ទីក្រុងយេរូសាឡឹម៖ ទោះបីក្រុមហាម៉ាស់បានដោះលែងចំណាប់ខ្មាំង៦នាក់តាមកិច្ចសន្យាតាំងពីល្ងាចម្សិលមិញ ប៉ុន្តែអ៊ីស្រាអែលមិនទាន់ដោះលែងអ្នកទោស និងអ្នកជាប់ឃុំប៉ាឡេស្ទីន៦២០នាក់នៅឡើយទេ។ អ៊ីស្រាអែលលើកហេតុផលថាដោយសារក្រុមហាម៉ាស់ដោះលែងចំណាប់ខ្មាំងមិនមែនដោយកិត្តិយសទេ ប៉ុន្តែរបៀបបង្អាប់បង្អោនមុខមាត់របស់អ៊ីស្រាអែល។
សេចក្ដីបំភ្លឺរបស់ខុទ្ទកាល័យលោកណឺតាន់យ៉ាហ៊ូដូចខាងលើនេះចេញផ្សាយកាលពីព្រឹកព្រលឹមថ្ងៃអាទិត្យ។ គេឃើញរថយន្តធុនធំដែលធ្លាប់តែចាកចេញដំណើរនាំមុខក្បួនរថយន្តដឹកអ្នកទោសប៉ាឡេស្ទីននោះបានបើកចេញពីរបងពន្ធនាគារអូហ្វឺ (Ofer) បានតែបន្តិចប៉ុណ្ណោះ បន្ទាប់មកក៏លឹបក្បាលចូលទៅខាងក្នុងវិញអស់រលីង។
នៅពេលអ៊ីស្រាអែលពន្យារពេលបែបនេះធ្វើឱ្យអនាគតនៃបទឈប់បាញ់ដែលមានលក្ខណៈផុយស្រួយស្រាប់ទៅហើយនោះរឹតតែមានមន្ទិលសង្ស័យកាន់តែខ្លាំង។ អាជ្ញាធរប៉ាឡេស្ទីនបញ្ជាក់ថាពិតមានការពន្យារពេលពិតមែន។ នៅតំបន់វេសស្បេង គេឃើញថាក្រុមគ្រួសារអ្នកទោសកំពុងរង់ចាំយ៉ាងអន្ទះសានៅក្នុងបរិយាកាសដ៏ត្រជាក់ធ្លាក់ដល់សូន្យអង្សា។ មានករណីស្ត្រីម្នាក់រង់ចាំសាច់ញាតិរបស់ខ្លួន ចាំបាត់ៗមិនឃើញមក ក៏ស្រក់ទឹកភ្នែកទាំងមិនដឹងខ្លួន ដើរវង្វេងវង្វាន់ព័ន្ធជើងគ្នា។
សូមរំលឹកថាចំណាប់ខ្មាំងជនជាតិអ៊ីស្រាអែលដែលដោះលែងកាលពីល្ងាចថ្ងៃសៅរ៍អមដំណើរដោយកងកម្លាំងប្រដាប់អាវុធពាក់ម៉ាស់ឃ្មុំមុខជិតឈឹង ចេញតែប្រឡង់ភ្នែកតែប៉ុណ្ណោះ ឈរកាន់កាំភ្លើងច្រូងច្រាងនៅចំពោះមុខហ្វូងមនុស្ស។ ទិដ្ឋភាពបែបនេះត្រូវអង្គការសហប្រជាជាតិ និងកាកបាទក្រហមអន្តរជាតិរិះគន់ និងចាត់ទុកថាហាក់ដូចជាមានភាពហិង្សាពេក។
ជនជាតិអ៊ីស្រាអែលទាំង៦នាក់នោះជាចំណាប់ខ្មាំងនៅរស់ចុងក្រោយគេដែលដោះលែងតាមបទឈប់បាញ់ដំណាក់កាលទី១។ ដោយឡែក នៅក្នុងចំណោមអ្នកទោសប៉ាឡេស្ទីន៦២០នាក់ដែលត្រូវដោះលែង ហើយក្រោយមកត្រូវពន្យារពេលនោះ ១៥១នាក់ជាអ្នកទោសកម្រិតធ្ងន់ អ្នកខ្លះត្រូវជាប់ពន្ធនាគាររាប់សិបឆ្នាំ ឬអស់មួយជីវិត អ្នកខ្លះរហូតដល់២ជីវិត។ ក្រៅពីនេះ អ្នកទោស៤៤៥នាក់ក៏ត្រូវដោះលែងផងដែរ។ ពួកគេជាប់ឃុំដោយគ្មានការចោទប្រកាន់ និងជំនុំជម្រះនៅឡើយទេ។
អ្នកខ្លះបារម្ភថាក្រោយពេលបទឈប់បាញ់ដំណាក់កាលទី១នេះបិទបញ្ចប់ទៅវិញ សង្គ្រាមអាចនឹងកើតឡើងជាថ្មី។ ដំណើរការចរចានៅដំណាក់កាលទី២ហាក់ដូចជាពិបាកខ្លាំង។ ហាម៉ាស់ថ្លែងថាខ្លួននឹងប្រគល់សាកសពចំណាប់ខ្មាំង៤នាក់ទៀតនៅសប្ដាហ៍ក្រោយជាកិច្ចបញ្ចប់បទឈប់បាញ់ដំណាក់កាលទី១។ បន្ទាប់មកនឹងដោះលែងចំណាប់ខ្មាំងដែលនៅសេសសល់ជាង៦០នាក់ទៀតជាកិច្ចបង្ហើយ។ ប៉ុន្តែគេជឿជាក់ថាពាក់កណ្ដាលនៃអ្នកទាំងនោះប្រហែលជាបានស្លាប់អស់ហើយ។
ហាម៉ាស់ដាក់លក្ខខណ្ឌ២ចំណុចមុននឹងដោះលែងចំណាប់ខ្មាំងទាំងនោះ ទី១-បទឈប់បាញ់ត្រូវតែឈប់បាញ់ជាអចិន្ត្រៃយ៍ និងទី២-អ៊ីស្រាអែលត្រូវតែដកកងទ័ពពីតំបន់ហ្កាហ្សា។ ចំណុចប្រទាញប្រទង់គ្នា១ទៀតគឺហាម៉ាស់ចង់គ្រប់គ្រងហ្កាហ្សាខណៈដែលលោកណឺតាន់យ៉ាហ៊ូចង់កម្ទេចក្រុមហាម៉ាស់ឱ្យអស់ និងចូលគ្រប់គ្រងតំបន់ហ្កាហ្សា។
ម៉្យាងទៀត សំណើរបស់ត្រាំដែលចង់គ្រប់គ្រងតំបន់ហ្កាហ្សា, ចង់បណ្ដេញជនជាតិប៉ាឡេស្ទីនទៅរស់នៅប្រទេសផ្សេង និងចង់អភិវឌ្ឍទីនេះជាកន្លែងលំហែកាយមាត់សមុទ្រក៏ត្រូវលោកណឺតាន់យ៉ាហ៊ូគាំទ្រផងដែរ។ ម៉្លោះហើយ អនាគតនៃតំបន់ហ្កាហ្សាស្ថិតនៅក្នុងភាពមិនច្បាស់លាស់។ ចំណុចទាំងនេះជាឧបសគ្គសម្រាប់ការចរចាគ្នាឱ្យមានបទឈប់បាញ់ដំណាក់កាលទីពីរ៕
ចែករំលែកព័តមាននេះ