ខេត្តពោធិ៍សាត់ ៖ សព្វថ្ងៃនេះ ខេត្តពោធិ៍សាត់ កំពុងត្រួសត្រាយផ្លូវ ទៅកាន់រមណីយដ្ឋានអូរដា ស្ថិតក្នុងជួរភ្នំក្រវាញកណ្ដាល ស្ថិតក្នុងឃុំរកាត ស្រុកភ្នំក្រវាញ ដើម្បីសាងសង់ទំនប់ស្ទាក់ទឹកស្ទឹងពោធិ៍សាត់២ ដែលអាចស្តុបទឹកបានប្រមាណ៩០០លានម៉ែតគូប សម្រាប់វិស័យកសិកម្ម នៅរដូវប្រាំង របស់ប្រជាកសិករខេត្តពោធិ៍សាត់ ។
ថ្មីៗនេះ លោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានចុះពិនិត្យមើលការត្រួសត្រាយផ្លូវ ចាប់ពីចំណុចផ្លូវបំបែកទំនប់ទី៣ ចូលទៅទីតាំងគម្រោងសាងសង់ទំនប់ស្ទាក់ទឹកស្ទឹងពោធិ៍សាត់២ មុននឹងឈានដល់ការស្ថាបនាផ្លូវបេតុង ដែលមានប្រវែង១២គីឡូម៉ែត្រ ។
លោកសូមឲ្យក្រុមហ៊ុនសាងសង់ផ្លូវ រួមទាំងកងកម្លាំងប្រដាប់អាវុធ មន្ត្រីជំនាញបរិស្ថាន និងអាជ្ញាធរមូលដ្ឋាន ត្រូវចូលរួមបង្ការ ទប់ស្កាត់ នូវរាល់បទល្មើសធនធានធម្មជាតិ ដូចជាការរុករានកាប់ឆ្ការព្រៃខុសច្បាប់ ការដុតបំផ្លាញព្រៃឈើ ដែលបង្កឱ្យឆេះព្រៃមហន្តរាយជាដើម។ ដើម្បីអនុវត្តន៍កិច្ចការនេះ យើងត្រូវដាក់ប៉ុស្តិ៍ត្រួតពិនិត្យ នូវរាល់ការចេញចូលដោយគ្មានការអនុញ្ញាតិ ក្នុងគោលបំណងតែមួយគត់ គឺកុំឱ្យជនឆ្លៀតឱកាសចូលទៅកាប់ឆ្ការ រុករាន ទន្ទ្រានយកដីព្រៃ ធ្វើជាកម្មសិទ្ធ និងធ្វើសកម្មភាពផ្សេងៗ នៅក្នុងតំបន់ទំនប់ស្ទាក់ទឹកស្ទឹងពោធិ៍សាត់២នេះ ។
តាមការផ្ដល់ព័ត៌មានពីលោក កែវ វ័យ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានឱ្យដឹងថា គម្រោងសាងសង់ទំនប់ស្ទាក់ទឹក២នេះ គឺជាគម្រោងថ្នាក់ជាតិរបស់រាជរដ្ឋាភិបាល អាណត្តិទី៦ និងបន្តដោយរាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
ដំណាក់កាលដំបូង ក្រុមការងារបានចាប់ផ្តើមអនុវត្ត ត្រួសត្រាយផ្លូវចូល នៅដើមខែកុម្ភៈ ឆ្នាំ២០២៥នេះ ដោយគិតចាប់ពីចំណុចផ្លូវបំបែកទំនប់លេខ៣ រហូតដល់ទីតាំងគម្រោងទំនប់ស្ទាក់ទឹកស្ទឹងពោធិ៍សាត់២ ត្រង់ចំណុចទឹកធ្លាក់អូរដារ ស្ទឹងអារ៉ៃ ក្នុងតំបន់ជួរភ្នំក្រវាញកណ្ដាល ដែលមានប្រវែង១២គីឡូម៉ែត្រ ។
គម្រោងនេះ នឹងបន្តចាក់បំពេញ នូវកម្រិតកម្ពស់ផ្លូវចូល ហើយនឹងត្រូវរៀបចំដាក់ប្រព័ន្ធលូ និងស្ពាន ដើម្បីរំដោះទឹកពីម្ខាងទៅម្ខាង កុំឱ្យជន់លិចដាច់ផ្លូវ មុននឹងឈានដល់ការស្ថាបនាផ្លូវបេតុង ។
ពេលសាងសង់រួច ទំនប់ស្ទាក់ទឹកស្ទឹងពោធិ៍សាត់២នេះ អាចស្តុកទឹកបានប្រមាណ៩០០លានម៉ែត្រគូប គុណប្រយោជន៍ ទី១.បញ្ចៀសទឹកជំនន់មិងឲ្យលិចក្រុង ទី២.មិនខ្វះទឹកស្រោចស្រពស្រូវប្រាំង និងទី៣.ជាតំបន់ទេសចរណ៍ដ៍ប្រណិត គឺរមណីយដ្ឋានធម្មជាតិទឹកធ្លាក់អូរដា ដែលបានរកឃើញមុនគេតាំងពីឆ្នាំ១៩៩៩មកម្ល៉េះ។ ក្រោយមកភ្ញៀវទេសចរណ៍ មិនអាចទៅលេងកំសាន្តបាន ដោយសារទឹកជំនន់វាយផ្ដាច់ស្ពាន និងផ្លូវគ្រប់ទីកន្លែង ប៉ុន្តែឥឡូវនេះ រថយន្ដតូចធំអាចធ្វើដំណើរជាធម្មតាវិញហើយ បងប្អូនអាចអញ្ជើញទៅលេងបាន ៕







ចែករំលែកព័តមាននេះ