រាជធានីភ្នំពេញ ៖ មន្ត្រីនគរបាលជាតិម្នាក់ ដែលត្រូវបានគេស្គាល់ថា ជាអធិការរង នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា បានជួបគ្រោះអកុសលទាំងគ្រួសារ ដោយបានបើករថយន្ត១គ្រឿង ធ្លាក់ពីលើស្ពាន ចូលទៅក្នុងទឹកស្ទឹង បណ្ដាលឲ្យក្រឡាប់ស្លា.ប់កូនស្រីម្នាក់ ហើយរូបលោករងរបួសស្រាល ចំណែកប្រពន្ធ និងកូន២នាក់ទៀត រងរបួសធ្ងន់ និងស្រាល ។
ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ខាងលើ បានកើតឡើងកាលពីវេលាម៉ោង២៣និង៣០នាទីយប់ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ នៅតាមផ្លូវជាតិលេខ២ ត្រង់ចំណុចស្ពានឆ្លងស្ទឹងមួយកន្លែង ឈ្មោះស្ពានបាក់ ស្ថិតនៅក្នុងភូមិព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
នគរបាលខណ្ឌដង្កោ បានប្រាប់ឲ្យដឹងថា លោកអធិការរង នគរបាលខណ្ឌ៧មករា រូបនោះឈ្មោះ លី ឡាំ អាយុ៣៨ឆ្នាំ មានទីលំនៅភូមិកណ្តាល សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ រងរបួសស្រាល និងត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។ គាត់គឺជាអ្នកបើកបររថយន្តម៉ាក LEXUS RX-330 ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2AU- 8503 រួមដំណើរដោយសមាជិកគ្រួសារ៤នាក់ទៀត រួមមាន ៖
១-ឈ្មោះ ឈុន ហ្គួចទៀង ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរលក់ដូរ ត្រូវជាប្រពន្ធរងរបួសធ្ងន់ កំពុងសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ។
២-ឈ្មោះ លី ហ្គួចជូ ភេទស្រី អាយុ១៤ឆ្នាំ ជាសិស្ស ត្រូវជាកូនស្លា.ប់នៅនឹងកន្លែង
៣-ឈ្មោះ លី ជីងជីង ភេទស្រី អាយុ១៥ឆ្នាំ ជាសិស្ស ត្រូវជាកូនរងរបួសធ្ងន់ កំពុងសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា
៤-ឈ្មោះ លី សុប៉ុង ភេទប្រុស អាយុ១១ឆ្នាំ ជាសិស្ស ត្រូវជាកូនរងរបួសស្រាល កំពុងព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា ។
នគរបាលបានប្រាប់ឲ្យដឹងបន្ថែមទៀតថា មុនពេលកើតហេតុ លោកអធិការរងរូបនោះ បានបើករថយន្តខាងលើ ដឹកប្រពន្ធ និងកូនធ្វើដំណើរតាមផ្លូវជាតិលេខ២ ក្នុងទិសដៅ ពីកើតទៅលិច ក្នុងល្បឿនលឿន ប៉ុន្តែពុំដឹងថា ចេញពីកន្លែងណាទៅកាន់ទីណានោះទេ។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុខាងលើ ពុំដឹងថា មានឧបសគ្គអ្វីនៅខាងមុខនោះទេ ក៏ស្រាប់តែរេចង្កូតទៅខាងស្តាំ ធ្លាក់ពីលើស្ពានចូលទៅក្នុងទឹកស្ទឹង បណ្ដាលលោកអធិការរងរូបនោះ រងរបួសស្រាល កូនស្រីម្នាក់ស្លា.ប់ ហើយប្រពន្ធ និងកូនប្រុសស្រី២នាក់ទៀត រងរបួសធ្ងន់ និងស្រាល តែម្ដង ។
នគរបាលបានប្រាប់ឲ្យដឹងទៀតថា រថយន្តខាងលើបានរងការខូចខាតយ៉ាងដំណំ ហើយគ្រោះថ្នាក់នេះ បណ្ដាលមកពីការបើកបរក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ។
ក្រោយពេលកើតហេតុ កម្លាំងនគរបាលខណ្ឌដង្កោ បានចុះទៅអន្តរាគមន៍ នាំយករថយន្តទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ និងបានប្រគល់ស.ព ជូនក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណី ៕










ចែករំលែកព័តមាននេះ