ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភូមា​ប្រគល់​ឱ្យ​ថៃ​នូវ​ជន​ជាតិ​ចិន​៣​០​០​នាក់​ដែល​រំ​ដោះ​ពី​មណ្ឌល​ឆ​បោ.ក

23 ម៉ោង មុន

ទី​ក្រុង​រ៉ង់​ហ្គូន៖ ​ថ្ងៃនេះ ប្រទេស​ភូមា​ប្រគល់​បុគ្គលិក​ជា​ជន​ជាតិ​ចិន​ដែល​បម្រើ​ការ​នៅក្នុង​មជ្ឈ​មណ្ឌល​ឆ​បោក​ទៅ​ឱ្យ​​អាជ្ញា​ធរ​ថៃ​ដើម្បី​​បញ្ជូន​ត្រឡប់​ទៅ​មាតុ​ភូមិ​របស់​ពួកគេ​វិញ​តាម​ជើង​យន្ត​ហោះ​ពិសេស​។ ចំណាត់​ការ​នេះ​ធ្វើ​ឡើង​នៅ​ពេល​ប្រទេស​ថៃ​បន្ត​ចាត់​វិធាន​យ៉ាង​ក្ដៅ​គគុក​ទៅ​លើ​​ក្រុម​ឧក្រិដ្ឋ​ជន​ឆ​បោក​ដែល​សម្ងំ​លាក់​ខ្លួន​ធ្វើ​សកម្ម​ភាព​នៅ​តាម​ព្រំ​ដែន​ថៃ​-​ភូមា​។ ទន្ទឹម​នឹង​នោះ ថៃ​ក៏​​រៀប​ចំ​​​បញ្ជូន​មនុស្ស​៧​ពាន់​នាក់​ដែលភូមា​ប្រគល់​ឱ្យ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​​ត្រឡប់​ទៅ​ប្រទេស​របស់​ពួក​គេ​ផង​ដែរ​។ ​ជន​ជាតិ​ចិន​ត្រូវ​វិល​ត្រឡប់​ទៅ​មុន​គេ​តាម​ជើង​យន្ត​ហោះ​​ចាប់​ពី​ថ្ងៃ​ទី​២០-​២២​ ខែ​កុម្ភៈ​។ ​ប៉ុន្មាន​អាទិត្យ​ទៅ​មុខ​ទៀត​ អាជ្ញា​ធរ​នឹង​សម្រុក​ដឹក​ជញ្ជូន​​មនុស្ស​រាប់​ពាន់​នាក់​ដែល​បម្រើ​ការ​នៅ​មជ្ឈ​មណ្ឌល​ឆ​បោក…

ទី​ក្រុង​រ៉ង់​ហ្គូន៖ ​ថ្ងៃនេះ ប្រទេស​ភូមា​ប្រគល់​បុគ្គលិក​ជា​ជន​ជាតិ​ចិន​ដែល​បម្រើ​ការ​នៅក្នុង​មជ្ឈ​មណ្ឌល​ឆ​បោក​ទៅ​ឱ្យ​​អាជ្ញា​ធរ​ថៃ​ដើម្បី​​បញ្ជូន​ត្រឡប់​ទៅ​មាតុ​ភូមិ​របស់​ពួកគេ​វិញ​តាម​ជើង​យន្ត​ហោះ​ពិសេស​។ ចំណាត់​ការ​នេះ​ធ្វើ​ឡើង​នៅ​ពេល​ប្រទេស​ថៃ​បន្ត​ចាត់​វិធាន​យ៉ាង​ក្ដៅ​គគុក​ទៅ​លើ​​ក្រុម​ឧក្រិដ្ឋ​ជន​ឆ​បោក​ដែល​សម្ងំ​លាក់​ខ្លួន​ធ្វើ​សកម្ម​ភាព​នៅ​តាម​ព្រំ​ដែន​ថៃ​-​ភូមា​។

ទន្ទឹម​នឹង​នោះ ថៃ​ក៏​​រៀប​ចំ​​​បញ្ជូន​មនុស្ស​៧​ពាន់​នាក់​ដែលភូមា​ប្រគល់​ឱ្យ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​​ត្រឡប់​ទៅ​ប្រទេស​របស់​ពួក​គេ​ផង​ដែរ​។ ​ជន​ជាតិ​ចិន​ត្រូវ​វិល​ត្រឡប់​ទៅ​មុន​គេ​តាម​ជើង​យន្ត​ហោះ​​ចាប់​ពី​ថ្ងៃ​ទី​២០-​២២​ ខែ​កុម្ភៈ​។ ​ប៉ុន្មាន​អាទិត្យ​ទៅ​មុខ​ទៀត​ អាជ្ញា​ធរ​នឹង​សម្រុក​ដឹក​ជញ្ជូន​​មនុស្ស​រាប់​ពាន់​នាក់​ដែល​បម្រើ​ការ​នៅ​មជ្ឈ​មណ្ឌល​ឆ​បោក និង​ដែល​ទើប​តែ​រំដោះ​បាន​ថ្មី​ៗ​។​

ទី​តាំង​ឆ​បោក​ទាំង​នោះ​គ្រប់​គ្រង​ដោយ​មេ​ម៉ាស់​ផ្ចា​ធំ​ៗ​ដែល​កើប​​លុយ​រាប់​ពាន់​លាន​ដុល្លារ​។ អ្នក​​​ដែល​ត្រូវ​គេ​រំដោះ​បាន​បាន​ប្រាប់​ថា​ពួក​គេ​ត្រូវ​គេ​ល្បួង​ទៅ​ធ្វើ​ការ​នៅ​ទី​នោះ​ដើម្បី​បោក​បញ្ឆោត​ជន​រង​គ្រោះ​នៅ​ទូទាំង​ពិភព​លោក​ឱ្យ​ចូល​ទៅ​​ក្នុង​អន្ទាក់​របស់​ពួក​គេ​​ដោយ​​ប្រើ​ប្រាស់​បណ្ដាញ​អ៊ីន​ធឺណិត​។ របប​សឹក​យោធា​ភូមា​ថ្លែង​ថា​ជន​ជាតិ​ចិន​៣​រយ​នាក់​ដែល​ទើប​តែ​រំដោះ​បាន​ថ្ងៃ​នេះ​បាន​ប្រគល់​ទៅ​ឱ្យ​ភាគី​ថៃ​គ្រប់​ចំនួន​អស់​ហើយ​​ដោយ​ឆ្លង​កាត់​ស្ពាន​មិត្ត​ថៃ​-ភូមា​នៅស្រុក​មេ​សូត​ (Mae Sot​)​។​

របប​សឹក​ក៏​កំពុង​ធ្វើ​ការ​យ៉ាង​ដុត​ដៃ​ដុត​ជើង​ដើម្បី​រក​មុខ,​ ចាប់​ខ្លួន​ និង​ចាត់​ការ​ទៅ​លើ​ជន​ជាតិ​បរទេស​ទាំង​ឡាយ​ណា​ដែល​ជាប់​ពាក់​ព័ន្ធ ឬ​ជា​មេ​ខ្លោង​ធំ​ៗ​ដែល​បើក​ដំណើរ​ការ​មជ្ឈ​មណ្ឌល​ឆ​បោក​តាម​អន​ឡាញ​។ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ការ​ចាត់​វិធាន​ការ​លឿន​ដូច​ផ្លេក​បន្ទោររួម​គ្នា​រវាង​ចិន ភូមា និង​ថៃ​ដើម្បី​ចាត់​វិធាន​ការ​ទៅ​លើ​រឿង​នេះ​។

លោក​ថ្លែង​ថា​ចិន និង​ប្រទេស​ដទៃ​ទៀត​ប្ដេជ្ញា​បោស​សម្អាត​​​ល្បែង​​​អន​ឡាញ​​​ និង​អំពើ​ឆ​បោក​​ឆ្លង​ដែន​​ដើម្បី​ការ​ពារ​ជីវិត​រស់​នៅ​ និង​ផល​ប្រយោជន៍​ស្រប​ច្បាប់​របស់​ជន​ជាតិ​ចិន​។ តាម​រយៈ​វីឌីអូ​ផ្សាយ​​ផ្ទាល់​នៅ​លើទូរ​ទស្សន៍​ថៃ​ គេ​ឃើញ​មនុស្ស​ជា​ច្រើន​បាន​ឡើង​​​ជិះ​រថ​យន្ត​បឺស​​២​ជាន់​ និង​ឡើង​ជិះ​យន្ត​ហោះ​របស់​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ចិន​​​ត្រឡប់​ទៅ​មាតុ​ភូមិ​វិញ​។

ជន​ជាតិ​ចិន​៥០​នាក់​បាន​ឡើង​ជិះ​យន្ត​ហោះ​នៅ​ម៉ោង​១០:៤០​ព្រឹក​ថ្ងៃ​សុក្រ​។ ប្រទេស​ចិន​ក៏​បាន​បញ្ជូន​យន្ត​ហោះ​៥​គ្រឿង​ទៀត​ដើម្បី​ដឹក​ជញ្ជូន​ជន​ជាតិ​របស់​ខ្លួន​ជា​បន្ត​បន្ទាប់​ពេញ​១​​ថ្ងៃ​សុក្រ​។ ​រហូត​ដល់​ថ្ងៃ​សៅរ៍​សប្ដាហ៍​នេះ​ទើប​ជន​ជាតិ​ចិន​នៅ​វគ្គ​ទី១​​​អាច​ដឹក​ជញ្ជូនអស់​។ ​​នៅ​ពេល​អាជ្ញា​ធរ​សាក​សួរ​ ពួក​គេ​ប្រាប់​ថា​ពួក​គេ​ក៏​ជា​ជន​រង​គ្រោះ​ដែរ​ដែល​ត្រូវ​គេ​ល្បួង​ទៅ​ធ្វើ​ការ​នៅ​ទី​នោះ​។ ប៉ុន្តែ​អាជ្ញា​ធរ​ចិន​មិន​ទាន់​ជឿ​ជាក់​ទាំង​ស្រុង​ទេ​។ នៅ​ពេល​ទៅ​ដល់​ប្រទេស​ចិន​ត្រូវ​សាក​សួរ​ពួក​គេ​បន្ថែម​ទៀត​។​

អ្នក​ដែល​ចាប់​បញ្ជូន​ទៅ​វិញ​នេះ​ក៏ត្រូវ​ជាប់​នៅ​ក្នុង​បញ្ជី​ខ្មៅរបស់​ថៃ​​ផង​ដែរ​។ អាជ្ញា​ធរ​ថៃ​បាន​ប្រើ​ប្រាស់​វិធី​ស្កេន​អត្ត​សញ្ញាណ​របស់​ពួក​គេ​​ដើម្បី​ទប់​ស្កាត់​មិន​ឱ្យ​ពួក​គេ​ប្រើ​ប្រាស់​ទឹក​ដី​ថៃ​ធ្វើ​ជា​កន្លែង​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋ ឬ​ជា​កន្លែង​ឆ្លង​កាត់​សម្រាប់​ទង្វើ​នេះ​នា​ពេល​អនា​គត​។ នាយក​រដ្ឋ​មន្ត្រី​ថៃ​ក៏​បាន​ជួប​​​សមភាគី​ឡាវ​ផង​ដែរ​ដើម្បី​សហ​ការ​គ្នា​ចាត់​ការ​ទៅ​លើ​មជ្ឈ​មណ្ឌល​ឆ​បោក​នៅ​តាម​ព្រំដែន​ប្រទេស​ទាំង​២​៕​​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ