ខេត្តសៀមរាប ៖ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ អង្គភាពនគរបាលទេសចរណ៍ប្រចាំខេត្តសៀម រាប សហការជាមួយមន្ទីរទេសចរណ៍ខេត្ត បានកោះអញ្ជើញមគ្គុទេ្ទសក៍ទេសចរណ៍បកប្រែភាសាកូរ៉េ សម្រាប់ភ្ញៀវទេសចរកូរ៉េម្នាក់ដែលឈរបត់ជើងតូចមិនគួរគប្បីនៅតាមប្រាសាទ មកធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យា ព្រមទាំងធ្វើលិខិតសុំទោសជាសាធារណៈ លើករណីដែលបុរសជនជាតិកូរ៉េរូបនេះ បានឈរនោមដាក់ដប នៅបរិវេណផ្លូវចូលទិសពាយ័ព្យនៃប្រាសាទអង្គរវត្ត ។

បើតាមមន្ត្រីនគរបាលទេសចរណ៍ បានប្រាប់ថា លោក ហ្វាង ប៊ុកដុង ជនជាតិកូរ៉េ អាយុ៦១ឆ្នាំ ដែលជាភ្ញៀវទេសចរបរទេសបានទទួលស្គាល់កំហុស ដោយបញ្ជាក់ពីមូលហេតុដែលគាត់ធ្វើទង្វើមិនសមរម្យបែបនេះ ដោយសារខ្លួនមានជំងឺខ្សោយតម្រងនោមរ៉ាំរ៉ៃ មិនអាចគ្រប់គ្រងការបត់ជើងតូចបាន ទើបបង្ខំចិត្តត្រូវតែនោមដាក់ដបទើបទប់បាន ។

ប្រភពពីសមត្ថកិច្ចបន្តថា ចំពោះអ្នកបកប្រែភាសាកូរ៉េបន្តពីមគ្គុទេ្ទសក៍ទេសចរណ៍សម្រាប់ទេសចរកូរ៉េ ក៏បានស្ម័គ្រចិត្តប្រគល់អាជ្ញាប័ណ្ណមកឱ្យខាងមន្ទីរទេសចរណ៍ ដើម្បីរក្សាទុកជាបណ្តោះអា សន្ន ព្រោះរូបគាត់ជាមគ្គុទេសក៏មានជំងឺមិនអាចគ្រប់គ្រងភ្ញៀវរបស់ខ្លួនបាន ។
រង់ចាំពេលព្យាបាលបានធូរស្រាលពីជំងឺ ទើបស្នេីសុំការសម្រេចជាថ្មីពីស្ថាប័នជំនាញផងដែរ ៕

ចែករំលែកព័តមាននេះ