ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

UNបោះ​ឆ្នោត​ដោយ​សំឡេង​ភាគ​ច្រើ​ន​លើស​លប់​ថ្កោល​ទោស​ទង្វើ​រុស្ស៊ី

7 ម៉ោង មុន

ទី​ក្រុង​ញូយ៉ក៖ ​មហា​សន្និបាត​អង្គ​ការ​សហ​ប្រជាជាតិ​ដែល​មាន​រដ្ឋ​ជា​សមាជិក​ទាំង​១៩៣​ប្រទេស​បាន​កោះ​ប្រជុំ​ជា​បន្ទាន់​កាល​ពី​យប់​មិញ​ចំ​ថ្ងៃ​ខួប​​បី​​ឆ្នាំ​នៃ​សង្គ្រាម​អ៊ុយ​ក្រែន​ដើម្បីបោះឆ្នោត​ទៅ​លើ​សំណើ​២​ ទី​១-​​បញ្ជូន​ដោយ​អ៊ុយ​ក្រែន​ និង​សហភាព​អឺរ៉ុប និង​ទី​២​-​បញ្ជូន​ដោយ​អាមេរិក​​​​។​ ​សំណើ​របស់​អ៊ុយ​ក្រែន​ប្រកាស​ថ្កោល​ទោស​ធ្ងន់​ៗ​ចំពោះ​អំពើ​ឈ្លាន​ពាន​របស់​រុស្ស៊ី​ ហើយ​ត្រូវ​មហា​សន្និ​បាត​បោះ​ឆ្នោត​គាំទ្រ​ភាគ​ច្រើន​លើស​លប់​។ សំឡេង​ជំទាស់​បើ​ទុក​ជា​មាន​ក៏​មាន​តិច​តួច​។​ ការ​បញ្ជូន​សំណើ​​២​ផ្សេង​គ្នា​ទៅ​ UN…

ទី​ក្រុង​ញូយ៉ក៖ ​មហា​សន្និបាត​អង្គ​ការ​សហ​ប្រជាជាតិ​ដែល​មាន​រដ្ឋ​ជា​សមាជិក​ទាំង​១៩៣​ប្រទេស​បាន​កោះ​ប្រជុំ​ជា​បន្ទាន់​កាល​ពី​យប់​មិញ​ចំ​ថ្ងៃ​ខួប​​បី​​ឆ្នាំ​នៃ​សង្គ្រាម​អ៊ុយ​ក្រែន​ដើម្បីបោះឆ្នោត​ទៅ​លើ​សំណើ​២​ ទី​១-​​បញ្ជូន​ដោយ​អ៊ុយ​ក្រែន​ និង​សហភាព​អឺរ៉ុប និង​ទី​២​-​បញ្ជូន​ដោយ​អាមេរិក​​​​។​ ​សំណើ​របស់​អ៊ុយ​ក្រែន​ប្រកាស​ថ្កោល​ទោស​ធ្ងន់​ៗ​ចំពោះ​អំពើ​ឈ្លាន​ពាន​របស់​រុស្ស៊ី​ ហើយ​ត្រូវ​មហា​សន្និ​បាត​បោះ​ឆ្នោត​គាំទ្រ​ភាគ​ច្រើន​លើស​លប់​។ សំឡេង​ជំទាស់​បើ​ទុក​ជា​មាន​ក៏​មាន​តិច​តួច​។​

ការ​បញ្ជូន​សំណើ​​២​ផ្សេង​គ្នា​ទៅ​ UN បែប​នេះ​ជា​ការ​បង្ហាញ​ថា​អ៊ុយ​​ក្រែន​-​អឺរ៉ុប​ និង​អាមេរិក​កំពុង​មាន​ជំហរ​ផ្សេង​គ្នា​ពាក់​ព័ន្ធ​នឹង​សង្គ្រាម​នេះ​។ ផ្ទុយ​ពី​ជំនាន់​លោក​បៃដិន លោក​ត្រាំ​​មិនចង់​និយាយ​វាយ​ប្រហារ​ ឬ​ថ្កោល​ទោស​រុស្ស៊ី​ទេ​។ សំណើ​របស់​អ៊ុយ​ក្រែន​ និង​អឺរ៉ុប​នោះមាន​តែ​អាមេរិក រុស្ស៊ី បេឡារូស កូរ៉េ​ខាង​ជើង​ និង​ប្រទេស​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​ដែល​បោះ​ឆ្នោត​ជំទាស់​។​​

​បើ​គេ​ក្រឡេក​ទៅ​មើល​​សំណើ​របស់​អាមេរិក​ដែល​ដាក់​ជូន​មហា​សន្និ​បាត​​កាល​ពី​យប់​មិញ​នោះ​​​អា​មេ​រិក​មិន​សរ​សេរ​វែង​ពេក​ទេ​ សរ​សេរ​ខ្លី​ៗ​ត្រឹម​បី​កថា​ខណ្ឌ​តែ​ប៉ុណ្ណោះ​។ អាមេរិក​មិន​បាន​ប្រើ​ប្រាស់​ពាក្យ​ថា​ «រុស្ស៊ី​ឈ្លាន​ពាន​អ៊ុយ​ក្រែន»​ហើយ​ក៏​មិន​បាន​ប្រកាស​ថ្កោល​ទោស​រុស្ស៊ី​ដែរ​។ អាមេរិក​គ្រាន់​តែ​និយាយ​មួយ​ម៉ាត​ដោយ​ខ្លី​ថា​ខ្លួន​ចង់​បិទ​បញ្ចប់​សង្គ្រាម​ឱ្យ​បាន​ឆាប់​។

ចំណុច​មួយ​ទៀត​សំណើ​នោះ​ក៏​បាន​ជំរុញ​ឱ្យ​មាន​សន្តិ​ភាព​ជា​អចិន្ត្រៃយ៍​រវាង​អ៊ុយ​ក្រែន​ និង​រុស្ស៊ី​ផង​ដែរ​​។ ការ​ប្រើ​ប្រាស់​ពាក្យ​​ពេច​ន៍​ពីរោះ​ពិសា​ និង​មិន​និយាយ​ប៉ះ​ពាល់​រុស្ស៊ី​បែប​នេះ​ធ្វើ​ឱ្យ​រុស្ស៊ី​ពេញ​ចិត្ត​ពេញ​ថ្លើម​ជា​ខ្លាំង​។ ឯក​អគ្គ​រដ្ឋ​ទូត​រុស្ស៊ី​ប្រចាំ​អង្គ​ការ​សហ​ប្រជា​ជាតិ​ប្រកាស​គាំទ្រ​សំណើ​របស់​អាមេរិក​យ៉ាង​ពេញ​ទំហឹង និង​ចាត់​ទុក​ថា​នេះ​ជា​​ដំណោះ​ស្រាយ​ដ៏​ល្អ​មួយ​។​

ភារៈ​ធារី​អាមេរិក​ប្រចាំ​ UN បញ្ជាក់​ថា​រដ្ឋាភិបាល​របស់​ខ្លួន​ចង់​ផ្ដោត​សំខាន់​ទៅ​លើ​ការ​សម្លឹង​ឆ្ពោះ​ទៅ​មុខ​ជា​ជាង​បែរ​ក្រោយ​ ។ មាន​ន័យ​គិត​អំពី​អនាគត​ជា​ជាង​រស់​នៅ​ក្នុង​អតីត​កាល​។ «​សំណើ​របស់​អាមេរិក​ផ្ដោត​សំខាន់​តែ​១​មុខ​គត់​ នោះ​គឺ​ការ​បិទ​បញ្ចប់​សង្គ្រាម​អ៊ុយ​ក្រែន​។ មាគ៌ា​ឆ្ពោះ​ទៅ​រក​សន្តិ​ភាព​អាច​នឹង​សម្រេច​បាន​»​។​ ​លោក​ស្រី​ថ្លែង​​ថា​មូល​ហេតុ​នេះ​ហើយ​បាន​ជា​អាមេរិក​​មិន​ចង់​ឱ្យ​អ៊ុយ​ក្រែន និង​អឺរ៉ុប​បញ្ជូន​សំណើ​​ទៅ​មហា​សន្និបាត​។

​អាមេរិក​បាន​ប្រាប់​ឱ្យ​អ៊ុយ​ក្រែន​ដក​សំណើ​នោះ​មក​វិញ​​ព្រោះ​គោល​ដៅ​​របស់​យើង​គឺ​​ចង់​បញ្ចប់​សង្គ្រាម​ និង​នាំ​មក​នូវ​សន្តិ​ភាព​យូរ​អង្វែង​។​ ប៉ុន្តែ​អ៊ុយ​ក្រែន​ជំទាស់​។​ ​​នៅ​ក្នុង​សំណើ​របស់​អាមេរិក​នោះ​មិន​និយាយ​ពី​ការ​បង្កើត​បទ​ឈប់​បាញ់​ ឬ​ការ​ចាត់​វិធាន​ការ​ដោយ​ជំហាន​ហ្មត់​ចត់​ណា​មួយ​ទេ​ព្រោះ​ខ្លាច​រុស្ស៊ី និង​អ៊ុយ​ក្រែន​ជំទាស់​​​។

នៅ​ក្នុង​សំណើ​របស់​អាមេរិក​នោះ គេ​ឃើញ​បី​ចំណុច​សំខាន់​ៗ​ ទី​១​-​សម្ដែង​ការ​សោក​ស្ដាយ​ចំពោះ​ការ​បាត់​បង់​ជីវិត​ដោយ​សារ​សង្គ្រាម​, ទី២-​សង្កត់​ធ្ងន់​​ទៅ​លើ​​គោល​​ដៅ​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ​ដែល​ត្រូវ​ថែ​រក្សា​សន្តិ​ភាព និង​សន្តិ​សុខ​ពិភព​លោក​ និង​ដោះ​ស្រាយ​បញ្ហា​ដោយ​សន្តិ​វិធី និង​ទី​៣-​ជំរុញ​ឱ្យ​បិទបញ្ចប់​សង្គ្រាម​​ឱ្យ​បាន​ឆាប់​ និង​នាំ​​មក​នូវ​សន្តិ​ភាព​ដែល​នៅ​គង់​វង្ស​យូរ​អង្វែង​។​​ សំណើ​របស់​អាមេរិក​ទទួល​បាន​​៩៣​សំឡេង​គាំទ្រ, ៧៣​សំឡេង​អនុប​វាទ និង​៨​សំឡេង​ជំទាស់​។​​

ចំណែក​សំណើ​របស់​របស់​អ៊ុយ​ក្រែន និង​អឺរ៉ុប​និយាយ​អំពីការ​ថ្កោល​ទោស​រុស្ស៊ី​​ និង​​ស្នើ​សុំ​ឱ្យ​​មាន​សន្តិ​ភាព​ដោយ​យុត្តិ​ធម៌ ជា​អចិន្ត្រៃយ៍ និង​ប្រកប​ដោយ​​ភាព​ហ្មត់​ចត់​​គ្រប់​ជ្រុង​ជ្រោយ​ ស្រប​ទៅ​តាម​ធម្ម​នុញ្ញ​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ​។ សំណើ​នេះ​ក៏​បញ្ជាក់​ឡើង​វិញ​អំពី​ជំហរ​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ​ដែល​តែង​តែ​គាំទ្រ​អធិបតេយ្យ​​ភាព​ ឯក​រាជ្យ​ភាព ឯក​ភាព​ជាតិ និង​បូរណ​ភាព​ទឹក​ដី​​របស់​អ៊ុយ​ក្រែន​។​​ សំណើ​អ៊ុយ​ក្រែន​-​អឺរ៉ុប​ទទួល​បាន​៩៣​សំឡេង​គាំទ្រ​, ៦៥​សំឡេង​អនុប​វាទ និង​១៨​សំឡេង​ជំទាស់​។

ប៉ុន្តែ​បើ​ប្រៀប​ធៀប​រវាង​សំណើ​របស់​អាមេរិក និង​អ៊ុយ​ក្រែន​ គេ​គិត​ថា​សំណើ​របស់​អ៊ុយ​ក្រែន​ទទួល​បាន​ជោគ​ជ័យ​ជាង​។ នៅ​ក្នុង​ព្រឹត្តិ​ការណ៍​ដាច់​ដោយ​ឡែក​មួយ​ទៀត​នៅ​អង្គ​ការ​សហ​ប្រជា​ជាតិ​ដដែល ក្រុម​ប្រឹក្សា​សន្តិ​សុខ​ក៏​បាន​កោះ​ប្រជុំ​ជា​បន្ទាន់​ដើម្បី​បោះ​ឆ្នោត​ទៅ​លើ​សេចក្ដី​សម្រេច​មួយ​ដែល​ស្នើ​ឡើង​ដោយ​អាមេរិក​។ លទ្ធ​ផល​ឆ្នោត​បង្ហាញ​ថា​នៅ​ក្នុង​ចំណោម​រដ្ឋ​ជា​សមាជិក​ក្រុម​ប្រឹក្សា​សន្តិ​សុខ​ទាំង​១៥​ប្រទេស​នោះ ១០​ប្រទេស​បោះ​ឆ្នោត​គាំទ្រ​ និង​៥​ប្រទេស​ទៀត​បោះ​ឆ្នោត​អនុប​វាទ​។​ ដូច្នេះ​សំណើ​នេះ​អាច​ចេញ​រួច​ព្រោះ​គ្មាន​មតិ​ជំទាស់​។

សេចក្ដី​សម្រេច​នោះ​​មាន​បី​ចំណុច​សំខាន់​។ ទី​១​-​សម្ដែង​ការ​សោក​ស្ដាយ​ចំពោះ​ការ​បាត់​បង់​ជីវិត​ដោយ​សារ​សង្គ្រាម​, ទី២-​សង្កត់​ធ្ងន់​​ទៅ​លើ​​គោល​​ដៅ​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ​ដែល​ត្រូវ​ថែ​រក្សា​សន្តិ​ភាព និង​សន្តិ​សុខ​ពិភព​លោក​ និង​ដោះ​ស្រាយ​បញ្ហា​ដោយ​សន្តិ​វិធី និង​ទី​៣-​ជំរុញ​ឱ្យ​បិទបញ្ចប់​សង្គ្រាម​​ឱ្យ​បាន​ឆាប់​ និង​នាំ​​មក​នូវ​សន្តិ​ភាព​ដែល​នៅ​គង់​វង្ស​យូរ​អង្វែង​​។

សូម​បញ្ជាក់​​ឡើង​វិញ​​ថា​កាល​ពី​យប់​មិញ ការ​បោះ​ឆ្នោត​ធ្វើ​ឡើង​ទៅ​លើ​សំណើ​បី​។ មហា​សន្និ​បាត​បោះ​ឆ្នោត​ទៅ​លើ​សំណើ២​ដែល​បញ្ជូន​ដោយ​​​អាមេរិក​មួយ​​ និង​ដោយ​អ៊ុយ​ក្រែន-​អឺរ៉ុប​មួយ​ទៀត​។ ចំណែក​​ក្រុម​ប្រឹក្សា​សន្តិ​សុខ​បោះ​ឆ្នោត​ទៅ​លើ​សំណើរ​របស់​អាមេរិក​។​ បើ​ប្រៀប​ធៀប​សំឡេង​ឆ្នោត​នៃ​ស្ថាប័ន​ទាំង​២​នេះ គេ​ឃើញ​ថា​សំឡេង​នៅ​​ក្រុម​ប្រឹក្សា​សន្តិ​សុខ​មាន​ទម្ងន់​ជាង​ និង​មាន​ឥទ្ធិ​ពល​​ខ្លាំង​ជាង​មហា​សន្និបាត​។

​​មហា​សន្និបាត​មិន​មាន​ដែន​សមត្ថ​កិច្ច​ដើម្បី​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ ឬ​មាន​អំណាច​បង្គាប់​បង្ខំ​ទៅ​តាម​ផ្លូវ​ច្បាប់​ដើម្បី​ឱ្យ​ប្រទេស​ដទៃ​អនុវត្ត​តាម​នោះទេ​។ ចំណែក​​ក្រុម​ប្រឹក្សា​សន្តិ​សុខ​អង្គ​ការ​សហ​ប្រ​ជា​ជាតិ​ដែល​មាន​រដ្ឋ​ចំនួន​១៥​ជា​សមាជិក​អចិន្ត្រៃយ៍​ និង​មិន​អចិន្ត្រៃយ៍​មាន​សិទ្ធិ​អំណាច​ខ្លាំង​ជាង​។​​ ប៉ុន្តែ​យ៉ាង​​ហោច​ណាស់​ សំឡេង​ឆ្នោត​នៅ​មហា​​សន្និបាត​ក៏​អាច​ជា​សារ​នយោ​បាយ​មួយ​ផ្ដាំ​ទៅ​ប្រទេស​រុស្ស៊ី​ផង​ដែរ​ថា​ទង្វើ​របស់​រុស្ស៊ី​មិន​ត្រូវ​បាន​ស្វាគមន៍​ និង​​​មិន​គាំទ្រ​ពី​សហ​គមន៍​អន្តរ​ជាតិ​ទេ​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ដឹ​ហ្កាឌៀន (The Guardian), ទី​ភ្នាក់​ងារ​ព័ត៌​មាន​រ៉យ​ទ័រ (Reuters) និង​ប្រភព​ដទៃ​ទៀត​៕​

អត្ថ​បទ​ពាក់​ព័ន្ធ
ក្រុម​ប្រឹក្សា​សន្តិ​សុខ​ UN អនុ​ម័ត​សេ​ច​ក្ដី​សម្រេច​ថ្មី​ស្ដី​ពី​បញ្ហា​អ៊ុយ​​ក្រែន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ