ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាច់​សោ​.​ក​ម៉ូតូ​ជិត​បាន​សម្រេច ត្រូវ​ប្រជាពលរដ្ឋ​ព័ទ្ធ​ចាប់​បាន​ជនសង្ស័យ​ម្នាក់ ខណៈ​បក្ខពួក​គេចខ្លួន​បាត់

21 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​វ័យ​ជិត​៦០​ឆ្នាំ​ម្នាក់ ត្រូវ​បាន​ប្រជាពលរដ្ឋ​ឡោម​ព័ទ្ធ​ចាប់​បាន ចំណែកឯ​បក្ខពួក​ម្នាក់​ទៀត មាន​វាសនា​បាន​គេចខ្លួន​រួច ខណៈ​ដែល​ជនសង្ស័យ​២​នាក់​នេះ ជិះ​ម៉ូតូ​១​គ្រឿង ឌុ​ប​គ្នា​ចេញ​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​។ ខណៈនោះ​បាន​ប្រទះ​ឃើញ​ម៉ូតូ​១​គ្រឿង…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​វ័យ​ជិត​៦០​ឆ្នាំ​ម្នាក់ ត្រូវ​បាន​ប្រជាពលរដ្ឋ​ឡោម​ព័ទ្ធ​ចាប់​បាន ចំណែកឯ​បក្ខពួក​ម្នាក់​ទៀត មាន​វាសនា​បាន​គេចខ្លួន​រួច ខណៈ​ដែល​ជនសង្ស័យ​២​នាក់​នេះ ជិះ​ម៉ូតូ​១​គ្រឿង ឌុ​ប​គ្នា​ចេញ​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​។ ខណៈនោះ​បាន​ប្រទះ​ឃើញ​ម៉ូតូ​១​គ្រឿង ដែល​ម្ចាស់​ចត​ទុក​នៅ​ចំណុច​ផ្ទះ​ជួល​មួយ​កន្លែង ក៏​បាន​ចូល​ទៅ​ធ្វើ​សកម្មភាព​កាច់​សោ​.​ក​ម៉ូតូ ប៉ុន្តែ​សំណាងអាក្រក់ កាច់​ជិត​បាន​សម្រេច​ទៅ​ហើយ ស្រាប់តែ​ប្រជាពលរដ្ឋ​ឃើញ​ទាន់ ។

ហេតុការណ៍​នេះ​បាន​កើតឡើង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០៨​និង​៣៥​នាទី​ព្រឹក​ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០២៥ នៅ​ចំណុច​ផ្ទះ​ជួល​មួយ​កន្លែង ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ថ្លឹង​៣ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​មានឈ្មោះ អៀង សុធី អាយុ​៥៦​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​កំពង់​រាំង ឃុំ​កំពង់​រាំង ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង បច្ចុប្បន្ន​ស្នាក់​នៅ មិន​ពិតប្រាកដ គឺ​នៅ​ពេល​មាន​លុយ​ដេក​នៅផ្ទះ​សំណាក់ និង​ពេល​គ្មាន​លុយ ពោល​គឺ​យប់​ត្រង់​ណា ដេក​ត្រង់នោះ ។

ក្រោយ​ពេល​ឃាត់​បាន ប្រជាពលរដ្ឋ​បាន​ប្រគល់​ជន​នេះ​ឲ្យ​នគរបាល​សួរនាំ ហើយ​នគរបាល បាន​ដកហូត​ឧបករណ៍​សម្រាប់​កាច់​សោ ក ម៉ូតូ​២​ដើម​ផង​ដែរ ។ ចំណែក​បក្ខពួក​ម្នាក់​ទៀត​ឈ្មោះ ស្វិត មិនដឹង​អាយុ និង​កន្លែង​ស្នាក់​នៅ​នោះ​ឡើយ ។ នៅ​ពេល​មានការ​ភ្ញាក់ផ្អើល ជនសង្ស័យ​ទី​២​រូប​នោះ បាន​ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០២០ ព​ណ៍​ខ្មៅ មិន​ចាំ​ស្លាក​លេខ គេចខ្លួន​បាត់​ដោយ​សុវត្ថិភាព ។

ប្រជាពលរដ្ឋ បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ ជនសង្ស័យ​២​នាក់​នោះ បាន​ជិះ​ម៉ូតូ​១​គ្រឿង​ខាងលើ ឌុ​ប​គ្នា​ទៅ​ឈប់​នៅ​មុខ​ផ្ទះ​ជួល​កើតហេតុ បន្ទាប់​មក​ជនសង្ស័យ​ឈ្មោះ អៀង សុធី ដែល​ជា​អ្នក​ជិះ​ខាងក្រោយ បាន​ចុះ​ដើរ​ចូល​ទៅ​ធ្វើ​សកម្មភាព​កាច់​សោ​.​ក​ម៉ូតូ ១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០២០ ព​ណ៍​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1IM-9745 ។ ដោយឡែក​បក្ខពួក​ម្នាក់​ទៀត​ឈ្មោះ ស្វិត ដែល​ជា​អ្នក​ឌុ​ប បាន​អង្គុយ​ចាំ​នៅ​លើ​ម៉ូតូ ហើយ​ខណៈ​ពេល​កំពុង​ធ្វើ​សកម្មភាព ត្រូវ​បាន​ពួក​គាត់ នៅ​ជិត​នោះ​ឃើញ​ទាន់ ស្រែក​បង្ក​ការ​ភ្ញាក់ផ្អើល និង​ឡោម​ព័ទ្ធ​ចាប់​បាន​ម្នាក់ ឈ្មោះ អៀង សុធី ភ្លាម​ៗ រួច​ប្រគល់​ជូន​នគរបាល រីឯ​ម្នាក់​ទៀត ឈ្មោះ​ស្វិត ជិះ​ម៉ូតូ​គេចខ្លួន​បាត់​តែ​ម្ដង ។

សមត្ថកិច្ច បាន​ប្រាប់​ឲ្យ​ដឹង​ថា ម៉ូតូ​ខាងលើ​នោះ គឺជា​កម្មសិទ្ធិ​របស់​ឈ្មោះ​ច​យ (​ឈ្មោះ​ហៅ​ក្រៅ​) ហើយ​កាលពី​វេលា​យប់​ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០២៥ ម្ចាស់​ម៉ូតូ​រូប​នេះ បាន​ពឹង​ឲ្យ​ក្មេង​ប្រុស​ជំទង់​ម្នាក់ ឈ្មោះ​ឃួ​ន សៅ ស្នាក់​នៅ​បន្ទប់​ជួល​កើតហេតុ​ខាងលើ ជិះ​ឌុ​ប​ខ្លួន និង​សង្សារ​ទៅ​ដេក​នៅផ្ទះ​សំណាក់​មួយ​កន្លែង​។ លុះ​ពេល​ទៅ​ដល់​ឈ្មោះ​ច​យ បាន​នាំ​សង្សារ​ចូល​ដេក​ក្នុងផ្ទះ​សំណាក់ ហើយ​បាន​ឲ្យ​ក្មេង​ប្រុស​ជំទង់​ខាងលើ ជិះ​ម៉ូតូ​របស់​ខ្លួន ត្រលប់​ទៅ​កាន់​ផ្ទះ​ជួល​វិញ តែ​ម្នាក់ឯង ហើយ​ក្រោយ​ពេល​ដល់​ផ្ទះ​ជួល ក្មេង​ប្រុស​ជំទង់ បាន​ទុក​ម៉ូតូ​នៅ​ខាងក្រោម រួច​ឡើង​ទៅ​ដេក​នៅ​ក្នុង​បន្ទប់​ជួល​ជាន់​លើ ។

សមត្ថកិច្ច បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ហូត​ដល់​ពេល​ព្រឹក​ថ្ងៃ​កើតហេតុ ស្រាប់តែ​ជនសង្ស័យ​ខាងលើ បាន​ទៅ​ធ្វើ​សកម្មភាព​លួច​កាច់​សោ​.​ក ម៉ូតូ ប៉ុន្តែ​សំណាង​ហើយ ដែល​ត្រូវ​បាន​ប្រជាពលរដ្ឋ​ឃើញ​ទាន់ ទើប​លួច​មិន​បាន ហើយ​ជនសង្ស័យ​ម្នាក់ ត្រូវ​ឃាត់ខ្លួន និង​បក្ខពួក​ម្នាក់​ទៀត​គេចខ្លួន​បាត់ ។ ខណៈនោះ​ម្ចាស់​ម៉ូតូ មិន​ទាន់​បានដឹង​ថា ម៉ូតូ​របស់​ខ្លួន​ត្រូវ​ចោរលួច មិន​បាន​សម្រេច​នោះ​ទេ ព្រោះ​រវល់​ដេក​នៅ​ក្នុងផ្ទះ​សំណាក់ ។

ក្រោយ​ពេល​កើតហេតុ នគរបាល បាន​នាំ​យក​ជនសង្ស័យ​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​ចោម​ចៅ​ទី​១ និង​ទទួល​ពាក្យបណ្ដឹង​ពី​ក្មេង​ប្រុស​ឈ្មោះ ឃួ​ន សៅ រីឯ​ម៉ូតូ​របស់​ជន​រង​គ្រោះ ក៏​បាន​នាំ​យក​ទៅ​រក្សា​ទុក​បណ្ដោះអាសន្ន នៅ​ប៉ុស្តិ៍ ដែរ រង់ចាំ​ម្ចាស់​យក​ឯកសារ​ទៅ​ទទួលយក​វិញ នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ