រាជធានីភ្នំពេញ ៖ ក្រសួងបរិស្ថាន បានប្រកាសគាំទ្រដល់គម្រោងការអភិរក្សធនធានធម្មជាតិ នៅតាមតំបន់សហគមន៍ និងជំរុញឲ្យអង្គការដៃគូពាក់ព័ន្ធ បន្តផ្ដល់ជំនួយលើគម្រោងនេះ បន្ទាប់ពីគម្រោងនេះ ទទួលបានផលល្អប្រសើរ ។
លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មាននៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ថា ក្រសួងបរិស្ថាន បានគាំទ្រ និងបង្កើតសហគមន៍តំបន់ការពារធម្មជាតិ រហូតមកដល់ពេលនេះ មានចំនួន១៩៣ហើយ សហគមន៍ ដែលមានសក្តានុពលមានជាងពាក់កណ្តាល។ សហគមន៍ទាំងនេះ ចង់សំដៅទៅលើសហគមន៍ ដែលការពារធម្មជាតិ នឹងអាចទាញយកផលប្រយោជន៍សម្រាប់ការអភិវឌ្ឍន៍ នៅក្នុងសហគមន៍ ។
ដូច្នេះហើយសម្រាប់ទស្សនកិច្ចរបស់អ្នកសារព័ត៌មាន នៅថ្ងៃនេះ គឺបានឃើញពីសកម្មភាពរបស់សហគមន៍មួយចំនួន បានចូលរួមបង្ហាញអំពីសក្តានុពលរបស់ខ្លួន ការអភិរក្សធនធានធម្មជាតិ និងការបង្កើតជីវភាពរបស់ខ្លួន នៅក្នុងសហគមន៍ ដែលកាលពីមុន ពួកគាត់បានពឹងពាក់តែទៅលើការចូលព្រៃកាប់ឈើ បរបាញ់សត្វ ហើយងាកមកបង្កើតមុខរបរថ្មី ដោយមុខរបរនេះថែមទាំងបានជួយលើកកម្ពស់ជីវភាពរបស់គាត់ នឹងបានចូលរួមការអភិរក្សធនធានធម្មជាតិ ផងដែរ ។
អ្នកនាំពាក្យក្រសួងបរិស្ថាន ក៏បានបញ្ជាក់ថា ៖ “អ៊ីចឹង កន្លងមកនេះ យើងបានឃើញថា សហគមន៍ជារនាំង ការពារធនធានធម្មជាតិ យ៉ាងសំខាន់ ក្នុងការអភិរក្សធនធានធម្មជាតិរបស់យើងផង ហើយក៏ដូចជាការចូលរួមក្នុងគម្រោងបៃតង” ។
បើតាមការបញ្ជាក់បន្ថែមរបស់អ្នកនាំពាក្យក្រសួងបរិស្ថាន បានអះអាងថា តាមរយៈគម្រោងអភិរក្សតំបន់ធនធានធម្មជាតិនេះ មានការចូលរួមពីអង្គការដៃគូពាក់ព័ន្ធ សហការ និងអភិវឌ្ឍន៍ផ្សេងៗ ជាច្រើនផងដែរ ។
ក្នុងនាមក្រសួងបរិស្ថាន អ្នកនាំពាក្យរូបនេះ បានវាយតម្លៃខ្ពស់ចំពោះគម្រោងការបញ្ច្រាបគ្រប់គ្រងធនធានធម្មជាតិតំបន់ទេសភាព នៃព្រៃធម្មជាតិ និងផលិតភាពធម្មជាតិនៅតំបន់ភាគខាងជើង នៃប្រទេសកម្ពុជា (INRM) បានចូលរួមចំណែកយ៉ាងសំខាន់ ជាមួយក្រសួងបរិស្ថាន ជាពិសេសបានជួយសហគមន៍តំបន់ការពារធម្មជាតិ នៅក្នុងខេត្តកំពង់ធំ សៀមរាប និងខេត្តព្រះវិហារ បានកំពុងតែទទួលបានលទ្ធផលល្អប្រសើរ។ និងបានជួយការពារធនធានធម្មជាតិ ដោយឃើញថា គម្រប់បៃតង ជំរុញឲ្យប្រជាសហគមន៍ចេះស្រឡាញ់ព្រៃកាន់តែច្រើន។ ចំណុចនេះ ធ្វើឲ្យមានការស្របនឹងយុទ្ធសាស្ត្ររបស់ក្រសួងបរិស្ថាន មានដូចជាការជំរុញការដាំដើមឈើ បណ្ដុះកូនឈើ ជាដើម ពិសេស គឺយុទ្ធនាការពន្លកបៃតង ។
អ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា យុទ្ធនាការពន្លកបៃតង គឺជាសកម្មភាពមួយដាក់ចេញតាមរយៈយុទ្ធសាស្ត្រចក្រាក្នុងវិស័យបរិស្ថាន របស់ក្រសួងបរិស្ថាន ដែលបានកំណត់នៅក្នុងអាណត្តិទី៧ របស់រាជរដ្ឋាភិបាល ហើយយុទ្ធសាស្ត្រនេះ ស្របនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទីមួយរបស់រាជរដ្ឋាភិបាល ។
បើតាមការគូសបញ្ជាក់ពីរនាំពាក្យក្រសួងបរិស្ថានដដែល បានលើកឡើងយ៉ាងដូច្នេះថា ៖ “តាមរយៈការដាក់ការការពារតំបន់ធម្មជាតិនេះ នឹងធ្វើឲ្យតំបន់ការពារធម្មជាតិរបស់យើង កាន់តែរឹងមាំ កាលណាសហគមន៍ មានជីវភាពល្អ និងជម្រើសថ្មី ក្រៅពីការចូលព្រៃ ដែលពឹងពាក់លើវិស័យព្រៃឈើ” ។
អ្នកពាក្យក្រសួងបរិស្ថាន ក៏បានបន្ថែមថា ក្រៅពីសកម្មភាពខាងលើ សកម្មភាពទាំងនេះ ក៏បានចូលរួមក្នុងការអភិរក្ស ក៏ដូចជាការទប់ស្កាត់ សកម្មភាពបទល្មើសនានា ដែលពាក់ព័ន្ធ និងធនធានធម្មជាតិ ដែលជាចំណុចសំខាន់ ក្នុងការយកចិត្តទុកដាក់និងចង់បានការចូលរួមពីភាគីពាក់ព័ន្ធ ពិសេសនោះ គឺសហគមន៍ផ្ទាល់ តែម្តង ។
ក្នុងឱកាសនោះដែរ ក្នុងនាមក្រសួងបរិស្ថាន អ្នកនាំពាក្យ បានប្រកាសគាំទ្រឲ្យគម្រោង INRM និងដៃគូអភិវឌ្ឍន៍ ធ្វើការពិនិត្យនិងចូលរួមបន្ថែមទៀត ដល់មូលនិធិ ដល់គម្រោងនេះ ព្រោះថា គម្រោងនេះ បាននិងកំពុងតែទទួលផលវិជ្ជមាន ចំពោះការអភិវឌ្ឍជីវភាពប្រជាពលរដ្ឋ នៅក្នុងសហគមន៍ការពារធម្មជាតិ ក៏ដូចជាការផ្ដល់ការការពារធនធានធម្មជាតិ ដើម្បីកូនចៅជំនាន់ក្រោយ ។
សូមជម្រាបថា ការអភិវឌ្ឍរបស់សហគមន៍ បានទទួលការគាំទ្រពីក្រសួងបរិស្ថាន ទាំងស្មារតី និងសម្ភារៈជាបន្តបន្ទាប់ ជាពិសេសក្នុងឆ្នាំ២០២៤ ពីគម្រោង “ការបញ្ជ្រាបការគ្រប់គ្រងធនធានធម្មជាតិ ទៅក្នុងតំបន់ទេសភាព នៃព្រៃធម្មជាតិ និងផលិតភាពធម្មជាតិ នៅតំបន់ភាគខាងជើង នៃប្រទេសកម្ពុជា (INRM Project)” ក្នុងនោះគម្រោង INRM ដែលបានផ្តល់មូលនិធិដល់អង្គការមូលនិធិព្រះពុទ្ធសាសនា និងអភិវឌ្ឍន៍សហគមន៍ ដើម្បីធ្វើការជាមួយសហគមន៍ ក្នុងការពង្រឹងសមត្ថភាព និងជំនាញក្នុងការពង្រឹងជីវភាពសហគមន៍ និងការថែរក្សាព្រៃឈើសហគមន៍ ឱ្យបានល្អសម្រាប់កូនចៅរបស់គាត់ ។
សហគមន៍តំបន់ការពារធម្មជាតិ ជាំធ្លក បានបង្កើតឡើងជាផ្លូវការ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១០ លើទំហំផ្ទៃដី ចំនួន៥.២០៤ហិកតា ស្ថិតក្នុងភូមិចំនួន៧ និងមានប្រជាជនរស់នៅរហូតដល់១,១១៣គ្រួសារ ។
ដោយមានការគាំទ្រពីក្រសួងបរិស្ថាន គម្រោង INRM និងការសម្របសម្រួលពីអង្គការសុខិតកាល ប្រតិភូក្រសួងបរិស្ថាន និងក្រុមអ្នកសារព័ត៌មាន បានចូលរួមធ្វើដំណើរទេស្សនកិច្ច ទៅកាន់សហគមន៍តំបន់ការពារធម្មជាតិមួយចំនួណ ស្ថិតនៅក្នុងខេត្តកំពង់ធំ ព្រះវិហារេ និងខេត្តសៀមរាប ៕




ចែករំលែកព័តមាននេះ