វិស័យហិរញ្ញវត្ថុនៅកម្ពុជា ទោះបីជានៅតែបន្តមានកំណើនក៏ពិតមែន ប៉ុន្តែកំណើននោះកំពុងតែដើរថយក្រោយ ស្របពេលដែលអត្រាឥណទានមិនដំណើរការនៅតែខ្ពស់ រហូតដល់ស្ថាប័នហិរញ្ញវត្ថុនានាចាប់ផ្តើមរឹតបន្តឹងការចំណាយ ហើយមួយចំនួនកំពុងតែសំឡឹងកាត់បន្ថយបុគ្គលិក ។ របាយការណ៍ប្រចាំឆ្នាំ២០២៤ ដែលចេញដោយធនាគារជាតិនៃកម្ពុជាដែលជាអាណាព្យាបាលវិស័យធនាគារ និងហិរញ្ញវត្ថុរបស់ប្រទេសបានអះអាងថា…
វិស័យហិរញ្ញវត្ថុនៅកម្ពុជា ទោះបីជានៅតែបន្តមានកំណើនក៏ពិតមែន ប៉ុន្តែកំណើននោះកំពុងតែដើរថយក្រោយ ស្របពេលដែលអត្រាឥណទានមិនដំណើរការនៅតែខ្ពស់ រហូតដល់ស្ថាប័នហិរញ្ញវត្ថុនានាចាប់ផ្តើមរឹតបន្តឹងការចំណាយ ហើយមួយចំនួនកំពុងតែសំឡឹងកាត់បន្ថយបុគ្គលិក ។

របាយការណ៍ប្រចាំឆ្នាំ២០២៤ ដែលចេញដោយធនាគារជាតិនៃកម្ពុជាដែលជាអាណាព្យាបាលវិស័យធនាគារ និងហិរញ្ញវត្ថុរបស់ប្រទេសបានអះអាងថា គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនានារបស់កម្ពុជាបានកត់ត្រាកំណើនឥណទានដ៏យឺតបំផុត ។
របាយការណ៍បាននិយាយថា អត្រាប្រាក់កម្ចីនៅក្នុងឆ្នាំ២០២៤ កន្លងទៅបានកើនឡើងត្រឹមតែ៣ភាគរយជាមួយនឹងទំហំសាច់ប្រាក់ នៅក្នុងរង្វង់ជិត៦០ពាន់លានដុល្លារ នៅចុងឆ្នាំ២០២៤ ខណៈពេលដែលប្រាក់បញ្ញើរបស់អតិថិជនបានកើនឡើង១៦,៣ ភាគរយ ជាមួយនឹងទឹកប្រាក់៥៧ ពាន់លានដុល្លារ ។ អត្រាកំណើននៅក្នុងឆ្នាំ២០២៤ បើធៀបនឹងឆ្នាំ២០២៣កន្លងទៅ គឺកាន់តែថយចុះគួរឲ្យកត់សម្គាល់ ធៀបនឹងឆ្នាំ២០២៣ ។
តាមការចុះផ្សាយដោយសារព័ត៌មាននៅក្នុងស្រុក កាលពីឆ្នាំ២០២៣ កំណើនឥណទាននៅកម្ពុជា គឺកត់ត្រាជាមួយនឹងកំណើន៤,៨ ភាគរយ នៅក្នុងទំហំទឹកប្រាក់សរុប ៥៦,៦ ពាន់លានដុល្លារ ។ ក្រៅពីនោះទំហំឥណទានមិនដំណើរការ នៅបណ្តាធនាគារ គឺមាននៅក្នុងរង្វង់៧,៩ ភាគរយ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានអត្រា ៩ភាគរយដែលជាអត្រាខ្ពស់បំផុតផងដែរ ។

របាយការណ៍ដដែលនេះបាននិយាយថា ទ្រព្យសកម្មបច្ចុប្បន្ននៅក្នុងប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា បានកើនឡើងដល់ជាង៩១ពាន់លានដុល្លារ នៅឆ្នាំ២០២៤ ពោល គឺកើនឡើង៧ភាគរយ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយស្ថានភាពនៃការថមថយផ្នែកឥណទាន ដែលភាសាសាមញ្ញហៅថា ប្រាក់កម្ចីនេះថយ វា គឺជាសញ្ញាដ៏ស្រអាប់មួយសម្រាប់កម្ពុជា ។
អ្នកវិភាគបានលើកឡើងថា ជាទូទៅស្ថានភាពវិជ្ជមាន ឬអវិជ្ជមានរបស់វិស័យធនាគារ និងហិរញ្ញវត្ថុ គេសម្លឹងតែលើប៉ុន្មានចំណុចធំៗទេ គឺទំហំឥណទាន អត្រាឥណទានមិនដំណើរការ និងអត្រាប្រាក់បញ្ញើ ។
អ្នកវិភាគរូបនេះ បានលើកឡើងថា នៅពេលនេះវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជានៅតែបន្តទទួលទំនុកចិត្តពីពលរដ្ឋ ដូច្នេះហើយបានជាឃើញថា អត្រាប្រាក់បញ្ញើកើន ។ ប៉ុន្តែការថយចុះនៃកំណើនឥណទានវាកំពុងតែទាញដែលជាសញ្ញាប្រយ័ត្នប្រយែងមួយពីព្រោះអត្រាឥណទានជាប្រភពធានាចំណូលដ៏ចម្បងរបស់វិស័យនេះ ។ លោកបានបន្តទៀតថា ឥណទានមិនបានការដែលភាសាសាមញ្ញហៅថា ឥណទានមានបញ្ហាក៏ជាចំណុចមួយដែលជះឥទ្ធិពលដល់ការរិតបន្តឹង ឬបន្សុតកម្មវិធីឥណទាន ។ ដូច្នេះហើយទើបបានជាទំហំឥណទាន មិនសូវកើនឡើង ។
លោកបានបន្ថែមថា នៅក្នុងស្ថានភាពនេះ ស្ថាប័នធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយចំនួនបានកំពុងតែសំឡឹងរកឱកាសកាត់បន្ថយការចំណាយ រួមទាំងការកាត់បន្ថយបុគ្គលិក ។ បុគ្គលិកដែលកំពុងតែបម្រើការនៅក្នុងធនាគារមួយនៅកម្ពុជាបានឲ្យដឹងថា ពីមុនពួកគេអាចទទួលបានប្រាក់ខែពី១៤ទៅ១៥ខែ នៅក្នុងមួយឆ្នាំ ហើយនៅមានប្រាក់លើកទឹកចិត្តផ្សេងៗទៀត ប៉ុន្តែឥឡូវនេះមិនមានទឹកប្រាក់ទាំងនេះទៀតទេ ។ ក្រៅពីនោះ បុគ្គលិកខ្លះត្រូវបានគេលើកទឹកចិត្តឲ្យស្នើសុំឈប់ដោយខ្លួនឯងថែមទៀតផង ។
លោកបានបង្ហើបបន្ថែមទៀតថា ខ្លះទៀតត្រូវបានក្រុមហ៊ុនសម្រេចប្រកាសទម្លាក់តួនាទី ហើយដោយទ្រាំមិនបានខ្លះក៏បានដាក់ពាក្យលាឈប់ ។ លោកបានបញ្ជាក់ថា «ទាំងយើងទាំងគេ ប្រសិនបើកំពុងតែធ្វើការត្រូវបានទម្លាក់ភ្លាមៗ វាពិតជាពិបាកទទួល ហើយការសម្រេចចិត្ត គឺមានតែលាឈប់ប៉ុណ្ណោះ » ។
ប្រទេសកម្ពុជាមកដល់ពេលនេះ មានធនាគារពាណិជ្ជចំនួន៥៩ ធនាគារឯកទេសចំនួន៩ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន៨៥ និងគ្រឹះស្ថានឥណទានជនបទចំនួន១១៤ ដែលមានគណនីបញ្ញើចំនួន ២៣,៣លានគណនី និងគណនីឥណទានចំនួន៤លានគណនី ៕
ចែករំលែកព័តមាននេះ