ទីក្រុងប៉ារីស៖ ថ្នាក់ដឹកនាំអង់គ្លេស និងបារាំងត្រៀមជួបលោកត្រាំនៅសេតវិមានដើម្បីនិយាយអំពីការធានាសន្តិសុខជាតិសម្រាប់អ៊ុយក្រែន។ គម្រោងធ្វើដំណើររបស់លោកម៉ាក្រុង និងលោកស្តាមើទៅទីក្រុងវ៉ាស៊ីនតោនលើកនេះកើតឡើងចំពេលដែលពួកអឺរ៉ុបចាប់ផ្ដើមភ្ញាក់ផ្អើលនឹងជំហររបស់លោកត្រាំដែលគាបសង្កត់អ៊ុយក្រែនឱ្យទទួលយកសំណើសន្តិភាពតាមចិត្តរបស់លោកចង់ ហើយលោកកាន់ជើងរុស្ស៊ីជ្រុលពេករហូតដល់ចាត់ទុកថាសង្គ្រាមកើតឡើងដោយសារអ៊ុយក្រែន។
លោកម៉ាក្រុង និងលោកស្តាមើចង់និយាយបញ្ចុះបញ្ចូលលោកត្រាំកុំទាន់ព្រមព្រៀងគ្នាឱ្យមានបទឈប់បាញ់ទាំងប្រញាប់ប្រញាល់ពេកជាមួយលោកពូទីន ប៉ុន្តែត្រូវទុកឱកាសឱ្យពួកអឺរ៉ុបមានឱកាសចូលរួមផង ហើយកុំភ្លេចនិយាយអំពីការធានាសន្តិសុខជាតិសម្រាប់អ៊ុយក្រែនផង។ លោកម៉ាក្រុងចង់ប្រាប់លោកត្រាំថាបើចរចាគ្នាឆិនឆៃៗនឹងធ្វើឱ្យអ៊ុយក្រែនចាញ់ប្រៀបរុស្ស៊ី ហើយនឹងបង្ហាញនូវភាពកម្សោយរបស់អាមេរិកនៅចំពោះមុខពួកកសត្រូវរបស់អាមេរិកដូចជាចិន និងអ៊ីរ៉ង់ជាដើម។
គម្រោងជួបគ្នានេះធ្វើឡើងនៅពេលមានជម្លោះពាក្យសម្ដីរវាងលោកត្រាំ និងលោកហ្សេឡិនស្គីដែលមិនទទួលស្គាល់រាល់ការចរចាគ្នាដែលគ្មានចំណែកអ៊ុយក្រែនចូលរួម និងមិនព្រមចុះហត្ថលេខាលើកិច្ចព្រមព្រៀងចម្រាញ់យកធនធានធម្មជាតិតម្លៃ៥០០ពាន់លានដុល្លារ។ លោកហ្សេឡិនស្គីថាការប្រគល់ធនធានរ៉ែដ៏ច្រើនបែបនេះប្រៀបបាននឹងការលក់ប្រទេសរបស់លោកតែម្ដង។ ចំណែកលោកត្រាំចោទប្រកាន់ថាលោកហ្សេឡិនស្គីជាមេដឹកនាំផ្ដាច់ការព្រោះគាត់មិនរៀបចំការបោះឆ្នោត។
អឺរ៉ុបក៏មិនស្រណុកខ្លួនប៉ុន្មានដែរ។ ត្រាំគំរាមដំឡើងពន្ធទៅលើទំនិញអឺរ៉ុប ហើយឥឡូវនេះច្បាស់ហើយថាអឺរ៉ុបគ្មានចំណែកនៅក្នុងការចរចាសន្តិភាពនៅអ៊ុយក្រែនទេ។ លោកស្តាមើត្រៀមធ្វើដំណើរទៅវ៉ាស៊ីនតោននៅថ្ងៃព្រហស្បតិ៍សប្ដាហ៍ក្រោយ។ លោកព្រមានទុកជាមុនថាការបិទបញ្ចប់សង្គ្រាមអ៊ុយក្រែននៅក្នុងន័យនេះមិនមែនមានន័យថាគ្រាន់តែជាការផ្អាកបាញ់គ្នា និងស្ងប់ស្ងាត់ស្នូរគ្រាប់កាំភ្លើងត្រឹមតែមួយឆាវៗតែប៉ុណ្ណោះ។ រួចហើយលោកពូទីនចាប់ផ្ដើមវាយប្រហារសាជាថ្មីនោះទេ។
លោកត្រាំក៏ចាប់ផ្ដើមបោះពាក្យបោះសម្ដីទៅវិញជាបណ្ដើរៗផងដែរ។ តាមរយៈការសន្ទនាតាមផតខាស់ចាក់ផ្សាយកាលពីថ្ងៃសុក្រ លោកត្រាំថ្លែងថាលោកម៉ាក្រុង និងលោកស្តាមើគ្មានបានធ្វើអ្វីឱ្យចេញជាសាច់ការដើម្បីដោះស្រាយបញ្ហាអ៊ុយក្រែនទេ។ ជាពិសេស ការបិទបញ្ចប់សង្គ្រាម។ លោកថាថ្នាក់ដឹកនាំទាំង២នេះមិនដែលបានរៀបចំគម្រោងជួបគ្នាជាមួយលោកពូទីនទេ។ គ្រាន់តែថាលោកចាត់ទុកលោកម៉ាក្រុងជាមិត្តសម្លាញ់ និងចាត់ទុកលោកស្តាមើជាសុភាពបុរសដ៏ល្អម្នាក់។
ការផ្ដល់ការធានាចំពោះសន្តិសុខជាតិអ៊ុយក្រែន
បារាំង និងអង់គ្លេសចង់បង្ហាញប្រាប់លោកត្រាំថាពួកគេត្រៀមខ្លួនរួចហើយដើម្បីរ៉ាប់រងធ្វើកិច្ចការសំខាន់ៗនៅក្នុងបញ្ហាសន្តិសុខជាតិរបស់អឺរ៉ុប។ ប្រទេសទាំង២ប្រកាន់ជំហររឹងមាំនៅក្នុងការធានាសន្តិសុខជាតិអ៊ុយក្រែន ហើយនឹងនិយាយបញ្ចុះបញ្ចូលលោកត្រាំដើម្បីឱ្យអាមេរិកធានាសន្តិសុខជាតិសម្រាប់អ៊ុយក្រែនផងបើសិនជាមានបទឈប់បាញ់នាពេលអនាគត។
ប្រភពខ្លះថាអឺរ៉ុបចង់ប្រើប្រាស់កងរក្សាសន្តិភាពបីម៉ឺននាក់ដើម្បីឃ្លាំមើលការអនុវត្តបទឈប់បាញ់។ ប្រភពខ្លះទៀតថាចំនួនកងទ័ពប៉ុន្មានមិនសំខាន់ទេ សំខាន់គឺចល័តទ័ពលឿនកម្រិតណា។ ទ័ពទាំងនេះត្រូវឈរជើងឆ្ងាយពីខ្សែត្រៀមមុខ ហើយប្រើប្រាស់យន្តហោះដ្រូន ឬបច្ចេកវិទ្យាដទៃទៀតដើម្បីឃ្លាំមើលសភាពការណ៍ពីចម្ងាយ។ កងទ័ពទាំងនេះត្រូវការពារដោយមូលដ្ឋានទ័ពជើងទឹក និងទ័ពអាកាសដែលអាចដាក់នៅប៉ូឡូញ ឬរ៉ូម៉ានី៕
ចែករំលែកព័តមាននេះ