ទីក្រុងវ៉ាស៊ីនតោន៖ លោកត្រាំប្រកាសថាការចរចាគ្នារវាងអាមេរិក និងអ៊ុយក្រែនដើម្បីចម្រាញ់យកធនធានធម្មជាតិតម្លៃ៥០០ពាន់លានដុល្លារជិតសម្រេចជាផ្លែផ្កាហើយ។ ក្នុងនោះ អាមេរិកចង់ចែកភាគហ៊ុនជាមួយអ៊ុយក្រែន៥០%ម្នាក់នៅក្នុងការចម្រាញ់យកធនធានរ៉ែកម្រ និងមានតម្លៃទាំងនោះ។ នេះជាការតថ្លៃគ្នាដើម្បីចែកផលប្រយោជន៍មុនការចរចាសន្តិភាពនៅអ៊ុយក្រែន។ លោកត្រាំចង់កាត់កងគ្នារវាងធនធានទាំងនេះជាមួយការផ្ដល់ជំនួយកាលពីអតីតកាល និងតទៅអនាគត។
នេះជាលក្ខខណ្ឌដំបូង និងសំខាន់បំផុតដែលត្រូវនិយាយគ្នាជាមុនសិនមុននឹងនិយាយពីការចរចាសន្តិភាពជាមួយរុស្ស៊ី។ លោកត្រាំថ្លែងនៅឯវេទិកាអ្នកអភិរក្សនិយមនៃរដ្ឋម៉ារីលែន (Maryland) ថាកិច្ចព្រមព្រៀងនេះជិតបានសម្រេចហើយ។ លោកត្រាំប្រកាសត្រង់ៗតែម្ដងថាជំនួយយោធាតម្លៃរាប់ពាន់លានដុល្លារដែលអាមេរិកបានផ្ដល់ទៅឱ្យអ៊ុយក្រែនលោកចង់បានការតបស្នងត្រឡប់មកវិញ។
លោកថ្លែងថាអាមេរិកចង់បានលោហធាតុកម្រ ប្រេងឆៅ ឬអ្វីផ្សេងទៀតក៏បានដែរឱ្យតែអាមេរិកអាចយកបាន។ ការថ្លែងរបស់លោកត្រាំស្របពេលដែលមានព័ត៌មានចុះផ្សាយថាអាមេរិកបានបញ្ជូនសេចក្ដីព្រាងនៃកិច្ចព្រមព្រៀងនោះទៅឱ្យអ៊ុយក្រែនពិនិត្យមើលតាំងពីថ្ងៃទី២០ ខែកុម្ភៈ។ ពោលគឺបន្ទាប់ពីលោកហ្សេឡិនស្គីប្រកាសច្រានចោលសំណើដែលបញ្ជូនទៅកាលពីលើកមុន (ថ្ងៃទី១២ ខែកុម្ភៈ)។
មន្ត្រីរដ្ឋាភិបាលអាមេរិកបញ្ជាក់ថាលុះត្រាតែអាមេរិកមានផលប្រយោជន៍នៅអ៊ុយក្រែនទើបអាចធានាសន្តិសុខជាតិរបស់អ៊ុយក្រែនបាន។ មានន័យថាអាមេរិកមិនអាចដកខ្លួនពីអ៊ុយក្រែនទេបើសិនមានផលប្រយោជន៍នៅទីនោះ។ លោកត្រាំថ្លែងថាបើបានធនធានធម្មជាតិទាំងនេះមានន័យថាអាមេរិកមិនខាតលុយទទេៗនៅក្នុងសង្គ្រាមអ៊ុយក្រែនទេ។ អាមេរិកនឹងកើបលុយមកវិញជាមិនខាន។
ប្រភពខ្លះថាក្រុមការងាររបស់អាមេរិក និងអ៊ុយក្រែនកំពុងធ្វើការយ៉ាងដុតដៃដុតជើងទាំងថ្ងៃទាំងយប់ដើម្បីរៀបចំកិច្ចព្រមព្រៀង។ ដូច្នេះ ទោះបីលោកហ្សេឡិនស្គីអះអាងថាមិនលក់អធិបតេយ្យភាពជាតិ ឬប្រគល់ធនធានរ៉ែទៅឱ្យអាមេរិកយ៉ាងណាក្ដី ប៉ុន្តែនៅទីបញ្ចប់ លោកគ្មានជម្រើសផ្សេងទេ។ កាលពីមុននេះ អាមេរិកព្រមានផ្ដាច់ជំនួយ និងបណ្ដោយឱ្យអ៊ុយក្រែនរស់នៅតាមយថាកម្ម។ មិនតែប៉ុណ្ណោះ លោកអ៊ីឡនម៉ាស់ព្រមានកាត់ផ្ដាច់សេវាអ៊ីនធឺណិតស្តាលីងថែមទៀត (Starlink)។ ដូច្នេះ លោកហ្សេឡិនស្គីមិនដឹងថាត្រូវដើរទៅតាមច្រកណាទេ មានតែស្របតាមគេតាមឯងតែប៉ុណ្ណោះ។
កាលពីមុននេះ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោកម៉ាយវ៉ាល់ (Mike Waltz) ព្យាករទុកជាមុនថាលោកហ្សេឡិនស្គីមុខតែទទួលយកកិច្ចព្រមព្រៀងនៅក្នុងពេលឆាប់ៗនេះ។ នៅក្នុងការថ្លែងសុន្ទរកថាកាលពីរាត្រីថ្ងៃទី២១ ខែកុម្ភៈ លោកហ្សេឡិនស្គីថ្លែងថាតាមរយៈកិច្ចព្រមព្រៀងនេះ ប្រទេសទាំង២ អាមេរិក និងអ៊ុយក្រែននឹងលើកកម្ពស់ទំនាក់ទំនងកាន់តែល្អប្រសើរ។
គេមិនទាន់ដឹងថានៅក្នុងកិច្ចព្រមព្រៀងមានចំណុចកែសម្រួលយ៉ាងណាខ្លះទើបតែបានជាលោកហ្សេឡិនស្គីប្រកាសគាំទ្រ។ ប្រភពខ្លះថាមូលហេតុដែលលោកហ្សេឡិនស្គីមិនព្រមចុះហត្ថលេខាកាលពីវគ្គមុនដោយសារគ្មានការធានាសន្តិសុខជាតិរបស់អ៊ុយក្រែន។ ចំណែកមន្ត្រីជាន់ខ្ពស់អ៊ុយក្រែនប្រាប់ថាសេចក្ដីព្រាងនៃកិច្ចព្រមព្រៀងនោះប្រៀបបាននឹងកិច្ចព្រមព្រៀងកាលពីសម័យអាណានិគមដែលគេបង្ខំឱ្យចុះហត្ថលេខា។ ប៉ុន្តែគេហទំព័រអាក់សឺស (Axios) ចុះផ្សាយថាលើកនេះអាមេរិកបានកែសម្រួលច្រើនណាស់ដើម្បីស្របទៅតាមបំណងចង់បានរបស់អ៊ុយក្រែនផង និងស្របទៅតាមច្បាប់របស់អ៊ុយក្រែនផង៕
ចែករំលែកព័តមាននេះ