ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដោយសារ​តែ​ឃើញ​បញ្ហា​នៃ​ការ​ធ្វើ​អាជីវកម្ម និង​ការ​ប្រមូល​ផល​ពី​ដែន​ធម្មជាតិ​មិនមែន​ជា​រឿង​តូច​ប៉ុន​មាឌ​របស់​លៀស​នោះ លោក​បណ្ឌិត សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា បាន​ចេញ​សារ​ព្រមាន​ជា​ចំហមួយ​ដោយ​លើក​ឡើង​ថា​ការ​ប្រមូល​ផល​តាម​របៀប​បច្ចុប្បន្ន មាន​លក្ខណ​:​បំផ្លិចបំផ្លាញ ។ តាម​រយៈ​សារ​ដែល​បង្ហោះ​ចេញ…

ដោយសារ​តែ​ឃើញ​បញ្ហា​នៃ​ការ​ធ្វើ​អាជីវកម្ម និង​ការ​ប្រមូល​ផល​ពី​ដែន​ធម្មជាតិ​មិនមែន​ជា​រឿង​តូច​ប៉ុន​មាឌ​របស់​លៀស​នោះ លោក​បណ្ឌិត សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា បាន​ចេញ​សារ​ព្រមាន​ជា​ចំហមួយ​ដោយ​លើក​ឡើង​ថា​ការ​ប្រមូល​ផល​តាម​របៀប​បច្ចុប្បន្ន មាន​លក្ខណ​:​បំផ្លិចបំផ្លាញ ។

តាម​រយៈ​សារ​ដែល​បង្ហោះ​ចេញ កាលពី​រសៀល​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២៥ លោក សុខ ទូច បាន​លើក​ឡើង​ថា ការ​ធ្វើ​អាជីវកម្ម​លៀស ដែល​ជា​សិប្បីជាតិ​មួយ​ប្រភេទ​នោះ គឺ​មាន​ស្ថានភាព​គួរ​ឲ្យ​បារម្ភ ។ លោក​បាន​បញ្ជាក់​ថា «​គេ​ថា​រាវ​លៀស​រកតែ​មួយ​ក្រពះ​តាម​ពិត​គ្រាន់តែ​ជា​ការ​និយាយ​ដោះសារ​ទេ […] បើ​គ្រាន់តែ​នេសាទ​យក​មក​ធ្វើ​ជា​ចំណីអាហារ​របស់​មនុស្ស​មិន​ខ្វះ​លៀស​ហូប​នោះ​ទេ តែបើ​ធ្វើ​បែប​នេះ គឺ​នឹង​រលាយ […] ។

លោក​បណ្ឌិត បាន​ចែករំលែក​ជា​ចំហ​រថា ការ​នេសាទ​លៀស​នៅ​បឹង​ទន្លេសាប មាន​ទិដ្ឋភាព​បំផ្លិចបំផ្លាញ​ធនធានធម្មជាតិ​តែ​ម្តង ។
លោក​បណ្ឌិត​បាន​លើក​ឡើង​ថា អ្នក​ដែល​កំពុង​តែ​ធ្វើ​អាជីវកម្ម​រាវ​លៀស​ឥឡូវ គឺ​គេ មិនមែន​រាវ​ទេ គេ​យក​ម៉ាស៊ីន និង​ទូក​អូស​ជា​ទ្រង់ទ្រាយ​ធំ ដើម្បី​យក​ទៅ​ធ្វើ​ជា​ចំណី​ត្រី និង​កិន​ធ្វើ​ចំណី​សត្វ​ដទៃ​ទៀត ។

លោក​បណ្ឌិត បាន​បង្ហាញ​នូវ​ការ​ព្រួយបារម្ភ​ថា ការ​ធ្វើ​អាជីវកម្ម​បែប​នេះ គឺ​ធ្វើ​ឱ្យ​បាត់បង់​ចំណីអាហារ​សម្រាប់​មនុស្ស ហើយ​ព្រមាន​បន្ត​ថា នៅ​ពេល​ដែល​យើង​ដាច់​ពូជ អ្នក​ជិតខាង​នឹង​ដឹក​លៀស​មក​ឱ្យ​យើង​ហូប​ម្តង ។ លោក​បណ្ឌិត បាន​សង្កត់ធ្ងន់​ថា លៀស និង​ខ្ចៅ​នេះ​ជា​ជីវៈចម្រុះ​ដែល​មាននៅ​ក្នុង​បឹង​ទន្លេសាប​ធ្វើ​ឱ្យ​មាន​តុល្យភាព​អេកូឡូស៊ី ។ លោក​បណ្ឌិត បញ្ជាក់​ថា «​ចំណុច​ទាំង​អស់នេះ​ហើយ ក្រោយ​ការ​សិក្សា​ស្រាវជ្រាវ​រាជបណ្ឌិត្យសភាកម្ពុជា​បាន​ផ្ដល់​ធាតុ​ចូល​ទៅ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប ។ ដូច្នេះ ការ​អូស​លៀស គឺ​ធ្វើ​ឡើង​ដោយ​បែប​នេះ​មិនមែន​ជា​ការ​រាវ​លៀស​ជា​លក្ខណៈ​គ្រួសារ​ទេ​»​។

លោក​បាន​បន្ត​ទៀត​ថា បើ​គ្រាន់តែ​នេសាទ​យក​មក​ធ្វើ​ជា​ចំណីអាហារ​របស់​មនុស្ស​មិន​ខ្វះ​លៀស​ហូប​នោះ​ទេ តែបើ​ធ្វើ​បែប​នេះ គឺ​នឹង​រលាយ​ហើយ ដូច​អ្វី​ដែល​កើត​មាន​ក្នុង​ប្រវត្តិសាស្ត្រ គឺ​ករណី​ព្រៃ​ឬ​ស្សី​បន្ទាយលង្វែក​ដោយ​ប្រាក់ដួង ហើយ​លៀស​នេះ គឺ​ដោយសារ​ប្រាក់​ដុល្លារ​។ ជា​ការ​ពិត ធនធាន​លៀស​សព្វ​ថ្ងៃនេះ គឺ​ពិតជា​ខ្សត់​មែន ដូច្នេះ​ហើយ​ទើប​បានជា​តម្លៃ​របស់​វា​នៅ​លើ​ទីផ្សារ គឺ​ថ្លៃ​គួរសម ។

អ្នកលក់​លៀស​ហាល​មួយ​រូប​ឈ្មោះ ថា​នឿ​ន បាន​ឲ្យ​ដឹង​ដោយ​ខ្លី​ៗ​ថា លៀស​ឥឡូវ​ថ្លៃ ដូច្នេះ​ហើយ​លៀស​ហាល​មួយ​កំប៉ុង​ឥឡូវ​លក់​បាន​ដល់​ទៅ​៦​ទៅ​៧​ពាន់ ហើយ​ពេល​ខ្លះ​ដល់​១​ម៉ឺន​រៀល ជា​ពិសេស​ពួក​លៀស​ធំ​ៗ​ដែល​ឆ្ងាញ់ ។

ថា​នឿ​ន បាន​ឲ្យ​ដឹង​ថា របរ​នេះ​មិន​អាច​ធ្វើ​អ្នក​មានបាន​នឹង​គេ​ទេ ដោយ​លោកស្រី គឺ​ទៅ​យក​ពី​គេ​មក​លក់​ដែរ ពោល គឺ ផាត់​កម្លាំង ផាត់​ចំណាយ​ថ្លៃដើម ចំណេញ​គ្រាន់តែ​ចិញ្ចឹម​គ្រួសារ​តែ​ប៉ុណ្ណោះ ។

តាម​សេចក្តីរាយការណ៍​ដែល​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន​នៅ​ក្នុងស្រុក​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​មួយ​ឆ្នាំ​ៗ​លៀស​ប្រមាណ​ជា​២​ម៉ឺន​តោន​ត្រូវ​បាន​គេ​នេសាទ​ពី​ខេត្ត​៤​នៅ​ជុំវិញ​បឹង​ទន្លេសាប ពោល គឺ​ខេត្តពោធិសាត់ បាត់ដំបង សៀមរាប និង​កំពង់ធំ ។ តាម​ការ​ស្រាវជ្រាវ​របស់​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិរក្ស​ជលផល​ទឹកសាប​នៃ​រដ្ឋបាល​ជលផល​កម្ពុជា​ក៏​បាន​សំដែង​នូវ​ការ​ព្រួយបារម្ភ​រឿង​ការ​ធ្វើ​នេសាទ​ហួសប្រមាណ​លើ​សិប្បីសត្វ​នេះ​ដែរ ។

សិប្បីជាតិ​ដែល​ស្ថិត​នៅ​ក្នុង​អំបូរ​នេះ គឺ​មាន​លៀស គ្រំ ខ្យង ខ្ចៅ ហើយ​ការ​បាត់បង់ ឬ​ការ​វិនាស​សត្វ​ទាំងនេះ វា​ជា​ការ​គំរាមកំហែង​នៃ​អេកូឡូស៊ី ឬ​លំនឹង​ធម្មជាតិ ដោយសារ​តែ​ពពួក​សិប្បីសត្វ​ទាំងនេះ​វា​ក៏​ជា​អាហារ​សម្រាប់​ពពួកសត្វ​ស្លាប​ផ្សេង​ៗ​ក្រៅពី​មនុស្ស ដូច្នេះ​ការ​ប្រមូល​ផល​នេសាទ​លើ​ពពួកសត្វ​ទាំងនេះ​គប្បី​មានការ​កំណត់​និង​គ្រប់គ្រង​ឲ្យ​ច្បាស់លាស់ ដើម្បី​កុំអោយ​មានការ​ប៉ាត់​បង់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ