ទីក្រុងម៉ូស្គូ៖ កងការពារដែនអាកាសរុស្ស៊ីបានបាញ់ទម្លាក់ដ្រូន២៥គ្រឿងរបស់អ៊ុយក្រែនដែលប្រុងហោះទៅវាយប្រហារទីក្រុងម៉ូស្គូ។ នេះបើយោងតាមការអះអាងរបស់អភិបាលក្រុងម៉ូស្គូ លោកសូប៊ីយ៉ានីន (Sobyanin)។ លោកបានបង្ហោះសារនៅលើតេឡេក្រាមថាដ្រូនទាំងនោះត្រូវបានបាញ់ទប់ស្កាត់មិនឱ្យហោះទៅដល់គោលដៅរបស់ពួកគេបានឡើយនៅក្នុងរយៈពេល២៣ម៉ោងនៃការបើកប្រតិបត្តិការរបស់ពួកគេ។

បុគ្គលិកផ្នែកជួយសង្គ្រោះកំពុងពិនិត្យមើលបំណែកដ្រូនដែលធ្លាក់រាយប៉ាយពាសពេញដីក្រោយពេលបាញ់ធ្លាក់។ សំណាងល្អ រុស្ស៊ីមិនបានទទួលរងការខូចខាតទេ។ ដ្រូន៩គ្រឿងត្រូវបានបាញ់ទម្លាក់ក្រោយម៉ោង១១យប់។ រុស្ស៊ីត្រូវបង្ខំចិត្តបិទដំណើរការជាបណ្ដោះអាសន្ននូវអាកាសយានដ្ឋានធំៗចំនួន២នៅម៉ូស្គូ។ នេះបើយោងតាមការបញ្ជាក់របស់អាកាសចរស៊ីវិល។

ក្រសួងការពារជាតិរុស្ស៊ីថ្លែងថាកងការពារដែនអាកាសរបស់ខ្លួនបាញ់ទម្លាក់ដ្រូនអ៊ុយក្រែន២៩គ្រឿងគិតទូទាំងប្រទេសរុស្ស៊ីកាលពីយប់មិញនៅក្នុងប្រតិបត្តិការរយៈពេលបីម៉ោងដែលបិទបញ្ចប់ត្រឹមម៉ោង១១យប់។ គេមិនទាន់ដឹងថាតើដ្រូនដែលអភិបាលក្រុងម៉ូស្គូសរសេររៀបរាប់ថាបាញ់ធ្លាក់នៅទឹកដីរបស់គាត់នោះត្រូវបានបូកបញ្ចូលនៅក្នុង២៩គ្រឿងនោះដែរឬទេ។ កាលពីមុននោះ ក្រសួងការពារជាតិថ្លែងថាយោធាការពារដែនអាកាសរបស់ខ្លួនបាញ់ទម្លាក់ដ្រូនរបស់អ៊ុយក្រែនសរុប១៧២គ្រឿង។ ជិតពាក់កណ្ដាលនៃដ្រូនទាំងនោះត្រូវបានបាញ់ទម្លាក់នៅតំបន់ព្រំដែន។

យោធាអ៊ុយក្រែនថ្លែងថាដ្រូនរបស់ខ្លួនកាលពីយប់មិញបានហោះទៅវាយប្រហាររោងចក្រចម្រាញ់កៅស៊ូនៅតំបន់ទូលូ (Tulu) ភាគខាងត្បូងរដ្ឋធានីម៉ូស្គូ និងវាយប្រហាររោងចក្រផលិតដ្រូនបណ្ដែតខ្លួននៅលើទឹក (marine drone) នៅតំបន់គ្រីម៉េ។ អភិបាលតំបន់ទូលូ លោកឌីមីទ្រី មីលីយ៉េវ (Dmitry Milyaev) ថ្លែងថាបំណែកដ្រូនដែលរងការបាញ់ទម្លាក់នោះបានបង្កជាអគ្គិភ័យឆាបឆេះនៅតំបន់ឧស្សាហកម្មមួយកន្លែង។ លោកថាយោធារុស្ស៊ីបាញ់ទម្លាក់ដ្រូន១២គ្រឿងនៅតំបន់របស់លោក។

គេសង្កេតឃើញថាឥឡូវនេះ អ៊ុយក្រែនកំពុងតែពន្លឿនការផលិតដ្រូនកាន់តែច្រើនឡើងៗដែលអាចហោះទៅវាយប្រហារឆ្ងាយៗនៅក្នុងប្រទេសរុស្ស៊ី។ អ៊ុយក្រែនបញ្ជាក់ថាអ្វីដែលជាគោលដៅនៃការវាយប្រហាររបស់ខ្លួនគឺទីតាំងយោធា ទីតាំងផលិតថាមពល និងដេប៉ូស្តុកទុកភស្តុភារដើម្បីបន្ទច់បង្អាក់សកម្មភាពវាយប្រហាររបស់រុស្ស៊ី និងដើម្បីឆ្លើយតបទៅរុស្ស៊ីដែលចេះតែបន្តវាយប្រហារអ៊ុយក្រែនឥតបន្ធូរដៃ។ នេះបើយោងតាមការផ្សាយរបស់រ៉យទ័រ និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ