ខេត្តស្វាយរៀង ៖ ចោរថ្លើមធំម្នាក់ចូលលួចទូរស័ព្ទដៃបាន១គ្រឿង នៅស្រុកស្វាយជ្រំ មិនអស់ចិត្តឡើងជិះរថយន្តតាក់ស៊ីពីស្វាយជ្រំទៅលួចរថយន្តគេបានមួយគ្រឿងទៀត នៅស្រុកស្វាយទាប រួចបានឡើងបើករថយន្តគេចខ្លួន ក៏ប៉ុន្តែត្រូវម្ចាស់គេឃើញទាន់ប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍សមត្ថកិច្ចស្រុកស្វាយទាបក៏បានដេញស្ទាក់ចាប់រហូតចាប់វាយខ្នោះបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ ។
មហាជនហួសចិត្ត លោកចោរម្នាក់នេះជាខ្លាំងដែលហ៊ានធ្វើសកម្មភាពលួចទូរស័ព្ទទុកចោលក្នុងឡានបាន១គ្រឿងហើយឆ្លៀតមកលួចឡានសាំយ៉ុងមួយគ្រឿងទៀត ដែលម្ចាស់ឈប់ដាក់អីវ៉ាន់ម្តុំផ្សារប្រសូតិបើកទៅយ៉ាងរំភើយផ្អើលផ្សារប្រសូតិ ។ ករណីនេះ បានកើតឡើងនៅវេលាម៉ោង១២និង១៥នាទីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ នារសៀលនៅត្រង់ចំណុចផ្សារប្រសូតិ ស្ថិតនៅភូមិប្រសូតិឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ផន វីរ: ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅតាមវត្តនៅភ្នំពេញ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចយកទូរស័ព្ទមួយគ្រឿងម៉ាកvivo ពណ៌ឈាមជ្រូកលាយខ្មៅ នៅផ្សារស្រុកស្វាយជ្រំ រួចបានជិះតាក់ស៊ីមកផ្សារប្រសូតិក៏ឃើញរថយន្ត១គ្រឿង ម៉ាកសាំយ៉ុងពណ៌សរ ពាក់ស្លាកលេខភ្នំពេញ 2AL: 3122 ខណៈម្ចាស់រថយន្តលើកដាក់អីវ៉ាន់ចុះពីលើរថយន្ត ហើយមិនបាកដកកូនសោចេញពីរថយន្តក៏ឡើងលួចបើកចេញតែម្តង ។
ប្រភពបន្តថា ខណៈនោះម្ចាស់រថយន្តឃើញទាន់ក៏ប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ទើបបើករថយន្តដេញតាម និងទំនាក់ទំនងសមត្ថកិច្ចតាមដងផ្លូវស្ទាក់ចាប់បាន នៅចំណុចផ្លូវបំបែកជាបួនភូមិបាក់រនាស់ សង្កាត់សង្ឃរ័ ក្រុងស្វាយរៀង ។
សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យយកទៅអធិការដ្ឋាននគបាលស្រុកស្វាយទាបដើម្បីសាកសួរចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចរថយន្តជនរងគ្រោះពិតប្រាកដមែន ។
ក្រោយពីសួរចម្លើយជនសង្ស័យរួចលោកអធិការនគរបាលស្រុកស្វាយទាបបានសុំការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត និងឯកឧត្តមព្រះរាជអាជ្ញា អមសាលាដំបូងខេត្តដើម្បីធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ រួមទាំងវត្ថុតាងបញ្ជូនទៅការិយាល័យជំនាញព្រហ្មទណ្ឌនៃស្នងការដ្ឋាននគបាលខេត្តស្វាយរៀង អនុវត្តបន្តតាមនិតិវិធីច្បាប់ ៕
ចែករំលែកព័តមាននេះ