រាជធានីភ្នំពេញ ៖ ក្មេងស្រីជំទង់ម្នាក់បានចេះដើរលួចកាបូបលុយ និងទូរស័ព្ទដៃព្រមទាំងរបស់មានតម្លៃនៅតាមផ្សារនានាជាច្រើនឆ្នាំមកហើយ តាំងពីនៅតូចរហូតមក ដល់ឆ្នាំ២០២៥នេះ នាងមានវ័យ១៦ឆ្នាំទៅហើយ នៅតែដើរលួចដដែល ។ ដោយមិនត្រឹមតែលួចនៅតាមផ្សារមួយចំនួននៅក្នុងរាជធានីភ្នំពេញប៉ុណ្ណោះទេ គឺដើរលួចនៅតាមបណ្ដាខេត្តមួយចំនួនទៀតផង ហើយក៏ធ្លាប់ត្រូវបានអាជីវករនៅផ្សារទាំងនោះចាប់ខ្លួនបានជាបន្តបន្ទាប់ផងដែរ ។ នេះបើតាមការប្រាប់ឲ្យដឹងពីសមត្ថកិច្ច ។
ចុងក្រោយបំផុតនេះបានធ្វើសកម្មភាពចូលទៅលួចទូរស័ព្ទដៃរបស់អាជីវករលក់ដូរនៅក្នុងផ្សារព្រែកជ្រៃ ស្ថិតនៅតាមផ្លូវ២១៧ ក្នុងភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ដល់ក្នុងតូប ហើយក៏ត្រូវបានម្ចាស់ទូរស័ព្ទ និងអាជីវករនាំគ្នាឃាត់ខ្លួនប្រគល់ឲ្យនគរបាល កាលពីវេលាម៉ោង២និង៣៥នាទីថ្ងៃត្រង់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ។
ក្មេងស្រីជំទង់ដែលជាជនសង្ស័យរូបនោះឈ្មោះឡាយ ស្រីណែត អាយុ១៦ឆ្នាំ មានទីលំនៅភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។នគរបាលដកហូតបានទូរស័ព្ទដៃម៉ាក Iphone13 Pro Max ពណ៌ប្រផេះ១គ្រឿង ដែលជារបស់ជនរងគ្រោះ និងទូរស័ព្ទដៃម៉ាក OPPO ពណ៌ខ្មៅ១គ្រឿងទៀតជារបស់ក្មេងស្រីទំង់ដែលជាជនសង្ស័ងខាងលើ ។
ដោយឡែកម្ចាស់ទូរស័ព្ទឈ្មោះ សួន ស្រូយ ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរនៅក្នុងផ្សារព្រែកជ្រៃ មានទីលំនៅផ្ទះលេខ២៩B ផ្លូវលំភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
នគរបាលបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ អាជីវករខាងលើបានទុកទូរស័ព្ទដៃម៉ាក Iphone 13Pro Max សាកថ្មនៅលើតុបាយក្នុងតូបលក់ខោអាវនិងបានអង្គុយលក់ដូរសម្លៀកបំពាក់ជាធម្មតា ។ លុះដល់ពេលកើតហេតុ ស្រាប់តែក្មេងស្រីជំទង់ដែលជាជនសង្ស័យខាងលើបានចូលតាមទ្វារក្រោយទៅធ្វើសកម្មភាពលួចយកទូរស័ព្ទនោះ ប៉ុន្តែត្រូវបានស្ត្រីដែលជាម្ចាស់ទូរស័ព្ទក្រឡេកឃើញទាន់ ក៏បានស្រែកឆោឡោថាចោរៗ និងរត់ដេញតាមចាប់ ។ខណៈនោះបង្កឲ្យមានការភ្ញាក់ផ្អើលពេញក្នុងផ្សារ ហើយក្មេងស្រីសង្ស័យបានរត់គេចខ្លួន រហូតដល់មុខបន្ទប់ទឹកខាងកើតផ្សារព្រែកជ្រៃចំងាយប្រមាណ៧០ម៉ែត្រពីកន្លែងកើតហេតុ ទើបត្រូវបានម្ចាស់និងក្រុមអាជីវករតាមទាន់និងឃាត់ខ្លួនបានប្រគល់ឲ្យនគរបាល ប៉ុស្តិ៍រដ្ឋបាលស្ពានថ្ម ចាត់ការតាមច្បាប់ ៕







ចែករំលែកព័តមាននេះ