ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ធុន​ធំ បើក​បត់​ចូល​យានដ្ឋាន បុក​អ្នក​ជិះ​ម៉ូតូ​ខ្ទាត​ចូល​ប្រឡាយ​ទឹក​ស្អុយ ស្ត្រី​ម្នាក់​របួស​បាក់ដៃ​បាក់ជើង

21 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ រថយន្ត​ធុន​ធំ សណ្តោង​កន្ទុយ​រ៉ឺ​ម៉ក ១​គ្រឿង បាន​បើក​ក្នុង​ល្បឿន​លឿន បន្ទាប់​មក បាន​បត់​ចូល​ទៅ​ក្នុង​យានដ្ឋាន​មួយ​កន្លែង ហើយ​ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ ខ្ទាត​ផ្លោង​ចូល​ទៅ​ក្នុង​ប្រឡាយ​ទឹក​ស្អុយ…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ធុន​ធំ សណ្តោង​កន្ទុយ​រ៉ឺ​ម៉ក ១​គ្រឿង បាន​បើក​ក្នុង​ល្បឿន​លឿន បន្ទាប់​មក បាន​បត់​ចូល​ទៅ​ក្នុង​យានដ្ឋាន​មួយ​កន្លែង ហើយ​ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ ខ្ទាត​ផ្លោង​ចូល​ទៅ​ក្នុង​ប្រឡាយ​ទឹក​ស្អុយ បណ្តាល​ឲ្យ​ស្ត្រី​អ្នក​ជិះ​ម៉ូតូ​ម្នាក់ រង​របួសធ្ងន់​បាក់ដៃ​ផង និង​បាក់ជើង​ផង ចំណែក​បុរស​អ្នក​ឌុ​ប រង​របួសស្រាល ហើយ​រថយន្ត​នោះ បាន​បន្ថែម​ល្បឿន គេច​ចូល​ទៅ​ក្នុង​យានដ្ឋាន​ខាងលើ​បាត់ ។

ឧប្បត្តិហេតុ​នោះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​២១ ខែ​កម្ភៈ ឆ្នាំ​២០២៥ នៅ​តាម​មហាវិថី​ឈ្នះ​ឈ្នះ ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ធ្នង់ សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

រថយន្ត​បង្ក​ខាងលើ មិន​ត្រូវ​បាន​គេ​ស្គាល់​ម៉ាក​នោះ​ទេ ចំណែក​ស្ត្រី ដែល​ជា​ជន​រង​គ្រោះ ឈ្មោះ ពុធ សុ​ជា អាយុ​២៧​ឆ្នាំ មុខរបរ​កសិករ រង​របួសធ្ងន់​បាក់ជើង និង​បាក់ដៃ​ខាងឆ្វេង​។ រីឯ​ម្នាក់​ទៀត ឈ្មោះ ធី​ម អាយុ​២៤​ឆ្នាំ មុខរបរ​កសិករ ជា​អ្នក​ឌុ​បរង​របួសស្រាល ហើយ​អ្នក​ទាំង​២​នាក់​នេះ មានស្រុក​តំណើ​ត នៅ​ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខែ​ត្ត​កណ្តាល ។

សាក្សី នៅ​កន្លែង​កើតហេតុ បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​ខាងលើ ជន​រង​គ្រោះ​ទាំង​២​នាក់ បាន​ជិះ​ម៉ូតូ ១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៥ ព​ណ៍​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1FI-9934 ចេញពី​ស្រុក​កំណើត​ឆ្ពោះទៅ​កាន់​ខេត្តកំពង់ស្ពឺ ។ ខណៈនោះ​បាន​ធ្វើ​ដំណើរ​តាម​មហាវិថី​ឈ្នះ​ឈ្នះ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង លុះ​ពេល​មក​ដល់​ត្រង់​ចំណុច​កើតហេតុ ស្រាប់តែ​រថយន្ត​ធុន​ធំ សណ្តោង​កន្ទុយ​រ៉ឺ​ម៉ក ១​គ្រឿង​នោះ បើកបរ​ក្នុង​ទិស​ដៅ​ស្របគ្នា ទៅ​បត់​ចូល​យានដ្ឋាន​មួយ​ស្ថិត​នៅ​ក្បែរ​នោះ ជ្រុល​ទៅ​បុក​ម៉ូតូ​ពីក្រោយ​ទាំង​កំរោល តែ​ម្ដង ។

សាក្សី ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ពេល​នោះ បាន​បណ្ដាល​ឲ្យ​ខ្ទាត​ផ្លោង​ទាំង​មនុស្ស និង​ម៉ូតូ​ចូល​ទៅ​ក្នុង​ប្រឡាយ​ទឹក​ស្អុយ រង​របួសធ្ងន់​ម្នាក់ និង​ស្រាល​ម្នាក់ បន្ទាប់​មក​រថយន្ត​បង្ក បាន​បើក​ចូល​ទៅ​ក្នុង​យានដ្ឋាន​នោះ​បាត់​។ ក្រោយ​ពេល​ឃើញ​បែប​នេះ ប្រជាពលរដ្ឋ ដែល​ស្ថិត​នៅ​ជិត​នោះ រួម​ទាំង​អ្នកដំណើរ​តាម​ផ្លូវ បាន​ជួយ​ស្រង់​ទាំង​ជន​រង​គ្រោះ និង​ម៉ូតូ​ឡើង​លើគោក រួច​ហៅ​រថយន្ត​ពេទ្យ​ដឹក​យក​ស្ត្រី​រង​គ្រោះ របួសធ្ងន់ ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​ជាតិ តេ​ជោ​សន្តិភាព ។

ដោយឡែក នគរបាល​ប៉ុស្តិ៍​សំរោង​ក្រោម និង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ចុះ​ទៅ​កាន់​កន្លែង​កើតហេតុ រួច​បាន​ហៅ​ខាង​ភាគី​រថយន្ត​បង្ក ឲ្យ​ជួប​ធ្វើការ​សម្របសម្រួល​គ្នា ជាមួយ​ភាគី​ជន​រង​គ្រោះ នៅ​កន្លែង​កើតហេតុ ប៉ុន្តែ​មិន​បានដឹង​ថា ត្រូវរ៉ូវ​គ្នា​បែប​ណា​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ