ទីក្រុងវ៉ាស៊ីនតោន៖ នៅទីបញ្ចប់ លោកត្រាំប្រកាសទទួលស្គាល់ថារុស្ស៊ីពិតជាអ្នកកេះកៃកំាភ្លើងដើម្បីវាយប្រហារទៅលើប្រទេសអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ២០២២ពិតមែន។ ប៉ុន្តែលោកនៅតែចេញមុខការពារចំណាត់ការរបស់លោកពូទីនយ៉ាងប្ដូរផ្ដាច់។ លោកថ្លែងដូចនេះនៅក្នុងបទសម្ភាសជាមួយទូរទស្សន៍ហ្វក់ (Fox) ដែលចាក់ផ្សាយកាលពីយប់មិញ។
ពិធីករនៅក្នុងកម្មវិធីផ្សាយបានជំរុញម្ដងហើយម្ដងទៀតឱ្យលោកត្រាំបញ្ជាក់ជំហររបស់លោកឱ្យបានច្បាស់ពាក់ព័ន្ធនឹងសង្គ្រាមនេះ។ ព្រោះកាលពីពេលកន្លងមក លោកនិយាយថាអ៊ុយក្រែនមិនគួរដុតបញ្ឆេះសង្គ្រាមជាមួយរុស្ស៊ីទេ។ មានន័យថាកាលពីមុននេះ លោកត្រាំគិតថាសង្គ្រាមកើតឡើងដោយសារអ៊ុយក្រែនជាអ្នកចាប់ផ្ដើមមុន។
លោកត្រាំដាក់ជាសំណួរថាតើលោកហ្សេឡិនស្គីកាន់អំណាចស្របច្បាប់ដែរឬទេបើគាត់មិនបានរៀបចំការបោះឆ្នោតផង។ អីចឹងហើយបានជាត្រាំចោទហ្សេឡិនស្គីថាជាមេដឹកនាំផ្ដាច់ការ។ ត្រាំយល់ថាហ្សេឡិនស្គីមិនព្រមអារសាច់ជូនខ្លា។ កុំអីសង្គ្រាមចប់តាំងពីយូរហើយ។ ស្រួលមិនស្រួលសង្គ្រាមនេះមិនកើតឡើងផងក៏អាចថាបាន បើសិនគាត់ចេះធ្វើសម្បទាន។
លោកត្រាំត្រូវបានចោទសួរច្រំដែលៗចំនួន៥ដងដើម្បីចង់ដឹងថាតើនរណាជាអ្នកដុតបញ្ឆេះសង្គ្រាមពិតប្រាកដ។ នៅទីបញ្ចប់ ត្រាំទទួលស្គាល់ថាត្រូវហើយ រុស្ស៊ីជាអ្នកវាយប្រហារអ៊ុយក្រែន។ ប៉ុន្តែលោកយល់ថាលោកពូទីនគ្មានការចាំបាច់ដើម្បីវាយប្រហារអ៊ុយក្រែនទេ។ អីចឹងហើយបានជាលោកយល់ថាបើចេះរកវិធីទប់ស្កាត់ សង្គ្រាមនេះមិនកើតឡើងទេ។
ប៉ុន្តែនិយាយចុះនិយាយឡើង លោកត្រាំនៅតែគិតថារុស្ស៊ីមិនមែនជាអ្នកខុស។ លោកថាលោកតែងតែទទួលបានព័ត៌មានក្លែងក្លាយជាច្រើន។ ចូបៃដិននិយាយខុស, ហ្សេឡិនស្គីក៏និយាយខុស។ នៅទីបញ្ចប់ពួកគេរងការវាយប្រហារ។ តាមពិតទៅ រុស្ស៊ីអាចនិយាយគ្នាស្ដាប់បានទេតើ។
កាលពីថ្ងៃអង្គារ លោកហ្សេឡិនស្គីប្រកាសច្រានចោលសំណើរបស់អាមេរិកដែលចង់បានធនធានធម្មជាតិរបស់អ៊ុយក្រែនដើម្បីដោះដូរគ្នាជាមួយការផ្ដល់ជំនួយ។ លោកយល់ថាធ្វើដូច្នេះមិនខុសពីការលក់ប្រទេសជាតិខ្លួនឯងនោះទេ។ ម៉្យាងទៀត លោកមិនអាចចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះទេព្រោះអាមេរិកមិនទាន់ផ្ដល់ការធានាសន្តិសុខជាតិសម្រាប់អ៊ុយក្រែន។
លោកត្រាំថ្លែងថាលោកហ្សេឡិនស្គីគ្មានអ្វីសម្រាប់តថ្លៃគ្នានៅក្នុងការចរចាទេ។ លោកបានសង្កេតតាមដានលោកហ្សេឡិនស្គីជាច្រើនឆ្នាំហើយ។ គាត់អង្គុយនៅតុចរចាដៃទទេ គ្មានអ្វីសម្រាប់តថ្លៃទាល់តែសោះ។ ក្រោយមក គាត់រត់ទៅរកអាមេរិក។ គាត់ស្នើសុំឱ្យអាមេរិកជួយដាក់លក្ខខណ្ឌក្នុងការចរចាជាថ្នូរនឹងការប្រគល់ធានធានធម្មជាតិ និងលោហធាតុកម្រនៅក្នុងដី។
លោកត្រាំថាគាត់មិនទាន់ដឹងថាតើអ៊ុយក្រែនមានលោហធាតុកម្រអ្វីខ្លះ និងមានបរិមាណប៉ុន្មានទេ។ ស្រួលមិនស្រួលគ្មានផងក៏មិនដឹង។ ប៉ុន្តែយ៉ាងហោចណាស់គាត់គិតថាគ្រាន់បើជាងអត់។ ចំពោះសំណួរថាតើលោកពូទីនគួរជាអ្នកខុសនៅក្នុងសង្គ្រាមអ៊ុយក្រែនឬយ៉ាងណា? លោកត្រាំឆ្លើយតបដោយឆ្លៀតនិយាយវាត់កន្ទុយដាក់លោកហ្សេឡិនស្គីដែលរិះគន់ការជួបគ្នារវាងគណៈប្រតិភូអាមេរិក និងរុស្ស៊ីនៅអារ៉ាប៊ីសាអូឌីត។ លោកថាលោកស្ដាប់ឡើងស្រកៀរត្រចៀកទៅហើយអំពីការត្អូញត្អែររបស់លោកហ្សេឡិនស្គី។ គាត់ថាពួកគេជួបគ្នាស្ងាត់ៗតែ២ភាគីដោយមិនបានហៅអ៊ុយក្រែនឱ្យចូលរួមទេ។
លោកត្រាំថាតាមពិតអ៊ុយក្រែនមិនមែនគ្មានចំណែកក្នុងការចរចាទេ។ អ៊ុយក្រែនមានកៅអីអង្គុយចរចាគ្នាបីឆ្នាំមកហើយ។ ប៉ុន្តែមិនបានទទួលលទ្ធផលអ្វីទាល់តែសោះ។ លោកសូមនិយាយតាមត្រង់ទៅចុះ លោកហ្សេឡិនស្គីមិនសូវសំខាន់ប៉ុន្មានទេបានជាលោកមិនឱ្យចូលរួមនៅក្នុងការចរចាគ្នា។ គាត់មានឱកាសចរចាគ្នាបីឆ្នាំហើយ ហើយហាក់ដូចជាមិនកើតជាការទាល់តែសោះ។ និយាយទៅ គាត់ជាមនុស្សដែលមិនងាយចរចាត្រូវរ៉ូវគ្នាទេ។ ប៉ុន្តែប្រទេសរបស់គាត់បានរងគ្រោះក្លាយជាផេះ៕
ចែករំលែកព័តមាននេះ