ទីក្រុងបាងកក៖ មុនដំណើរទស្សនកិច្ចរបស់លោកថាក់ស៊ីនទៅបណ្ដាខេត្តភាគខាងត្បូង មានហេតុការណ៍ផ្ទុះគ្រាប់បែកពីរដងនៅខេត្តយ៉ាឡាកាលពីយប់ថ្ងៃសៅរ៍ និងផ្ទុះគ្រាប់បែកនៅខេត្តណារ៉ាធីវ៉ាត់កាលពីព្រឹកថ្ងៃអាទិត្យ។ អាជ្ញាធរចាត់ទុកថានេះជាស្នាដៃរបស់ក្រុមបះបោរចង់ផ្ដាច់ទឹកដី។ យើងក្រឡេកទៅមើលករណីផ្ទុះគ្រាប់បែកនៅយ៉ាឡាជាមុនសិន។

ហេតុការណ៍នោះកើតឡើងនៅមុខហាងលក់ទំនិញមួយកន្លែងនៅម៉ោង៨:២០យប់ថ្ងៃសៅរ៍នៅពេលនគរបាលមួយក្រុមបើករថយន្តល្បាតកាត់ទីនោះ។ ឧត្ដមសេនីយ៍វរ៉ាវីត ណា ណាខន (Worawit Na Nakhon) ថ្លែងថាហេតុការណ៍នេះបានឆក់យកជីវិតជនរងគ្រោះឈ្មោះទួនអ៊ីប្រាហេងនីមី (Tuan Ibrawheng Nimi) , របួសនគរបាល៧នាក់ និងជនស៊ីវិល៤នាក់។

ក្រុមអ្នកជំនាញខាងគ្រាប់បែកបានចុះទៅកន្លែងកើតហេតុ និងរកឃើញថាគ្រឿងផ្ទុះនោះត្រូវគេបង្កៃទុកចោលនៅក្នុងបំពង់បាញ់ផ្សែងពន្លត់ភ្លើង។ ក្រៅពីការស្លាប់ និងរបួសមនុស្សដូចរៀបរាប់ខាងលើនេះ គ្រាប់បែកដែលផ្ទុះក៏បានបង្កការខូចខាតរថយន្តដែលចតនៅម្ដុំនោះជាច្រើនគ្រឿងផងដែរ។

អាជ្ញាធរបានបញ្ជូនកងកម្លាំងសន្តិសុខទៅដាក់ពង្រាយនៅកន្លែងកើតដើម្បីហ៊ុមព័ទ្ធខ្សែជុំវិញ និងការពារសុវត្ថិភាពអ្នករស់នៅម្ដុំនោះ។ អាជ្ញាធរក៏កំពុងបើកការស៊ើបអង្កេតយ៉ាងដុតដៃដុតជើងផងដែរដើម្បីរកមូលហេតុពិតប្រាកដនៅពីក្រោយរឿងនេះ។ ពួកគេជឿជាក់ថាការវាយប្រហារដោយគ្រាប់បែកលើកនេះដើម្បីបង្កការភ័យខ្លាចនៅក្នុងចំណោមសាធារណៈជន។

នៅខេត្តណារ៉ាធីវ៉ាត់កាលពីព្រឹកមិញក៏មានករណីផ្ទុះគ្រាប់បែកផងដែរដែលគេបង្កប់នៅក្នុងរថយន្តភិកអាប់ចតទុកចោលក្បែរកន្លែងត្រួតពិនិត្យការហោះហើរនៃព្រលានយន្តហោះណារ៉ាធីវ៉ាត់។ ហេតុការណ៍នេះកើតឡើងនៅម៉ោង៨:៥០ព្រឹកថ្ងៃអាទិត្យ។ ពោលគឺកើតឡើង១ម៉ោងមុនពេលលោកថាក់ស៊ីនទៅដល់ទីនោះ។ ហេតុការណ៍នេះបណ្ដាលឱ្យរបួសភ្នាក់ងារសន្តិសុខនៅព្រលានយន្តហោះ៤នាក់។ ប៉ុន្តែហេតុការណ៍នេះមិនបានបន្ទច់បង្អាក់ការធ្វើដំណើររបស់លោកថាក់ស៊ីនទេ។

លោកថាក់ស៊ីនទៅភាគខាងត្បូងលើកនេះដើម្បីដោះស្រាយបញ្ហាបះបោរនៅទីនោះ។ អមដំណើរជាមួយលោកថាក់ស៊ីនមានលោកភុំថាមវិឆាយ៉ាឆៃ ជាឧបនាយករដ្ឋមន្ត្រីថៃ និងក៏ជារដ្ឋមន្ត្រីការពារជាតិផងដែរ រួមជាមួយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ក៏អមដំណើរទៅជាមួយផងដែរ។ លោកថាក់ស៊ីននឹងធ្វើដំណើរទៅវត្តប្រជុំជលធារ (Wat Prachum Cholthara) នៅស្រុកស៊ូង៉ាយផាឌី (Su-ngai Padi) នៃខេត្តណារ៉ាធីវ៉ាត់ដើម្បីក្រាបថ្វាយបង្គំគ្រូចៅអធិការវត្ត និងសួរសុខទុក្ខអាជ្ញាធរថ្នាក់មូលដ្ឋាន។

បន្ទាប់មក លោកនឹងបន្តដំណើរទៅសាលារៀនសំប៉ានវិទ្យានៃខេត្តណារ៉ាធីវ៉ាត់, សាលាសៃបុរីឥស្លាមវិទ្យានៃខេត្តប៉ាតានី, និងសាលាធីខេផាកយ៉ាឡានៃខេត្តយ៉ាឡាដើម្បីជួបសំណេះសំណាលជាមួយគណៈគ្រប់គ្រងសាលាក៏ដូចជាមេសាសនាធំៗ និងអាជ្ញាធរមូលដ្ឋាន។ ក្រុមការងាររបស់លោកថាក់ស៊ីនក៏ត្រៀមធ្វើដំណើរទៅសាលាស្រុកមឿងយ៉ាឡាផងដែរដើម្បីពិគ្រោះអំពីគម្រោងអភិវឌ្ឍខេត្តទាំងបីនេះ។ បន្ទាប់មក ក្រុមការងារនឹងវិលត្រឡប់ទៅទីក្រុងបាងកកវិញ៕
ចែករំលែកព័តមាននេះ