ខេត្តឧត្តរមានជ័យ ៖ ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង កាលពីវេលាម៉ោង
ប្រមាណ១១ និង៣០នាទីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយគោយន្តកន្ត្រៃមួយគ្រឿងបានចេញដំណើរពីទិញអាហារនៅផ្សារថៃ ពេលបើកដល់ចំណុចលើភ្នំជប់គគី ចំណុចកែងយាយម៉ៅ ក៏ក្រឡាប់ធ្លាក់ផ្លូវ បណ្តាលឲ្យមនុស្សចំនួន៦ នាក់ ស្ត្រី៥ នាក់ និងប្រុសម្នាក់ ដែលសុទ្ធតែជាអ្នករស់នៅភូមិ រំដួលចាស់ ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ រងរបួសធ្ងន់ និងស្រាល ។

ជនរងគ្រោះទាំង៦ នាក់នោះរួមមាន ៖
១.ឈ្មោះ ឌិប ដេត ភេទប្រុស អាយុ៦១ ឆ្នាំ (ជាអ្នកបើកបរគោយន្តកន្ត្រៃ) ។
២.ឈ្មោះ សូន សំអៃ ភេទស្រី អាយុ៥៩ ឆ្នាំ
៣.ឈ្មោះ ហឹម គន្ធា ភេទស្រី អាយុ៣៤ ឆ្នាំ
៤.ឈ្មោះ ត្រា ស្រីរត្ថ ភេទស្រី អាយុ២៨ ឆ្នាំ
៥.ឈ្មោះ ណាង ស្រីលៀប ភេទស្រី អាយុ០៦ ឆ្នាំ
៦.ឈ្មោះ សុខ ភួន ភេទស្រី អាយុ៥៦ ឆ្នាំ ។
តាមប្រភពព័ត៌មានឲ្យដឹងថា ពេលកើតហេតុភ្លាមៗ គេបានពិនិ ត្យឃើញលោកអនុសេនីយ៍ឯក មាស ចាន់ដារ៉ា នាយប៉ុស្តិរដ្ឋបា លនគរបាលជប់គគី ស្រុកបន្ទាយអំពិល ដឹកនាំកម្លាំង៦ នាក់ ចុះទៅជួយសង្គ្រោះប្រជាពលរដ្ឋ ដោយបានបញ្ជូនជនរងគ្រោះទៅព្យាបាលនៅមណ្ឌលសុខភាពហាលៀមសែនជ័យ ផងដែរ ។
បើតាមអ្នកធ្វើដំណើរបានរៀបរាប់ឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាច រណ៍ខាងលើនេះ បង្ករឡើងដោយសារអ្នកបើកបរគោយន្តកន្រៃ គាត់បើកលឿនពេក បានជានៅពេលចុះពីលើភ្នំធ្វើឲ្យចាប់ហ្វ្រាំងមិនទាន់ ទើបក្រឡាប់ធ្លាក់ពីលើផ្លូវបណ្តាលឲ្យអ្នករួមដំណើររងរបួស ចំណែកគោយន្តកន្ត្រៃ រងការខួចខាតទាំងស្រុង ។

ជនរងគ្រោះសុទ្ធតែប្រជាពលរដ្ឋរស់នៅភូមិ.ឃុំជប់គគី ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ បានឆ្លងដែនទៅទិញម្ហូបអាហារជារៀងរាល់ថ្ងៃនៅផ្សារ សាយតាគូ ស្រុកបានគ្រួត ខេត្តបុរីរ៉ាំ ប្រទេសថៃ សម្រាប់ផ្គត់ផ្គង់ជីវភាព ដោយមធ្យោបាយធ្វើដំណើរតាមគោយន្តកន្ត្រៃ ព្រោះផ្លូវវែងឆ្ងាយនិងត្រូវឡើងភ្នំចុះភ្នំ ។
ប្រជាពលរដ្ឋបន្តថា ករណីគ្រោះចរាចរណ៍គោយន្តកន្ត្រៃក្រឡាប់នៅលើភ្នំជប់គគី ចំណុចកែងយាយម៉ៅ មិនមែនទើបតែមួយករណីនេះទេ គឺកើតឡើងច្រើនលើកមកហើយរហូតមានស្លាប់បាត់បង់អាយុជីវិតមនុស្សជាហូរហែរទៀតផង ព្រោះតែអ្នកបើកបរខ្វះការប្រុងប្រយ័ត្ន ៕
ចែករំលែកព័តមាននេះ