ប្រទេសវៀតណាម ៖ ប្រទេសថៃបានអំពាវនាវឱ្យប្រទេសវៀតណាមស្វែងរកវិធានការ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ឱ្យកាន់តែរឹងមាំ ដោយនៅក្នុងនោះរួមមានទាំងគំនិតផ្តួចផ្តើម «ប្រទេសប្រាំមួយ គោលដៅតែមួយ»។
លោក Maris Sangiampongsa រដ្ឋមន្ត្រីការបរទេសថៃ ដែលបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាម ចាប់ពីថ្ងៃទី ២៣-២៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានថ្លែងនៅក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោក ផាំ មិញជិញ (Pham Minh Chinh) ថា ប្រទេសវៀតណាម គឺជាដៃគូក្នុងតំបនដ៏សំខាន់បំផុតរបស់ប្រទេសថៃ។
ទីភ្នាក់ងារសារព័ត៌មានវៀតណាម VNA បានរាយការណ៍ថា លោករដ្ឋមន្ត្រីបានសម្តែងក្តីសង្ឃឹមសម្រាប់កិច្ចសហប្រតិបត្តិការកាន់តែរឹងមាំនៅក្នុងវិស័យសេដ្ឋកិច្ច ទេសចរណ៍ ព្រមទាំងការតភ្ជាប់ និងពិសេសក្នុងការអនុវត្តគំនិតផ្តួចផ្តើម «ប្រទេសប្រាំមួយ គោលដៅតែមួយ» (Six Countries, One Destination)។
ប្រទេសថៃបានស្នើសុំទិដ្ឋាការរួមតាមបែប Schengen សម្រាប់ប្រទេសចំនួនប្រាំមួយ គឺកម្ពុជា ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ថៃ និងវៀតណាម។ ប្រសិនបើត្រូវបានអនុវត្ត អ្នកធ្វើដំណើរនឹងលែងត្រូវការទិដ្ឋាការ ឬលិខិតអនុញ្ញាតដាច់ដោយឡែកទៀតហើយ ដោយយកគំរូតាមតំបន់ Schengen របស់ទ្វីបអឺរ៉ុប លើទិដ្ឋាការរួមនឹងអនុញ្ញាតឱ្យអ្នកទេសចរធ្វើដំណើរដោយសេរីរវាងប្រទេសដែលបានចូលរួម។
សូមជម្រាបថា ប្រទេសថៃបានស្វាគមន៍ភ្ញៀវទេសចរបរទេសចំនួន ៣៥.៥លាននាក់កាលពីឆ្នាំមុន ពោលគឺកើនឡើង ២៦% បើធៀបនឹងឆ្នាំ ២០២៣ ជំនួយយ៉ាងសំខាន់ដោយគោលនយោបាយទិដ្ឋាការរបស់ខ្លួន។ ចំណែកឯប្រទេសវៀតណាម បានស្វាគមន៍ភ្ញៀវបរទេសចំនួន ១៧.៦លាននាក់ កាលពីឆ្នាំមុន ដែលតួលេខនេះ នៅជិតកម្រិតពីរបស់ខ្លួន ពោលគឺមុនពេលផ្ទុះជំងឺកូវីដ-១៩៕

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ