ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជា​ជន​កាណាដា​ចាប់​ផ្ដើម​មើល​ឃើ​ញ​អាមេរិក​ជា​សត្រូវ​នៅ​ជំនាន់​ត្រាំ

20 ម៉ោង មុន

ទី​ក្រុង​អូតាវ៉ា៖ នយោបាយ​របស់​លោក​ត្រាំ​ធ្វើ​ឱ្យ​កាណាដា​ដែល​ធ្លាប់​ជា​ប្រទេស​ជា​មិត្ត​ចិត្ត​មួយ​ថ្លើម​មួយ និង​ជា​ប្រទេស​ភូមិ​ផង​របង​ជា​មួយ​នឹង​អាមេរិក​នោះ​ចាប់​ផ្ដើម​ក្លាយ​ទៅ​ជា​​​មើល​មុខ​គ្នា​លែង​ចំ​ទៅ​ហើយ​ឥឡូវ​នេះ​។ លទ្ធ​ផល​ស្ទង់​មតិ​ថ្មី​ៗ​នេះ​បង្ហាញ​ថា​នៅ​ក្នុង​ចំណោម​ប្រជា​ជន​កាណដា​ដែល​ស្ទង់​មតិ​៤​នាក់​មាន​លើស​ពី​ម្នាក់​ដែល​ចាត់​ទុក​អាមេរិក​ជា​ប្រទេស​សត្រូវ​។ អាមេរិក​ និង​កាណាដា​ធ្លាប់​ជា​មហា​មិត្ត​ជា​ប្រវត្តិ​សាស្ត្រ​នឹង​គ្នា​ជា​យូរ​មក​ហើយ​។ ប៉ុន្តែ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​២​ចាប់​ផ្ដើម​ល្វីង​ជូរ​ចត់​ខ្លាំង​ត្រឹម​តែ​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​បន្ទាប់​ពី​លោក​ត្រាំ​អនុវត្ត​នយោបាយ​គ្មាន​មិត្ត​ គ្មាន​សត្រូវ​ មាន​តែ​ផល​ប្រ​យោជន៍​សម្រាប់​ជាតិ​។ ដូច្នេះ​ពេល​ខ្លះ​ប្រទេស​ធ្លាប់​ជា​មិត្ត​ប្រែ​ទៅជា​សត្រូវ​បើ​គ្មាន​ប្រយោជន៍​សម្រាប់​ប្រទេស​របស់​លោក​។…

ទី​ក្រុង​អូតាវ៉ា៖ នយោបាយ​របស់​លោក​ត្រាំ​ធ្វើ​ឱ្យ​កាណាដា​ដែល​ធ្លាប់​ជា​ប្រទេស​ជា​មិត្ត​ចិត្ត​មួយ​ថ្លើម​មួយ និង​ជា​ប្រទេស​ភូមិ​ផង​របង​ជា​មួយ​នឹង​អាមេរិក​នោះ​ចាប់​ផ្ដើម​ក្លាយ​ទៅ​ជា​​​មើល​មុខ​គ្នា​លែង​ចំ​ទៅ​ហើយ​ឥឡូវ​នេះ​។ លទ្ធ​ផល​ស្ទង់​មតិ​ថ្មី​ៗ​នេះ​បង្ហាញ​ថា​នៅ​ក្នុង​ចំណោម​ប្រជា​ជន​កាណដា​ដែល​ស្ទង់​មតិ​៤​នាក់​មាន​លើស​ពី​ម្នាក់​ដែល​ចាត់​ទុក​អាមេរិក​ជា​ប្រទេស​សត្រូវ​។

អាមេរិក​ និង​កាណាដា​ធ្លាប់​ជា​មហា​មិត្ត​ជា​ប្រវត្តិ​សាស្ត្រ​នឹង​គ្នា​ជា​យូរ​មក​ហើយ​។ ប៉ុន្តែ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​២​ចាប់​ផ្ដើម​ល្វីង​ជូរ​ចត់​ខ្លាំង​ត្រឹម​តែ​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​បន្ទាប់​ពី​លោក​ត្រាំ​អនុវត្ត​នយោបាយ​គ្មាន​មិត្ត​ គ្មាន​សត្រូវ​ មាន​តែ​ផល​ប្រ​យោជន៍​សម្រាប់​ជាតិ​។ ដូច្នេះ​ពេល​ខ្លះ​ប្រទេស​ធ្លាប់​ជា​មិត្ត​ប្រែ​ទៅជា​សត្រូវ​បើ​គ្មាន​ប្រយោជន៍​សម្រាប់​ប្រទេស​របស់​លោក​។

លោក​ត្រាំ​បាន​ដំឡើង​ពន្ធ​២៥%​ទៅ​លើ​ដែក​ និង​អាលុយ​មីញ៉ូម​ ដោយ​អនុវត្ត​ទៅ​លើ​ប្រទេស​ទាំង​អស់​​​។ ​លោក​​​​ដំឡើង​ពន្ធ​២​៥%​ទៅ​លើ​ទំនិញ​របស់​កាណាដា​ និង​ម៉ិក​ស៊ីកូ​​ព្រោះ​​ពួក​គេ​បណ្ដោយ​ឱ្យ​ជន​អន្តោ​ប្រវេសន៍​ និង​គ្រឿង​ញៀន​ហូរ​ចូល​អា​មេ​រិក​​។ សម្រាប់​ពេល​នេះ លោក​ព្យួរ​ទុក​ការ​ដំឡើង​ពន្ធ​រយៈ​ពេល​៣០​ថ្ងៃ​ដើម្បី​ទុក​ពេល​ឱ្យ​ពួក​គេ​ចាត់​ការ​ទៅ​លើ​បញ្ហា​ទាំង​នេះ​​​។

​លោក​ត្រាំ​នៅ​តែ​ចិញ្ចឹម​ចិត្ត​ចង់​វាត​ទី​ខ្លាំង​មែន​ទែន​នៅ​លើ​ភូមិ​សាស្ត្រ​អន្តរ​ជាតិ​។ លោក​ចង់​គ្រប់​គ្រង​ព្រែក​ជីក​ប៉ាណាម៉ា, ចង់​គ្រប់​គ្រង​តំបន់​ហ្កាហ្សា និង​​ចង់​ដាក់​បញ្ចូល​កោះ​ហ្គ្រីន​លែន​ និង​ប្រទេស​​កាណាដា​ជា​ទឹក​ដី​អាមេរិក​។​ គំនិត​នេះ​ត្រូ​វប្រជា​ជន​កាណា​ដា​​​ប្រឆាំង​​​។ លទ្ធ​ផល​ស្ទង់​មតិ​នេះ​​បង្ហាញ​ថា​​ប្រទេស​ទាំង​២​ប្រេះ​ឆា​គ្នា​ដោយ​និន្នា​ការ​នយោ​បាយ​ និង​មនោ​គមន៍​វិជ្ជា​​។

ការ​ស្ទង់​មតិ​ពី​ថ្ងៃ​ទី​១៤-​១៧​ ខែ​កុម្ភៈ​បង្ហាញ​ថា​ប្រជា​ជន​កាណដា​២៧%​ចាត់​ទុក​​​អាមេរិក​ជា​​សត្រូវ​​​​ខ​ណៈ​ដែល​​​៣០%​ទៀត​នៅ​តែ​ចាត់​ទុក​អាមេរិក​ជា​សម្ព័ន្ធ​មិត្ត​ដដែល​។ ក្រៅ​ពី​នេះ ២៧%​នៅ​ជា​កណ្ដាល​ មាន​ន័យ​ថា​​មិន​​ថា​គិត​ថាជា​​មិត្ត​ ឬ​ជា​ស​ត្រូ​វ​ទេ​។ នៅ​ក្នុង​ការ​ស្ទង់​មតិ​នេះ គេ​បាន​សាក​សួរ​ជន​ជាតិ​កាណាដា​១៥០០​នាក់ និង​ជន​ជាតិ​អាមេរិក​១​០០០​នាក់​​តាម​អន​ឡាញ​។​

​ប្រជា​ជន​កាណា​ដា​​រហូត​ដល់​៧៤%​ស្អប់​​លោក​ត្រាំ​​។ មាន​តែ​១៣​%​ប៉ុណ្ណោះ​​​ចូល​ចិត្ត​គាត់​។ ​​​ការ​ស្ទង់​មតិ​នេះ​​ធ្វើ​ឡើង​បន្ទាប់​ពី​លោក​ត្រាំ​គំរាម​ដំឡើង​ពន្ធ​២៥%​ទៅ​លើ​ទំនិញ​របស់​កាណា​ដា។​​ បើ​ដូច្នេះ​មែន សេដ្ឋ​កិច្ច​កាណាដា​នឹង​រលាយ​ហិន​ហោច​ជា​មិន​ខាន​​ព្រោះ​ប្រទេស​នេះ​ពឹង​ផ្អែក​ខ្លាំង​បំផុត​ទៅ​លើ​ការ​នាំ​ចេញ​។ ទំនិញ​៧៥%​របស់​កាណាដា​នាំ​ទៅ​លក់​នៅ​អាមេរិក​។​

រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជ​កម្ម​កាណា​ដាថ្លែង​​ថា​ការ​ដំឡើង​ពន្ធ​​​នឹង​ធ្វើ​បាប​ពល​រដ្ឋ​អាមេរិក​ខ្លួន​ឯង​ទៅ​វិញ​ទេ​។ នៅ​ពេល​ដំឡើង​ពន្ធ​ ទំនិញ​ត្រូវ​តែ​លក់​ថ្លៃ​ជាង​មុន​ដើម្បី​កាត់​កង​គ្នា​ជា​មួយ​ពន្ធ​អាច​បាន​ចំណេញ​ខ្លះ​។ ហេតុ​នេះ ពល​រដ្ឋ​អាមេរិក​នឹង​ចំណាយ​កាន់​តែ​ច្រើន​ទៅ​លើ​ជីវ​ភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​។ រដ្ឋ​មន្ត្រី​រូប​នេះ​យល់​ថា​នយោបាយ​ដំឡើង​ពន្ធ​របស់​ត្រាំ​ជា​ការ​ឥត​ន័យ​៕​​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ