ​ជា​១៧​លាន​នាក់ ។ តើ​យើង​គ្រប់​គ្នា គួរ​ធ្វើ​អ្វី ដើម្បី​កុំអោយ​លង់ខ្លួន​នៅ​ក្នុង​វិបត្តិ​ហិរញ្ញវត្ថុ ឬ​លុយកាក់? ទំហំ​នៃ​សមាមាត្រ​ពលរដ្ឋ​ដែល​ជា​កូនបំណុល​របស់​ស្ថាប័ន​ធនាគារ និង​ហិរញ្ញវត្ថុ​នេះ​មិនធំ​ឡើយ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​បើ​និយាយ​អំពី​ទឹកប្រាក់​វិញ​គឺ​មាន​ទំហំ​ធំ​គួរសម​ដែរ…

ទំហំ​សមាមាត្រ​ប្រជាពលរដ្ឋ​ដែល​ក្លាយជា​កូនបំណុល​របស់​ស្ថាប័នហិរញ្ញវត្ថុ​នានា​ដែល​មាន គឺ​មាន​ទំហំ​សរុប​ស្មើនឹង​ជាង​២៣​ភាគរយ​នៃ​ចំនួន​ប្រជាពលរដ្ឋ​សរុប​ដែល​មាន​ប្រមាណ​ជា​១៧​លាន​នាក់ ។ តើ​យើង​គ្រប់​គ្នា គួរ​ធ្វើ​អ្វី ដើម្បី​កុំអោយ​លង់ខ្លួន​នៅ​ក្នុង​វិបត្តិ​ហិរញ្ញវត្ថុ ឬ​លុយកាក់?

ទំហំ​នៃ​សមាមាត្រ​ពលរដ្ឋ​ដែល​ជា​កូនបំណុល​របស់​ស្ថាប័ន​ធនាគារ និង​ហិរញ្ញវត្ថុ​នេះ​មិនធំ​ឡើយ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​បើ​និយាយ​អំពី​ទឹកប្រាក់​វិញ​គឺ​មាន​ទំហំ​ធំ​គួរសម​ដែរ ។

យោង​តាម​របាយការណ៍​ប្រចាំឆ្នាំ​២០២៤ និង​ទិស​ដៅ​ឆ្នាំ​២០២៥ ដែល​ប្រកាស​ចេញ​ថ្មី​ៗ​នេះ​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា កាលពី​ឆ្នាំទៅ​ចំនួន​ពលរដ្ឋ​ដែល​បាន​ក្លាយជា​កូនបំណុល​របស់​ស្ថាប័នហិរញ្ញវត្ថុ​នានា​ដែល​ស្របច្បាប់ គឺ​បន្ត​កើនឡើង​ថែម​ទៀត​គ្រាន់តែ​មិនសូវ​ខ្ពស់ ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា ចំនួន​គណនី​កូនបំណុល​ដែល​ភាសា​នៅ​ក្នុង​ប្រព័ន្ធ​ធនាគារ​គេ​និយាយ​ឲ្យ​ស្រួល​ស្តាប់​ថា គណនី​ឥណទាន កាលពី​ឆ្នាំ​២០២៤ គឺ​មាន​កំណើន​កើនឡើង​២,៧​ភាគរយ​ដែល​នាំ​ឲ្យ​អ្នក​ដែល​ជា​កូនបំណុល​នេះ​ឡើង​ដល់​៤​លាន​គណនី ពោល គឺ​ស្មើ​ត្រឹមតែ​ជាង​២៣ ភាគរយ​ធៀប​នឹង​ប្រជាពលរដ្ឋ​សរុប ។

ពលរដ្ឋ​ដែល​ជា​កូនបំណុល​ទាំង​ជាង​២៣​ភាគរយ​នេះ បច្ចុប្បន្ន គឺ​បាន​ជំពាក់​ស្ថាប័នហិរញ្ញវត្ថុ​ទាំងអស់ ដែល​មាន​ធនាគារពាណិជ្ជ​ចំនួន​៥៩ ធនាគារ​ឯកទេស​៩ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​៨៩ គ្រឹះស្ថាន​ឥណទាន​ជនបរទេស​ចំនួន​១១៤ គឺ​មាន​ទំហំ​គិត​ជា​សាច់ប្រាក់ ប្រមាណ​ជា​ជិត​៦០​ពាន់​លាន​ដុល្លារ ។

ផ្អែក​តាម​ស្ថិតិ​របស់​ធនាគារជាតិ​កម្ពុជា បាន​ឲ្យ​ដឹង​ថា ទំហំ​ទឹកប្រាក់​ដែល​ពលរដ្ឋ​យក​ប្រាក់​ទៅ​ដាក់​ជា​ប្រាក់​បញ្ញើ​នៅ​ធនាគារ​ថ្វី​ត្បិត​តែ​មាន​គណនី​ច្រើន ពោល គឺ​រហូត​ដល់​ទៅ​ជាង​២៣​លាន​គណនី តែ​សាច់ប្រាក់​ទៅ​ដាក់​នោះ គឺ​មាន​ត្រឹមតែ​៥៧​ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ ។

អ​តុល្យភាព​រវាង​ទំហំ​សាច់ប្រាក់​ដែល​ពលរដ្ឋ​យក​ទៅ​ដាក់​ជា​ប្រាក់​បញ្ញើ និង​ទំហំ​សាច់ប្រាក់ ដែល​ពលរដ្ឋ​ជាប់ជំពាក់​ជា​កូនបំណុល​របស់​សា្ថ​ប័ន​ហិរញ្ញវត្ថុ​ទាំងនេះ​មិនមែន​ជា​រឿង​ថ្មី​នោះ​ទេ ។ វា​កើត​មាន​ឡើង​តាំងពី​ដើម​រាង​មក ហើយ​វា​ក៏​ជា​ស្ថានភាព​ទូទៅ​រវាង​បំណុល និង​បញ្ញើ​របស់​ស្ថាប័នហិរញ្ញវត្ថុ​នៅ​ប្រទេស​នានា​មួយ​ចំនួន​ផង​ដែរ ប៉ុន្តែ​អ្វី​ដែល​ប្លែក​នោះ ហើយ​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ គឺ​ការ​ប៉ោង​ឡើង​នៃ​ទំហំ​ឥណទាន​មិន​ដំណើរការ ដោយ​ស្ថាប័ន​ធនាគារ​មាន​ដល់ ៧,៩​ភាគរយ ហើយ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ គឺ​ឡើង​ដល់​៩​ភាគរយ ។

ដោយសារ​តែ​បញ្ហា​នេះ​ហើយ​បាន​ធ្វើ​ឲ្យ​ស្ថានភាព​សេដ្ឋកិច្ច​កម្ពុជា​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ធាក់​ថយ ដែល​តម្រូវ​ឲ្យ​ស្ថាប័នហិរញ្ញវត្ថុ​នានា​មានការ​ប្រុង​ប្រយ័ត្ន នៅ​ក្នុង​ការ​បញ្ចេញ​ប្រាក់​កម្ចី ទៅ​អោយ​ពលរដ្ឋ​ដែល​ត្រូវការ​ពិតប្រាកដ​យក​ទៅ​វិនិយោគ ឬ​ក៏​បង្កើត​មុខរបរ​ចិញ្ចឹមជីវិត ។

នៅ​ក្នុង​ស្ថានភាព​នេះ វា​ហាក់ដូចជា «​ចុះ​ទឹក​ក្រពើ​ឡើង​លើ​ខ្លា​» ដូច្នេះ​ដែរ ។ ដើម្បី​បញ្ជៀ​ស​បញ្ហា​នេះ ស្ថាប័ន​ធនាគារ​គួរតែ​សិក្សា​ឲ្យ​ច្បាស់​អំពី​សេវាកម្ម​ឥណទាន​របស់​ខ្លួន​ឡើង​វិញ ពោល​គួរតែ​លើកកម្ពស់ និង​ផ្តល់​អាទិភាព​ដល់​សេវាកម្ម​ណា​ដែល​មានឱកាស ជា​ពិសេស គឺ​ពាក់ព័ន្ធ​នឹង​សកម្មភាព​រក​ប្រាក់​ចំណូល និង​បង្កើត​មុខរបរ ហើយ​ដាក់​កម្រិត ឬ​ពង្រឹង​ការ​រឹតត្បិត​លើ​ប្រភេទ​សេវាកម្ម​ណា ដែល​នាំ​ឲ្យ​ពលរដ្ឋ​កាន់តែ​លុងខ្លួន​នៅ​ក្នុង​ស្ថានភាព​នៃ​បំណុល​វណ្ឌ​ក ជា​ពិសេស គឺ​ពាក់ព័ន្ធ​នឹង​អ្វី​ដែល​ជា​សម្ភារៈ​និយម ឧទាហរណ៍​ដូច​ជា សេវាកម្ម​កម្ចី​បង់​រំ​លោះ​ផ្សេង​ៗ ។ ប៉ុន្តែ​ក៏​កុំ​បិទ​ដែរ​ពីព្រោះ​វា​ក៏​ជា​ក៏​ជា​ចរន្ត​មួយ​ដ៏​សកម្ម​នៃ​លំហូរ​សាច់ប្រាក់ ហើយ​វា​មាន​ទំនាក់ទំនង​នឹង​ចរាចរណ៍​ទំនិញ​ផ្សេង​ៗ​ដែរ ។

ធនាគារ​ត្រូវ​តែ​សិក្សា​វាយតម្លៃ​ឲ្យ​ហ្មត់ចត់​កុំ​ចេះ​តែ​ប៉ាន់ស្មាន ហើយ​គួរតែ​ផ្អាក​អនុវត្ត​ការ​កំណត់​គោលដៅ​ដែល​គេ​ហៅ​ថា គោលដៅ​កំណត់ ( target ) ដល់​បុគ្គលិក​ខ្លាំង​ពេក ។ និយាយ​ឲ្យ​ចំ​ទៅ​ស្ថាប័ន កុំ​បិទ ឬ​កុំ​លើកកម្ពស់​ខ្លាំង​ពេក គឺ​គួរតែ​កំណត់​នូវ​យុទ្ធសាស្ត្រ​សម​មូល​មួយ ដើម្បី​ធ្វើ​យ៉ាងណា​ធានា​ឲ្យ​វិស័យ​នេះ​មាន​លំនឹង ហើយ​ចរន្ត​សាច់ប្រាក់​ដែល​ពលរដ្ឋ​ត្រូវការ​ពិតប្រាកដ​ក៏​អាច​មាន​ច្រក​ធានា​បាន​នូវ​លំហូរ​នៃ​ចរន្ត​សាច់ប្រាក់​ឆ្លើយ​តប​នឹង​តម្រូវការ និង​លទ្ធភាព​របស់​ប្រជាពលរដ្ឋ ។

ដោយឡែក ពលរដ្ឋ​វិញ​អ្វី​ដែល​យើង​គិត​ថា មិន​ចាំបាច់​នោះ​យើង​គួរតែ​ផ្អាក​សិន​ទៅ​កុំ​យក​ខ្លួន​ទៅ​លង់​នៅ​ក្នុង​បំណុល​នោះ​ខ្លាំង​ពេក ។ ជា​ទូទៅ ប្រសិនបើ​យើង​រស់នៅ​ក្នុង​ជីវភាព​មួយ​ដែល​បំណុល​ស្មើនឹង​៥០​ភាគរយ​នៃ​ចំណូល​ហើយ គឺ​កុំ​ដំឡើង​បំណុល​បន្ថែម ។ សូម​រិះរក​វិធីសាស្ត្រ​កាត់​បន្ថយ​ឲ្យ​អស់​លើ​ការ​ចំណាយ​ដើម្បី​ព្យាយាម​ដោះស្រាយ​រឿង​បំណុល​បន្តិច​ម្តង​ៗ ។

ប្រជាជន​កម្ពុជា​ត្រូវ​ទប់ចិត្ត​អោយ​បាន ដើម្បី​មិន​លង់ខ្លួន​នឹង​បំណុល​ណា​មិន​ចាំបាច់​ឧទាហរណ៍​ដូច​ជា សម្ភារៈ​និយម​មាន​ឡាន ម៉ូតូ ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច ទូរស័ព្ទ​ជាដើម ។ បើ​វា​ខូចខាត គឺ​ព្យាយាម​ជួសជុល​ប្រើប្រាស់​សិន ។ បើ​ប្រើ​មិន​បាន​ចាំ​គិតដល់​ការ​ទិញ​ថ្មី ។ អ្វី​ដែល​យើង​គួរតែ​គិត គឺ​កម្ចី​ណា​ដែល​មាន​ប្រយោជន៍ ពោល គឺ​កម្ចី​ដែល​យក​ទៅ​រកស៊ី បង្កើត​មុខរបរ ហើយ​ដាក់​ការ​ប្តេជ្ញា​ចិត្ត​ឲ្យ​មុខរបរ​នោះ​ដំណើរការ​ទៅ​ដោយ​រលូន​ចាំ​គិត​ទៀត ។

សរុប​ទៅ​ប្រសិនបើ​យើង​ទាំងអស់​គ្នា ស្ថិត​នៅ​ក្នុង​ដំណាក់កាល ដែល​កំពុង​តែ ជាប់បំណុល​ព្រោះ​មុខរបរ ម​តស៊ូ​ក្រាញននៀល​បន្ត​ខិតខំ​ពង្រឹង​មុខរបរ ដើម្បី​យើង​អាច​មាន​ទុនសង​គេ​ហើយ​ឈាន​ធ្វើ​ឲ្យ​មុខរបរ​យើង​ជោគជ័យ ។ ប៉ុន្តែ​ប្រសិនបើ​ជាប់បំណុល​ព្រោះ​សម្ភារៈ​និយម ពេល​សង​គេ​អស់​កុំ​បន្ត​ទៀត ។ ជាប់បំណុល ព្រោះ​មុខរបរ គឺ​វា​កម្ចី​ដែល​នាំ​ឲ្យ​យើង​តស៊ូ​ហើយ​លទ្ធផល គឺ​រីក​ចម្រើន​ដល់​យើង ។ ប៉ុន្តែ​ប្រសិនបើ​ជាប់បំណុល​ព្រោះ​សម្ភារៈ​វា គឺជា​ប្រភេទ​បំណុល​ដែល​មាន​តែ​ការ​ចំណាយ ។ បំណុល​ប្រភេទ​នេះ​ជា​បំណុល​ឥតប្រយោជន៍ សូម​ព្យាយាម​កាត់​បន្ថយ​ហើយ​ឈាន​ទៅ​លុប​បំបាត់​ពី​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​របស់​យើង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ