ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិភ័យ​កើតឡើង​២​លើក​ក្នុង​ពេល​តែ​១ ផ្អើល​សមត្ថកិច្ច​កណ្ដាល​យប់​​នៅ​ស្រុក​សង្កែ

7 ម៉ោង មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ អគ្គិភ័យ​ឆេះ​កញ្ជ្រាំង​ក្នុង​ស្រែ​រាប់​សិប​ហិ​កតា​ចំនួន​០២​កន្លែង​ផ្សេង​គ្នា​ក្នុង​ពេល​តែ​មួយ ដែល​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​បញ្ចេញ​កម្លាំង​និង​រថយន្ត​ពន្លត់​អគ្គិភ័យ​ព្រោងព្រាត ដើម្បី​ជួយ​អន្តរាគមន៍ កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៤ កុម្ភៈ នៅ​ក្នុងឃុំ​កំពង់ព្រះ…

ខេត្តបាត់ដំបង ៖ អគ្គិភ័យ​ឆេះ​កញ្ជ្រាំង​ក្នុង​ស្រែ​រាប់​សិប​ហិ​កតា​ចំនួន​០២​កន្លែង​ផ្សេង​គ្នា​ក្នុង​ពេល​តែ​មួយ ដែល​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​បញ្ចេញ​កម្លាំង​និង​រថយន្ត​ពន្លត់​អគ្គិភ័យ​ព្រោងព្រាត ដើម្បី​ជួយ​អន្តរាគមន៍ កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៤ កុម្ភៈ នៅ​ក្នុងឃុំ​កំពង់ព្រះ និង​ឃុំ​អូរ​ដំបង​២ ស្រុក​សង្កែ ដែល​ជា​ទ​ង្វើ​របស់​ម្ចាស់​ស្រែ​តែ​ម្ដង ។

អធិការ​ស្រុក​សង្កែ លោក យុ​ត តុង​ហូ បាន​ឲ្យ​ដឹង​ថា អគ្គិភ័យ​ទាំង​០២​លើក​នេះ កើតឡើង​ស្ទើរ​ព្រម​ៗ​គ្នា​ពេល​តែ​មួយ ។ លោក​បាន​ប្រាប់​ថា ដំបូង​យើង​ទ​ទូល​ដំណឹង​ពី​អគ្គិភ័យ​ដែល​បាន​ឆេះ​កញ្ជ្រាំង​ក្នុង​ស្រែ​នៅ​ចំណុច​ភូមិ​បញ្ញា ឃុំ​កំពង់ព្រះ ។

លោក​ថា បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​នេះ កម្លាំង​ជំនាញ​បាន​បញ្ចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​ភ្លាម​ៗ ដើម្បី​ជួយ​អន្តរាគមន៍​ដែល​មាន​កិច្ចសហការ​ពី​មន្ត្រី​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​រាប់​សិប​នាក់​ផង​។ លោក​អធិការ​បាន​បញ្ជាក់​ដែរ​ថា នៅ​ពេល​កម្លាំង​ចម្រុះ​រាប់​សិប​នាក់ មាន​ទាំង​ការ​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ផង កំពុង​ប្រយុទ្ធ​នឹង​កម្លាំង​ភ្លើង​ដែល​កំពុង​ឆេះ​រាលដាល​កាន់​ខ្លាំង ពាសពេញ​ស្រែ​នៅ​ចំណុច​ខាងលើ​មិន​ទាន់​ថមថយ​ផង ស្រាប់តែ​ភ្លាម​ៗ​មាន​សេចក្ដីរាយការណ៍​បន្ថែម​ទៀត​ថា
«​អគ្គិភ័យ​» បាន​និង​កំពុង​ឆេះ​កញ្ជ្រាំង​ក្នុង​ស្រែ​រាលដាល​យ៉ាង​ខ្លាំង​អស់​រាប់​សិប​ហិច​តា​ដែរ នៅ​ចំណុច​ភូមិ​បញ្ញា ឃុំ​អូរ​ដំបង​២​។ ពេល​នោះ កម្លាំង​របស់​លោក​ទាំង​នៅ​ក្នុង​អធិការ​ទាំង​នៅ​ក្នុង​មូលដ្ឋាន រួម​ទាំង​ប្រជាពលរដ្ឋ​ផង ថែម​ទាំង​បាន​ចល័ត​រថយន្ត​ពន្លត់​អគ្គិភ័យ​ជួយ​អន្តរាគមន៍​ស្ទើរ​វិលក្បុង តែ​យើង​គ្រប់គ្រង​បាន​មុន​ពេល​ឆេះ​រាលដាល​ជិត​ចូល​ដល់​ក្នុងភូមិ ។

ជុំវិញ​ករណី​គ្រោះ​អគ្គិភ័យ​ដ៏​កក្រើក​រាត្រី និង​ដ៏​គ្រោះថ្នាក់​ខាងលើ​នេះ បើ​យោង​តាម​របាយ
ការណ៍​អធិការ​ស្រុក​សង្កែ​ដែល​បាន​រាយ​ការ​ណ៏​ជួន​ការិយាល័យ​ជំនាញ​បាន​ឲ្យ​ដឹង​ថា អគ្គិភ័យ​ដែល​ឆេះ​កញ្ជ្រាំង​នៅ​ភូមិ​បញ្ញា ឃុំ​កំពង់ព្រះ លើ​ទំហំ​ដី​ប្រមាណ​៦០​ហិច​តា ដោយឡែក នៅ​ឯ​ភូមិ​ស្វាយ​ធំ ឃុំ​អូរ​ដំបង​២ ភ្លើង​បាន​ឆេះ​កញ្ជ្រាំង​លើ​ទំហំ​ដី​ប្រមាណ​៣០​ហិច​តា ។

លោក យុ​ត តុង​ហូ អធិការ​ស្រុក​សង្កែ​បាន​បញ្ជាក់​ថា អគ្គិភ័យ​ដែល​ឆេះ​កញ្ជ្រាំង​ក្នុង​ស្រែ​ទាំង​០២​កន្លែង​នេះ គឺ​ម្ចាស់​ស្រែ​ជា​អ្នក​ដុត​ផ្ទាល់ ។ លោក​បាន​បន្ថែម​ថា កម្លាំង​យើង​បាន​ទប់ស្កាត់ និង​ពន្លត់ភ្លើង​ឆេះ​កញ្ជ្រាំង​ទាំង​០២​កន្លែង​នេះ​បាន​ទាំងស្រុង ហើយ​យើង​ក៏​បាន​ស្នើ​ឲ្យ​អាជ្ញាធរ​ដែនដី​អញ្ជើញ​ម្ចាស់​ស្រែ ដែល​ជា​អ្នក​បង្ក​អគ្គិភ័យ​ផ្អើល​ពេញ​ស្រុក​យក​ទៅ​សួរនាំ​ធ្វើការ​អប់រំ និង​ធ្វើ​កិច្ចសន្យា​ផង​ដែរ ។

បើ​តាម​ការ​ស្រង់​សម្ដី​ម្ចាស់​ស្រែ​ដែល​ជា​អ្នក​បង្ក​អគ្គិភ័យ​បាន​ទទួលស្គាល់​កំហុស​របស់​ខ្លួន​ថា ខ្លួន​ពិតជា​អ្នក​បាន​ដុត​កញ្ជ្រាំង​ក្នុង​ស្រែ​របស់​ខ្លួន​មែន តែ​វា​បាន​ឆេះ​រាលដាល​ដល់​ស្រែ​អ្នក​ក្បែរ​ខាង ទើប​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​តែ​ម្ដង ។ អ្នក​បង្ក​អគ្គិភ័យ​បាន​បញ្ជាក់​ពី​មូលហេតុ​ដែល​ខ្លួន​ដុត​ដូច្នេះ​ថា «​ខ្លួន​ដុត​កញ្ជ្រាំង​ក្នុង​ស្រែ​បែប​នេះ ដើម្បី​ឲ្យ​ដី​ធូរ​ភ្ជួរ​ស្រួល តែបើ​មិន​ដុត​ទេ ភ្ជួរ​មិន​ចូល​ឡើយ​» ។
លោក យុ​ត តុង​ហូ បាន​បញ្ជាក់​ដែរ​ថា អគ្គិភ័យ​ឆេះ​កញ្ជ្រាំង​ខាងលើ​នេះ បាន​ឆេះ​រាលដាល​គូរ​ឲ្យ​បារម្ភ​បំផុត ហើយ​កន្លែង​ខ្លះ ឆេះ​ឆ្លង​ជិត​ចូល​ដល់​ផ្ទះ​អ្នក​ភូមិ តែ​សំណាងល្អ​កម្លាំង​យើង​ជួយ​ពន្លត់​ទាន់​ពេល ។

យ៉ាងណា​ក្ដី តាម​រយៈ​កោះសន្តិភាព លោក​អធិការ​ស្រុក​សង្កែ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន មេត្តា​សូមកុំ​ដុត​កញ្ជ្រាំង ឬ​ស្មៅ នៅ​តាម​ស្រែ​ឬ​នៅ​តាម​ចម្ការ ព្រោះ​អាច​បង្ក​ឲ្យ​មាន​ហានិភ័យ​ខ្លាំង​ណាស់ ។

អគ្គិភ័យ​ឆេះ​កញ្ជ្រាំង​ក្នុង​ស្រែ​នេះ បើ​ទប់ស្កាត់​មិន​ទាន់​ពេល​ទេ វា​អាច​ឆេះ​រាលដាល​ចូល​ដល់​ក្នុងភូមិ ហើយ​អាច​នឹង​ឆេះ​លំនៅ​ឋាន​ប្រជាពលរដ្ឋ​តែ​ម្ដង​។ ដូច្នេះ សូម​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​តែ
បញ្ឈប់​សកម្មភាព​ដុត​កញ្ជ្រាំង​តាម​ស្រែ​នេះ​ទៀត យើង​ត្រូវ​ចូលរួម​ទប់ស្កាត់ និង​ត្រូវ​ប្រុង​ប្រយ័ត្ន​ចំពោះ​គ្រោះ​អគ្គិភ័យ​នេះ ។ ព្រោះ​នេះ​ជា​រដូវប្រាំង ក្ដៅ​ហូត​ហែង​ដែល​អគ្គិភ័យ​អាច​កើត​មាន​ឡើង​ដោ​យថាហេតុ​យ៉ាង​ងាយ​បំផុត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ