រាជធានីភ្នំពេញ ៖ ភោជនីយដ្ឋានយីហោ «ម្លប់ ធ្នង់ មានលាភ» ត្រូវបានកម្លាំងនាយកដ្ឋាន នគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជននៃអគ្គស្នងការនគរបាលជាតិ ក្រសួងមហាផ្ទៃចុះឡោមព័ទ្ធឆែកឆេរបង្ក្រាបជាក់ស្តែង ដោយឃាត់ខ្លួនមេការ និងបុគ្គលិកប្រុសស្រីចំនួន៣១នាក់ នាំខ្លួនយកទៅសាកសួរ ដែលពាក់ពន្ធលួចលាក់ធ្វើអាជីវកម្មបម្រើសេវាកម្សាន្តកេងប្រវ័ញ្ចលើស្ត្រី និងកុមារ ។

ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោងប្រមាណ៩និង៤០នាទីយប់ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីតាំងភោជនីយដ្ឋាន ដែលស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៩៥២ ក្នុងភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយមានការចូលរួមពីការិយាល័យប្រឆាំងការជួញដូរមនុស្សនៃស្នងការនគរបាលរាជធានីភ្នំពេញ និងសមត្ថកិច្ចមូលដ្ឋានផងដែរ ។

តាមព័ត៌មានអោយដឹងថា នៅក្នុងការចុះបង្ក្រាបហាងផឹកស៊ីនេះ ដោយមានការដឹកនាំសម្របសម្រួលពីលោក សិត វណ្ណៈ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងលោក ផន សុធារិទ្ធក្រឡាបញ្ជី ។
តាមព័ត៌មានអោយដឹងទៀតថា ការចុះបង្ក្រាបឆែកឆេរហាងខាងលើនេះ បន្ទាប់ពីសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវរកឃើញថា ហាងផឹកស៊ីនេះលួចលាក់ធ្វើអាជីវកម្មផ្លូវភេទកេងប្រវ័ញ្ចលើស្ត្រី និងកុមារ ដោយមានមេការចាំទទួលភ្ញៀវ និងទាក់ទងនារីក្មេងៗមកឱ្យភ្ញៀវ ហើយត្រូវរ៉ូវគ្នានាំយកទៅដេកនៅផ្ទះសំណាក់ បន្ទាប់ពីផឹកស៊ីស្រវឹង ។

តាមសមត្ថកិច្ចឲ្យដឹងថា នៅក្នុងរង្វង់ប្រតិបត្តិការនេះ សមត្ថកិច្ចបាននាំខ្លួនបុគ្គលិកក្នុងហាងចំនួន៣១នាក់ ក្នុងនោះមានប្រុស០២នាក់ មេការស្រីចំនួន៣នាក់ និងនារីក្មេងៗចំនួន១៣នាក់ ដែលសង្ស័យអនីតិជន ព្រមទាំងដកហូតស្រោមអនាម័យមិនទាន់ប្រើប្រាស់មួយចំនួន, ឯកសារមួយចំនួន និងកុំព្យូទ័រចំនួន០១គ្រឿង ។

នារីក្មេងៗទាំងនោះត្រូវបានបញ្ជូនទៅកាន់នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិកជននៃអគ្គស្នងការនគរបាលជាតិក្រសួងមហាផ្ទៃ ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធី ។ ទោះបីជាយ៉ាងណាគេពុំទាន់ដឹងថា មានមនុស្សចំនួនប៉ុន្មាននាក់ដែលពាក់ព័ន្ធលួចលាក់ធ្វើអាជីវកម្មបម្រើសេវាកម្សាន្តកេងប្រវ័ញ្ចលើស្ត្រី និងកុមារនោះទេ ៕


ចែករំលែកព័តមាននេះ