ទីក្រុងម៉ូស្គូ៖ គម្រោងជួបគ្នាកម្រិតកំពូលរវាងលោកត្រាំ និងលោកពូទីនសង្ឃឹមថានឹងកើតមានឆាប់ៗនេះព្រោះប្រទេសទាំង២ក៏កំពុងរៀបចំខ្លួនជាបណ្ដើរៗដើម្បីឱ្យលោកទាំង២អង្គុយជជែកគ្នាដោះស្រាយបញ្ហាអ៊ុយក្រែន។ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីបញ្ជាក់អំពីរឿងនេះនៅល្ងាចថ្ងៃសៅរ៍។ ហេតុនេះ រុស្ស៊ី និងលោកពូទីនមិននៅឯកោដូចសម័យលោកបៃដិនទៀតទេ។
ប្រទេសទាំង២បានឯកភាពគ្នានៅអារ៉ាប៊ីសាអូឌីតថានឹងកែលម្អទំនាក់ទំនងឡើងវិញ។ ហេងស៊យទណ្ឌកម្មសេដ្ឋកិច្ចក៏អាចនឹងលុបចោលវិញ ឬយ៉ាងហោចណាស់បន្ធូរបន្ថយខ្លះ។ លោកសឺហ្គេ រីយ៉ាបកូស (Sergei Ryabkov) ថ្លែងប្រាប់សារព័ត៌មានរបស់រដ្ឋរុស្ស៊ីថាគម្រោងជួបគ្នាកម្រិតកំពូលរវាងលោកត្រាំ និងលោកពូទីនមិនត្រឹមតែជជែកគ្នាអំពីបញ្ហាអ៊ុយក្រែនមួយមុខប៉ុណ្ណោះទេ ប៉ុន្តែនឹងមានបញ្ហាជាច្រើនទៀតនៅលើពិភពលោកដែលត្រូវនិយាយគ្នា និងចូលរួមដោះស្រាយជាមួយគ្នា។
លោកយល់ថាចំណុចចាប់ផ្ដើមគឺការកែសម្រួលទំនាក់ទំនងឱ្យបានល្អប្រសើរជាងពេលបច្ចុប្បន្ន និងរកវិធីដោះស្រាយបញ្ហាដែលរុញច្រានសភាការណ៍ទៅរកមាត់ជ្រោះមរណៈ។ បញ្ហាទាំងនេះមានច្រើនណាស់រួមទាំងបញ្ហាអ៊ុយក្រែនក៏មាននៅក្នុងចំណោមនោះផងដែរ។ ប៉ុន្តែលោកទទួលស្គាល់ថាការរៀបចំគម្រោងជួបគ្នានេះទើបតែនិយាយគ្នាសើៗលំៗតែប៉ុណ្ណោះ។
ប្រទេសទាំង២មានកិច្ចការជាច្រើនទៀតដែលត្រូវធ្វើ។ ក្រុមការងារអាមេរិក និងរុស្ស៊ីនឹងជួបគ្នានៅក្នុងរង្វង់២សប្ដាហ៍ទៀតដើម្បីរៀបចំកិច្ចជំនួបកំពូល។ ក្រោយកិច្ចជំនួបលើកដំបូងនៅអារ៉ាប៊ីសាអូឌីត រដ្ឋមន្ត្រីការបរទេសអាមេរិក លោករូប៊ីយ៉ូ ថ្លែងថាប្រទេសទាំង២ឯកភាពទៅលើបីចំណុច ១-ស្ដារទំនាក់ទំនងអាមេរិក-រុស្ស៊ី និងបញ្ជូនបុគ្គលិកស្ថានទូតទៅបំពេញការងារឱ្យបានពេញលេញ, ២-បង្កើតក្រុមការងារចរចាសន្តិភាពនៅអ៊ុយក្រែន និង៣-ពង្រឹងទំនាក់ទំនងនយោបាយ និងសេដ្ឋកិច្ច។
លោករូប៊ីយ៉ូថ្លែងនេះគ្រាន់តែជាកិច្ចជំនួបបឋមប៉ុណ្ណោះ ដូច្នេះមិនអាចដោះស្រាយបញ្ហាគ្រប់យ៉ាងបានឡើយ។ មានកិច្ចការជាច្រើនទៀតដែលត្រូវធ្វើ។ ជាពិសេស លោកត្រាំចង់មើលជំហររបស់រុស្ស៊ី និងលោកពូទីនដើម្បីចង់ដឹងថាតើគាត់មានឆន្ទៈចង់ដោះស្រាយបញ្ចប់សង្គ្រាមនេះកម្រិតណា។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីចាត់ទុកកិច្ចជំនួបនោះមានសារៈសំខាន់បំផុត។
អ៊ុយក្រែនមិនត្រូវគេអញ្ជើញឱ្យចូលរួមទេ ហើយក៏កើតចេញជាការទ្រគោះបោះបោក និងការបោះពាក្យបោះសម្ដីដាក់គ្នារវាងត្រាំ និងហ្សេឡិនស្គីដែលមិនទទួលស្គាល់កិច្ចជំនួបនោះ។ ជាពិសេស លោកត្រាំផ្ទុះកំហឹងយ៉ាងខ្លាំងបន្ទាប់ពីលោកហ្សេឡិនស្គីមិនព្រមចុះហត្ថលេខាលើកិច្ចព្រមព្រៀងឱ្យអាមេរិកបូមយកធនធានធម្មជាតិរបស់អ៊ុយក្រែនជាថ្នូរនឹងការផ្ដល់ជំនួយ។
ប៉ុន្តែប្រភពខ្លះបង្ហើបឱ្យដឹងថាលោកហ្សេឡិនស្គីយល់ព្រមទទួលយកកិច្ចព្រមព្រៀងទាញយករ៉ែតម្លៃ៥០០ពាន់លានដុល្លារនោះហើយព្រោះលោកគ្មានជម្រើសផ្សេងទេ។ លោកកំពុងទទួលរងសម្ពាធយ៉ាងខ្លាំងពីអាមេរិក។ លោកអ៊ីឡនម៉ាស់ព្រមានកាត់ផ្ដាច់សេវាអ៊ីនអឺណិតស្តាលីង(Starlink) ពីអ៊ុយក្រែន។ ចំណែកលោកត្រាំព្រមានកាត់ផ្ដាច់ជំនួយទាំងស្រុងពីអ៊ុយក្រែន។
លោកហ្សេឡិនស្គីថ្លែងថាក្រុមការងារអាមេរិក និងអ៊ុយក្រែនកំពុងរៀបចំសេចក្ដីព្រាងច្បាប់នៃកិច្ចព្រមព្រៀងនោះហើយ ហើយសង្ឃឹមថានឹងចុះហត្ថលេខាឆាប់ៗនេះ។ ចំណែកលោកត្រាំបញ្ជាក់បន្ថែមទៀតថាលោកត្រៀមចុះហត្ថលេខាលើកិច្ចព្រមព្រៀងនោះ សង្ឃឹមថានឹងធ្វើឡើងនៅក្នុងពេលឆាប់ៗនេះ។ ចំណាត់ការនេះធ្វើឡើងបន្ទាប់ពីទីប្រឹក្សាសន្តិសុខជាតិអាមេរិកប្រកាសថាលោកហ្សេឡិនស្គីត្រូវតែវិលត្រឡប់ទៅចរចាជាមួយអាមេរិកជាបន្ទាន់ដើម្បីសម្រេចកិច្ចព្រមព្រៀងនេះ។
ប្រភពខ្លះអះអាងថាលោកត្រាំកំពុងស្រក់ទឹកមាត់នឹងធនធានធម្មជាតិដ៏មហាសាលរបស់អ៊ុយក្រែនដែលមានដូចជាលីចូម (lithium), ទីតានីញ៉ូម (titanium), ធ្យូងថ្ម, ឧស្ម័ន, ប្រេង និងអ៊ុយរ៉ាញ៉ូម (uranium)។ បើអាមេរិកមានធនធានទាំងនេះនៅក្នុងដៃ ទៅថ្ងៃមុខអាមេរិកលែងត្រូវការពឹងធនធានធម្មជាតិរបស់ប្រទេសចិនតទៅទៀតហើយ ហើយអ្នកវិនិយោគអាចបកក្រោយទៅអាមេរិកវិញ។ លោកហ្សេឡិនស្គីមុនដំបូងប្រុងកិចកុកមិនចង់ចុះហត្ថលេខាទេ។ លោកថ្លែងថាធ្វើដូច្នេះមិនខុសពីការលក់ប្រទេសទៅឱ្យគេនោះទេ។ ប៉ុន្តែនៅទីបញ្ចប់ លោកគ្មានជម្រើសផ្សេងទេនៅពេលទឹកលិចដល់ច្រមុះទៅហើយ៕
ចែករំលែកព័តមាននេះ