ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំណាប់​ខ្មាំង​អ៊ីស្រាអែល​៦​នាក់​ទៀ​ត​ត្រូវ​ក្រុម​ហាម៉ាស់​ដោះ​លែង​ថ្ងៃ​នេះ

16 ម៉ោង មុន

ទី​ក្រុង​យេរូសាឡឹម៖ ​ក្រុម​ហាម៉ាស់​ត្រៀម​ដោះ​លែង​ចំណាប់​ខ្មាំង​៦​នាក់​​ទៀត​ជា​ថ្នូរ​នឹង​អ៊ីស្រាអែល​​ដោះ​លែង​អ្នក​ទោស​​ប៉ា​ឡេ​ស្ទីន​រាប់​រយ​នាក់​ពី​ពន្ធ​នា​គារ​ដើម្បី​អនុវត្ត​បទ​​តាម​ឈប់​បាញ់​ដ៏​ផុយ​ស្រួយ​​ដែល​រក​កល​នឹង​ដួល​រលំ​ម្ដង​ៗ​។ មុន​ដំបូង​ អ៊ី​ស្រា​អែល​ប្រុង​កិច​កុក​​ឈប់​​អនុវត្ត​​តាម​បទ​ឈប់​បាញ់​បន្ទាប់​ពី​ខ្លួន​ទទួល​បាន​សាក​សព​មនុស្ស​ផ្សេង​ពី​ចំណាប់​ខ្មាំង​​ឈ្មោះ​ស៊ីរី​ ប៊ីបាស់​ (Shiri Bibas)​។ ប៉ុន្តែ​​អ្វី​ៗ​ត្រូវ​បាន​ដោះ​ស្រាយ​​ចប់​សព្វ​គ្រប់​​អស់​ហើយ​​។ ចំណាប់​ខ្មាំង​ឈ្មោះ​ថាល់​ សូ​ហាម…

ទី​ក្រុង​យេរូសាឡឹម៖ ​ក្រុម​ហាម៉ាស់​ត្រៀម​ដោះ​លែង​ចំណាប់​ខ្មាំង​៦​នាក់​​ទៀត​ជា​ថ្នូរ​នឹង​អ៊ីស្រាអែល​​ដោះ​លែង​អ្នក​ទោស​​ប៉ា​ឡេ​ស្ទីន​រាប់​រយ​នាក់​ពី​ពន្ធ​នា​គារ​ដើម្បី​អនុវត្ត​បទ​​តាម​ឈប់​បាញ់​ដ៏​ផុយ​ស្រួយ​​ដែល​រក​កល​នឹង​ដួល​រលំ​ម្ដង​ៗ​។ មុន​ដំបូង​ អ៊ី​ស្រា​អែល​ប្រុង​កិច​កុក​​ឈប់​​អនុវត្ត​​តាម​បទ​ឈប់​បាញ់​បន្ទាប់​ពី​ខ្លួន​ទទួល​បាន​សាក​សព​មនុស្ស​ផ្សេង​ពី​ចំណាប់​ខ្មាំង​​ឈ្មោះ​ស៊ីរី​ ប៊ីបាស់​ (Shiri Bibas)​។

ប៉ុន្តែ​​អ្វី​ៗ​ត្រូវ​បាន​ដោះ​ស្រាយ​​ចប់​សព្វ​គ្រប់​​អស់​ហើយ​​។ ចំណាប់​ខ្មាំង​ឈ្មោះ​ថាល់​ សូ​ហាម (Tal Shoham) វ័យ​៤០​ឆ្នាំ និង​អា​វេរ៉ា មេង​ហ្គីស​ស្ទូ (Avera Mengistu) វ័យ​៣៩​ឆ្នាំ​ត្រូវ​ក្រុម​ហាម៉ាស់​ប្រគល់​ទៅ​ឱ្យ​ទី​ភ្នាក់​ងារ​កាក​បាទ​ក្រហម​អន្ត​រជាតិ​នៅ​តំបន់​រ៉ាហ្វា​ (Rafah)។ មិន​យូរ​ទេ ចំណាប់​ខ្មាំង​៤​នាក់​ទៀត​ក៏​នឹង​ត្រូវ​ដោះ​លែងផង​ដែរ​​ លើក​នេះ​នៅ​តំបន់​ហ្កាហ្សា​ភាគ​កណ្ដាល​។

​អ្នក​ទាំង​៦​នេះ​ជា​​ចំណាប់​ខ្មាំង​ដោះ​លែង​ចុង​ក្រោយ​គេ​នៅ​ក្នុង​ចំណោម​៣៣​នាក់​ចាប់​តាំង​ពី​​អនុវត្ត​បទ​ឈប់​បាញ់​ដំណាក់​កាល​ទី​​១​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មករា​។ ពោល​គឺ​​១​ថ្ងៃ​មុន​ពេល​លោក​ត្រាំ​ស្បថ​ចូល​កាន់​តំណែង​។​ ​ក្រោយ​ពេល​ទទួល​ដំណឹង​នេះ ជន​ជាតិ​អ៊ីស្រាអែល​សប្បាយ​រក​អ្វី​ប្រៀប​ផ្ទឹម​ពុំ​បាន​ទេ​។ ពួក​គេ​ប្រមូល​ផ្ដុំ​គ្នា​នៅទី​ក្រុង​តែឡាវីវ​ក្រោម​តំណក់​ភ្លៀង​។ អ្នក​ខ្លះ​ស្រែក​ហ៊ោរ​កញ្ជ្រៀវ​នៅ​ពេល​មើល​ឃើញ​រូប​វីឌីអូ​ដោះ​លែង​ចំណាប់​ខ្មាំង​ដែល​គេ​ចាក់​បញ្ចាំង​នៅ​លើ​​អេក្រង់​ដ៏​ធំ​មួយ​។​

នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ គេ​ឃើញ​មនុស្ស​ឈរ​តម្រង់​ជួរ​គ្នា​នៅ​តាម​ដង​ផ្លូវ​ក្បែរ​ព្រំ​ដែន​​ហ្កាហ្សា​ដើម្បី​ស្វាគមន៍​ក្បួន​រថយន្ត​ដឹក​ចំណាប់​ខ្មាំង​។ ​អ៊ីស្រាអែល​នឹង​ដោះ​លែង​អ្នក​ទោស​​ប៉ាឡេស្ទីន​៦០២​នាក់​ពី​ពន្ធ​នា​គារ​។ ​ក្នុង​ចំណោម​នោះ ៤៤៥​នាក់​ជា​អ្នក​រស់​នៅ​តំបន់​ហ្កាហ្សា​ដែល​ត្រូវ​ទាហាន​អ៊ីស្រាអែល​ចាប់​បាន​នៅ​​អំឡុង​ពេល​មាន​សង្គ្រាម​។ ក្រៅ​ពី​នេះ ជនជាតិ​ប៉ាឡេស្ទីន​រាប់​សិប​នាក់​ទៀត​ត្រូវ​តុលាការ​អ៊ីស្រា​អែល​កាត់​ទោស​ឱ្យ​ជាប់​ពន្ធ​គារ​យូរ​អង្វែង​។ អ្នក​ខ្លះ​ជាប់​ពន្ធ​នា​គារ​មួយ​ជីវិត​ ឬ​ពីរ​ជីវិត​។​

បទ​ឈប់​បាញ់​នេះ​ថ្វី​ដ្បិតមាន​បញ្ហា​រអាក់​រអួល​ខ្លះ​ៗ​​​ ប៉ុន្តែ​​បាន​នាំ​មក​នូវ​ភាព​ស្ងប់​ស្ងាត់​ឡើង​វិញ​។ ទោះ​ជា​យ៉ាង​ណា​ក្ដី គេ​មិន​ទាន់​ដឹង​ច្បាស់​ថា​តើ​សង្គ្រាម​នឹង​បិទ​បញ្ចប់​ទាំង​ស្រុង ​ឬ​យ៉ាង​ណា​ទេ​។ ជា​លទ្ធ​ផល​នៃ​សង្គ្រាម​រយៈ​ពេល​ជាង​មួ​យ​ឆ្នាំ ជន​ជាតិ​ប៉ាឡេស្ទីន​៤៨០០០​នាក់​បាន​ស្លាប់​, ផ្ទះ​សម្បែង និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​ហ្កាហ្សា​រង​ការ​ខូច​ខាត​ស្ទើរ​តែ​ក្លាយ​ជាផេះ​។​

​ជន​ស៊ីវិល​ប៉ាឡេស្ទីន​រាប់​សែន​នាក់​ត្រូវ​រស់​នៅ​ក្នុង​ទី​ជម្រក​បណ្ដោះ​អាសន្ន​ និង​ពឹង​អាស្រ័យ​ទៅ​លើ​​ស្បៀង​អាហារ​​ដែល​ដឹក​តាម​រថ​យន្ត​​ផ្ដល់​ជំនួយ​របស់​អង្គ​ការ​អន្តរ​ជាតិ​។ ​ក្រុម​ហាម៉ាស់​នៅ​តែ​បង្ហាញ​ចេត​នា​ចង់​​គ្រប់​គ្រង​តំបន់​ហ្កាហ្សា​ជា​បន្ត​ទៀត​។ ភាគី​ទាំង​២​ អ៊ីស្រាអែល និង​ហាម៉ាស់​ថ្លែង​ថា​ខ្លួន​ចង់​ចាប់​ផ្ដើម​​ការ​ចរ​ចា​គ្នា​ដើម្បី​​បន្ត​​អនុ​វត្ត​បទ​ឈប់​បាញ់​ដំណាក់​កាល​ទី​២​។​

ក្រុម​ប្រទេស​សម្រប​សម្រួល​ការ​ចរ​ចា​អះ​អា​ងថាពួក​គេ​នឹង​ជជែក​​​គ្នា​​២​ចំណុច​ ទី​១​-​ការ​​ដក​កង​ទ័ព​អ៊ីស្រា​អែល​ពី​ហ្កាហ្សា​ និង​ទី​២​-​ការ​ដោះ​លែង​ចំណាប់​ខ្មាំង​ដែល​នៅ​សេស​សល់​ចុង​ក្រោយ​៦០​នាក់។  ​​គេ​ជឿ​ជាក់​ថា​​ពាក់​កណ្ដាល​នៃ​អ្នក​ទាំង​នោះ​បាន​ស្លាប់​​បាត់​​ទៅ​ហើយ​។ ​​ការ​ចរ​ចា​គ្នានៅ​តែរអាក់​រអួល​ព្រោះ​មាន​បញ្ហា​​ខ្វែង​គំនិត​គ្នា​ពាក់​ព័ន្ធ​នឹង​អនា​គត​​​នៃ​តំបន់​ហ្កា​ហ្សា​។

ជា​ជំហរ​របស់​លោក​ត្រាំ លោក​មិន​ចង់​ឱ្យ​ជន​ស៊ីវិល​ប៉ាឡេស្ទីន​វិល​ទៅ​ហ្កាហ្សា​វិញ​ទេ​។​ លោក​ចង់​ឱ្យ​ប្រទេស​ខ្លះ​ដូច​ជា​ហ្សក​ដានី និង​អេហ្ស៊ីប​ទទួល​យក​ពួក​គេ​ឱ្យ​ស្នាក់​នៅ​។ ចំណែក​ហ្កាហ្សា​លោក​ចង់​អភិ​វឌ្ឍ​ទៅ​ជា​តំបន់​លំហែ​កាយ​។ ដោយ​ឡែក​ ក្រុម​ប្រទេស​អារ៉ាប់​​ប្រឆាំង​នឹង​ផែន​ការ​របស់​ត្រាំ​។ ពួក​គេ​ត្រៀម​កោះ​ប្រជុំ​នៅ​អារ៉ាប៊ី​សាអូឌីត​ និង​ត្រៀម​រៃ​អង្គាស​លុយ​​​ឱ្យ​បាន​២០​ពាន់​លាន​ដុល្លារ​នៅ​ក្នុង​រយៈ​ពេល​បី​ឆ្នាំ​​ដើម្បី​កសាង​តំបន់​ហ្កាហ្សា​ឡើង​វិញ​។​ ឥឡូវ​នេះ អ៊ីស្រាអែល​កំពុង​តែ​សម្រួច​មាត់​ បើ​ក្រុម​ហាម៉ាស​ហ៊ាន​ធ្វើ​អ្វី​ឱ្យ​ឃ្នើស​ចិត្ត​ ខ្លួន​នឹង​ធ្វើ​តាម​ការ​ចង់​បាន​របស់​លោក​ត្រាំ​ជា​មិន​ខាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ