ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្នាក់ដឹកនាំ​កម្ពុជា​-ឡាវ -​វៀតណាម​ជំរុញ​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ដែល​នៅ​សេសសល់​ឱ្យ​បាន​ឆាប់​រហ័ស

8 ម៉ោង មុន

រាជធានី​ភ្នំពេញ​ ៖​ ជា​ថ្មី​ម្តងទៀត​ប្រមុខ​ដឹកនាំ​កម្ពុជា -​ឡាវ និង​វៀតណាម​បាន​បាន​ពិភាក្សា​អំពី​ការ​ជំរុញ​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ដែល​នៅ​សេសសល់​ឱ្យ​បាន​ឆាប់ រហ័ស​។​នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។ សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០២៥…

រាជធានី​ភ្នំពេញ​ ៖​ ជា​ថ្មី​ម្តងទៀត​ប្រមុខ​ដឹកនាំ​កម្ពុជា -​ឡាវ និង​វៀតណាម​បាន​បាន​ពិភាក្សា​អំពី​ការ​ជំរុញ​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ដែល​នៅ​សេសសល់​ឱ្យ​បាន​ឆាប់ រហ័ស​។​នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០២៥ គណៈ​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល គណបក្ស​ប្រជាជន កម្ពុជា ដឹកនាំ​ដោយ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស និង​ជា​ប្រធាន​ព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ការិយាល័យ​នយោបាយ​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​ក​ម្មុ​យ​នី​ស្ត​វៀតណាម ដឹកនាំ​ដោយ ឯកឧត្តម តូ ឡឺម អគ្គលេខាធិការ​មជ្ឈិមបក្ស​ក​ម្មុ​យ​នី​ស្ត​វៀតណាម បាន​ជួប​ពិភាក្សា​ការងារ​ក្នុង កិច្ចប្រជុំ​កំពូល​ប្រចាំឆ្នាំ​រវាង​គណបក្ស​ទាំង​ពីរ​កម្ពុជា​-​វៀតណាម នៅ​ទីក្រុង​ហូ​ជី​មិ​ញ សាធារណរដ្ឋ​សង្គមនិយម វៀតណាម​។

ភាគី​ទាំង​ពីរ​បាន​វាយតម្លៃ​ខ្ពស់ និង​សម្តែង​នូវ​ការ​អបអរសាទរ​យ៉ាង​ក្រៃ​លែង ចំពោះ​ការ​រីក​ចម្រើន​ឥត ឈប់​ឈរ​នៃ​ចំណង​សាមគ្គីភាព មិត្តភាព​ជា​ប្រពៃណី ទំនាក់​ទំនងជា​ប្រវត្តិសាស្ត្រ និង​កិច្ច​សហប្រតិបត្តិការ​ជិត ស្និទ្ធ​រវាង​ប្រទេស​ទាំង​ពីរ​លើ​គ្រប់​វិស័យ​មាន​ជា​អាទិ៍​៖ នយោបាយ សន្តិសុខ ការពារ​ជាតិ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ អប់រំ និង​ទេសចរណ៍ ស្រប​តាម​ទិស​ស្លោក «​ភាព​ជា​អ្នក​ជិតខាង​ល្អ មិត្តភាព​ជា​ប្រពៃណី កិច្ច​សហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ និង​ស្ថិរភាព​យូរអង្វែង​»​។

ភាគី​ទាំង​ពីរ​បាន​ជូន​ព័ត៌មាន​គ្នា​ទៅ​វិញ​ទៅ​មក​អំពី​សភាពការណ៍​ជាតិ តំបន់ និង​អន្តរជាតិ ព្រមទាំង ចែករំលែក​អំពី​បទ​ពិសោធន៍ និង​សភាពការណ៍​លេចធ្លោ​នៃ​គណបក្ស និង​ប្រទេស​នីមួយ​ៗ ទំនាក់ទំនង​ទ្វេភាគី និង​កិច្ច​សហប្រតិបត្តិការ​ក្នុង​ក្រប​ខណ្ឌ​តំបន់ និង​អន្តរជាតិ ព្រមទាំង​ដាក់​ទិស​ដៅ​សម្រាប់​កិច្ច​សហប្រតិបត្តិការ រវាង​គណបក្ស​ទាំង​ពីរ​ក្នុង​ឆ្នាំ​បន្តបន្ទាប់​។

ភាគី​វៀតណាម​បាន​អបអរសាទរ​ដល់​កម្ពុជា​ដែល​បាន​ធ្វើ​ជា​ម្ចាស់ផ្ទះ និង​ធ្វើ​ជា​ប្រធាន​ដឹកនាំ​ប្រកប ដោយ​ភាព​ជោគជ័យ ចំពោះ​កិច្ចប្រជុំ​អន្តរជាតិ​សំខាន់​ៗ ក្នុង​ឆ្នាំ​២០២៤ ទាំង​ក្នុង​ក្រប​ខណ្ឌ​គណបក្ស សភា និង រាជរដ្ឋាភិបាល ជា​ពិសេស​ការ​អនុម័ត​ធម្មនុញ្ញ​សន្តិភាព​សកល និង​ការ​លើកកម្ពស់​ពិភពលោក​មួយ​ដែល​គ្មាន​មីន​។ ភាគី​កម្ពុជា​ក៏​បាន​អបអរសាទរ​ចំពោះ​សមិទ្ធផល​របស់​វៀតណាម​ក្នុង​ការ​កសាង និង​អភិវឌ្ឍ​ប្រទេស​។

ភាគី​ទាំង​ពីរ​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​នៃ​ការ​ចាត់តាំង​អនុវត្ត​ស្មារតី​កុងសង់ស៊ីស​រវាង​ថ្នាក់ ដឹកនាំ​កំពូល​នៃ​គណបក្ស​ទាំង​ពីរ​ក្នុង​កិច្ចប្រជុំ​កន្លង​មក ដើម្បី​លើកកម្ពស់​ចំណងមិត្តភាព សាមគ្គីភាព​ជា​ប្រពៃណី ល្អ និង​កិច្ច​សហប្រតិបត្តិការ និង​ការ​ជួយ​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​ដោះស្រាយ​បញ្ហា​នានា​ក្នុង​ទំនាក់ទំនង រវាង​ប្រទេស​ទាំង​ពីរ​ឱ្យ​បាន​ទាន់​ពេល និង​មាន​ប្រសិទ្ធភាព ដោយ​បាន​បង្កើន​ជំនឿ​ទុកចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង ភាព​ជា​មិត្ត​ជិតខាង​ល្អ​។

ភាគី​ទាំង​ពីរ​នឹង​បន្ត​គាំទ្រ​ដល់​កិច្ច​សហប្រតិបត្តិការ​រវាង​យុវជន នៃ​គណបក្ស និង​ប្រទេស​ទាំង​ពីរ ដើម្បី ជា​ស្ពាន​ត​ភ្ជាប់​បន្ថែម​ទៀត ដល់​ការ​លើកកម្ពស់​ទំនាក់ទំនង​មិត្តភាព កម្ពុជា​-​វៀតណាម ក្នុង​ស្មារតី «​ត​ភ្ជាប់ យុវជន ត​ភ្ជាប់​ជំនាន់ និង​ត​ភ្ជាប់​ភាព​ជា​អ្នកដឹកនាំ​»​។ ភាគី​ទាំង​ពីរ​ក៏​នឹង​បន្ត​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក និង​ជំរុញសហប្រតិបត្តិការ​ក្នុង​ក្រប​ខណ្ឌ​គណបក្ស សភា រាជរដ្ឋាភិបាល និង​អង្គការ​មហាជន​រវាង​ប្រទេស​ទាំង​ពីរ ដើម្បី ចូលរួម​ក្នុង​ការ​ថែរក្សា​សន្តិភាព ស្ថិរភាព និង​ការ​អភិវឌ្ឍ​តំបន់ និង​ពិភពលោក​។

នៅ​ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០២៥ ក៏​មានការ​ជួប​ប្រជុំ​កំពូល​រវាង​គណបក្ស​ទាំង​បី កម្ពុជា​-​ឡាវ​-​វៀតណាម ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី ឯកឧត្តម ថង​លូន ស៊ី​សូលី​ត អគ្គលេខាធិការ​បក្ស​ប្រជាជន​បដិវត្តន៍​ឡាវ និង​ជា​ប្រធាន​រដ្ឋ​ឡាវ និង​ឥស្សរជន​ជាន់ខ្ពស់​ជា​ថ្នាក់ដឹកនាំ​បក្ស​ប្រជាជន​បដិវត្តន៍​ឡាវ រួម​ទាំង​មានការ​អញ្ជើញ ចូលរួម​ដ៏​ខ្ពង់ខ្ពស់​ពី​នាយក​រដ្ឋមន្ត្រី នៃ​ប្រទេស​ទាំង​បី ផង​ដែរ ដើម្បី​ពិភាក្សា​អំពី​ទំនាក់ទំនង​មិត្តភាព សាមគ្គីភាព និង​កិច្ច​សហប្រតិបត្តិការ​រវាង​គណបក្ស​ទាំង​បី​កម្ពុជា​-​ឡាវ​-​វៀតណាម ក្នុង​ស្មារតី​គោរព​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី ឯករាជ្យ​ភាព អធិបតេយ្យភាព សន្តិភាព និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព សម្រាប់​ជា​ប្រយោជន៍​ប្រជាជន​នៃ ប្រទេស​ទាំង​បី​។

ភាគី​ទាំង​បី​ក៏​បាន​ពិភាក្សា​អំពី​ការ​ជំរុញ​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ដែល​នៅ​សេសសល់​ឱ្យ​បាន​ឆាប់ រហ័ស ដើម្បី​ប្រែក្លាយ​តំបន់​ព្រំដែន ទៅ​ជា​ព្រំដែន​សន្តិភាព មិត្តភាព កិច្ច​សហប្រតិបត្តិការ និង​ការ​អភិវឌ្ឍ និង បាន​ប្តេជ្ញា​ចិត្ត​ចូលរួម​ជំរុញ និង​ពង្រឹង​សហគមន៍​អាស៊ាន ដើម្បី​ការពារ​សាមគ្គីភាព និង​ម​ជ្ឈ​ភាព​របស់​អាស៊ាន នៅ​ក្នុង​និម្មាបនកម្ម​សេដ្ឋកិច្ច​និង​សន្តិសុខ​តំបន់​និង​ពិភពលោក ជា​ពិសេស​នៅ​ក្នុង​បរិបទ​នៃ​សភាពការណ៍​អន្តរ ជាតិ និង​ភូមិសាស្ត្រ​នយោបាយ បន្ត​ប្រែប្រួល​យ៉ាង​ឆាប់រហ័ស ពិបាក​ប៉ាន់ស្មាន ស្មុគស្មាញ និង​ផុយ​ស្រួយ​។

ភាគី​ទាំង​បី​បន្ត​ពង្រឹង និង​ពង្រីក​ប្រកបដោយ​ប្រសិទ្ធភាព​បណ្តា​យន្តការ​សហប្រតិបត្តិការ​ដែល​មាន ស្រាប់ ស្រាវជ្រាវ​បង្កើត​យន្តការ​សហប្រតិបត្តិការ​ថ្មី ក្នុង​នោះ​រួម​មាន​៖ ការ​ផ្សព្វផ្សាយ និង​កា​រត​ភ្ជាប់​បណ្តាញ សន្តិភាព​សកល គំនិត​ផ្តួចផ្តើម​តំបន់​នានា សំដៅ​លើកកម្ពស់​ប្រសិទ្ធភាព កិច្ច​សហប្រតិបត្តិការ ដើម្បី​រួមចំណែក ដល់​ការ​កសាង និង​ការពារ​សន្តិភាព វិបុលភាព​តំបន់ និង​ពិភពលោក​។

ក្នុង​ស្មារតី​សាមគ្គីភាព មិត្តភាព ជឿ​ទុកចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក កិច្ចប្រជុំ​កំពូល​ទ្វេភាគី​កម្ពុជា​-​វៀត​ណាម ព្រមទាំង​កិច្ចប្រជុំ​កំពូល​គណបក្ស​ទាំង​បី កម្ពុជា​-​ឡាវ​-​វៀតណាម ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ ដែល​ជា​គុណ ប្រយោជន៍​ដ៏​ឧត្តុង្គឧត្តម​ដល់​ការ​ពង្រឹងពង្រីក​ចំណងមិត្តភាព សាមគ្គីភាព​ជា​ប្រពៃណី និង​កិច្ច​សហប្រតិបត្តិការ រវាង​គណបក្ស និង​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​វៀតណាម និង​រវាង​ប្រទេស​ទាំង​បី​កម្ពុជា​-​ឡាវ​-​វៀតណាម​។

ថ្នាក់ដឹកនាំ​នៃ​គណបក្ស​ទាំង​បី​បាន​ឯកភាព​គ្នា​ជួប​ប្រជុំ​កំពូល នៅ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ឆ្នាំ​២០២៦ ខាង​មុខ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ