ទីក្រុងបាងកក៖ ក្រុមឆបោកដែលសម្ងំលាក់ខ្លួននៅកណ្ដាលទ្រូងព្រៃនៃព្រំដែនថែ-ភូមាតែប៉ុណ្ណេះចាប់ផ្ដើមបាក់ធ្មង់ហើយបន្ទាប់ពីប្រទេសទាំង២ចាត់វិធានការក្ដៅគគុក និងបិទមជ្ឈមណ្ឌលឆបោកទាំងស្រុង។ បុគ្គលិករាប់ពាន់នាក់ដែលត្រូវគេអូសទាញទៅធ្វើការនៅទីនោះត្រូវអាជ្ញាធរប្រទេសទាំង២សហការគ្នាចាប់បញ្ជូនទៅមាតុភូមិរបស់ពួកគេវិញជាបន្តបន្ទាប់។
ថ្ងៃនេះ អាជ្ញាធរភូមាចាប់បញ្ជូនជនជាតិចិនជាង១០០នាក់ថែមទៀតប្រគល់ទៅឱ្យអាជ្ញាធរថៃដើម្បីដឹកបន្តតាមជើងយន្តហោះរបស់ក្រុមអាកាសចរណ៍ចិន។ ថ្វីដ្បិតពួកគេថាខ្លួនក៏ជាជនរងគ្រោះដែលត្រូវគេបោកបញ្ឆោតឱ្យធ្វើការបម្រើក្រុមមេម៉ាស់ផ្ចាធំៗ ប៉ុន្តែអាជ្ញាធរចិនមិនទាន់ជឿទាំងស្រុងទេ។ នៅពេលទៅដល់ចិន អាជ្ញាធរនឹងសួរចម្លើយពួកគេបន្ថែមទៀត។
ជនជាតិចិនដែលចាប់បានថ្ងៃនេះជាករណីទីបីនៃយុទ្ធនាការបង្ក្រាបទ្រង់ទ្រាយធំក្រោមកិច្ចសហការរវាងថៃ-ភូមា។ គេរំពឹងថាជនជាតិបរទេសដែលចម្រុះជាតិសាសន៍ អ្នកខ្លះមកតាំងពីទ្វីបអាហ្វ្រិក មជ្ឈិមបូព៌ា និងអាមេរិកឡាទីន នឹងត្រូវបណ្ដេញចេញពីប្រទេសថៃនាប៉ុន្មានសប្ដាហ៍ខាងមុខនេះ។ ប៉ុន្តែជនជាតិចិនត្រូវបានផ្ដល់សិទ្ធិអាទិភាពមុនគេដើម្បីបណ្ដេញចេញ។
របបសឹកភូមាចេញសេចក្ដីថ្លែងការណ៍នៅថ្ងៃនេះដែលមានសេចក្ដីជាអាទិ៍ថាជនជាតិចិនដែលចាប់បានលើកទី៣នេះមានគ្នាសរុប១១១នាក់បានប្រគល់ទៅឱ្យអាជ្ញាធរថៃគ្រប់ចំនួនអស់ហើយដោយដឹកជញ្ជូនតាមស្ពានមិត្តភាពថៃ-ភូមានៅស្រុកមេសូត។ តាមរយៈរូបវីឌីអូឃ្លីបដែលផ្សាយបន្តផ្ទាល់តាមទូរទស្សន៍ថៃ គេឃើញថាជនជាតិចិនទាំងនោះបានឡើងជិះរថយន្តបឺស២ជាន់។ បន្ទាប់មក ឡើងជិះយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ចិនដើម្បីបន្តដំណើរទៅមាតុភូមិរបស់ពួកគេវិញ។
នៅថ្ងៃសៅរ៍នេះផងដែរ លោកភុំថាមវិឆាយ៉ាឆៃ ក្នុងនាមជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការពារជាតិថៃថ្លែងថាបញ្ហាមជ្ឈមណ្ឌលឆបោកនេះមិនមែនងាយស្រួលដោះស្រាយប៉ុន្មានឡើយ។ វាជាប់ជំពាក់វាក់វិនគ្នារយីងរយោងដូចសម្លកំពិសអីចឹង។ ហេតុដូច្នេះ វាទាមទារការសហការគ្នាដោះស្រាយជាពហុភាគីនៅក្នុងចំណោមបណ្ដាប្រទេសដែលជាប់ពាក់ព័ន្ធ។
របបសឹកភូមាធ្លាប់រិះគន់ខ្លាំងៗថាពួកឆបោកអាចដំណើរការបានដោយសារថៃជាអ្នកផ្គត់ផ្គង់ប្រេង ភ្លើងអគ្គិសនី និងអ៊ីនធឺណិតទៅឱ្យពួកនោះ។ ដូច្នេះ ថៃចាប់ផ្ដើមចាត់វិធានការក្ដៅ និងពួតដៃគ្នាជាមួយរបបសឹកដើម្បីចាត់ការកាត់ផ្ដាច់ឫសគល់ពួកនេះឱ្យអស់។ បើមិនអីចឹងទេ ថៃខ្លួនឯងក៏ខាតបង់មិនស្ទើរដែរព្រោះចិននឹងប្រាប់គ្នាគេកុំធ្វើដំណើរកម្សាន្តនៅប្រទេសថៃ។
ហេតុនេះ ក្រៅពីចាត់ការបញ្ឈប់ទាំងស្រុងនូវការផ្គត់ផ្គង់ប្រេង និងអគ្គិសនីទៅមជ្ឈមណ្ឌលឆបោក លោកភុំថាមវិឆាយ៉ាឆៃក៏ណែនាំទៅនគរបាលថៃដើម្បីរឹតបន្តឹងសភាពការណ៍នៅតាមព្រំដែនផងដែរ។ រដ្ឋាភិបាលចិន និងសារព័ត៌មានចិនចាត់ទុកថាជនជាតិចិនដែលបញ្ជូនទៅមាតុភូមិទាំងនេះក៏មិនប្រាកដជាមនុស្សល្អប៉ុន្មានដែរ ពួកគេជាជនសង្ស័យ។ អ្នកនាំពាក្យចិនវាយតម្លៃខ្ពស់ចំពោះប្រតិបត្តិការបង្ក្រាបក្រុមឆបោកយ៉ាងលឿនដូចផ្លេកបន្ទោរក្រោមកិច្ចសហការគ្នារវាងចិន ភូមា និងថៃ៕
ចែករំលែកព័តមាននេះ